អន្តរជាតិ
កូរ៉េខាងត្បូងនិងជប៉ុន បញ្ចេញយន្តហោះរៀងខ្លួនទៅដេញយន្តហោះចិន និងរុស្ស៊ីដែលបំពានដែនការពារអាកាស
30, Nov 2022 , 6:19 pm        
រូបភាព
យន្តហោះចម្បាំងចិនក្នុងសមយុទ្ធកន្លងមក។ រូបថត Xinhua
យន្តហោះចម្បាំងចិនក្នុងសមយុទ្ធកន្លងមក។ រូបថត Xinhua
ដោយ:
យោធាកូរ៉េខាងត្បូង បានបញ្ជូនយន្តហោះយោធាទៅប្រដេញយន្តហោះចម្បាំងចិនពីរគ្រឿង និងរុស្ស៊ីប្រាំមួយគ្រឿងដែលបានហោះចូលតំបន់ការពារអាកាសរបស់កូរ៉េខាងត្បូងនៅថ្ងៃទី៣០ ខែវិច្ឆិកា។ នៅជប៉ុនវិញ បើតាមក្រសួងការពារជាតិជប៉ុន ទ័ពអាកាសជប៉ុន ក៏បានពង្រាយយន្តហោះប្រដេញ បន្ទាប់យន្តហោះទម្លាក់គ្រាប់បែកចិនដែលហោះពីលើសមុទ្រជប៉ុន។
 
តាមអគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង យន្តហោះទម្លាក់គ្រាប់បែក H-6 របស់ចិនពីរគ្រឿងនៅព្រឹកថ្ងៃទី៥ និង ៤៨នាទីព្រឹកបានចូលតំបន់ការពារដែនអាកាសកូរ៉េខាងត្បូងប្រហែល១២៦គីឡូម៉ែត្រពីភាគពាយព្យនៃប្រជុំកោះ Ieo ហើយចេញវិញនៅម៉ោង៦និង១៣នាទីព្រឹក(ម៉ោងនៅកូរ៉េ)។
 
នៅម៉ោង៦និង៤៤នាទី យន្តហោះចិនពីរគ្រឿងក៏បានចូលតំបន់ការពារដែនអាកាសកូរ៉េខាងត្បូងម្តងទៀតពីភាគឦសាននៃទីក្រុងកំពង់ផែ Pohang ហើយចេញពីតំបន់នេះនៅម៉ោង៧និង៧នាទីព្រឹក។ 
 
ក្រោយមកនៅម៉ោង១២ និង១៨នាទីរសៀល យន្តហោះរុស្ស៊ីប្រាំមួយគ្រឿងដែលមានយន្តហោះទម្លាក់គ្រាប់បែក TU-95 បួនគ្រឿង និងយន្តហោះចម្បាំង SU-35 ពីរគ្រឿង រួមជាមួយយន្តហោះទម្លាក់គ្រាប់បែកចិន H-6 ពីរគ្រឿងបានហោះចូលតំបន់ការពារដែនអាកាសកូរ៉េខាងត្បូងពីភាគឦសាននៃកោះ Ulleung ២០០ គីឡូម៉ែត្រ ហើយហោះចេញពីតំបន់នោះវិញនៅម៉ោង១២និង៣៦នាទីរសៀល។
 
«យោធារបស់យើងបានបញ្ជូនយន្តហោះចម្បាំងរបស់កងទ័ពអាកាសមុនយន្តហោះចិន និងរុស្ស៊ីហោះចូលតំបន់ការពារដែនអាកាសកូរ៉េខាងត្បូងដើម្បីអនុវត្តវិធានការយុទ្ធសាស្រ្តត្រៀមខ្លួនសម្រាប់ឧប្បត្តិហេតុដែលអាចកើតមានឡើង»។ សេចក្តីថ្លែងការណ៍របស់អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូងលើកឡើងបែបនេះដោយបញ្ជាក់ថា យន្តហោះទាំងនោះមិនបានបំពានដែនអាកាសរបស់កូរ៉េខាងត្បូងទេ។
 
វត្តមានយន្តហោះចិន និងរុស្ស៊ីព្រមគ្នានេះ ទំនងជាធ្វើលំហាត់ដែនអាកាសរួមគ្នាដូចដែលធ្លាប់បានអះអាងកន្លងមក។ ក្រុងមូស្គូមិនទទួលស្គាល់តំបន់ការពារដែនអាកាសរបស់កូរ៉េខាងត្បូងទេ។ រីឯ ក្រុងប៉េកាំងថា តំបន់ការពារដែនអាកាសនេះមិនមែនជាដែនអាកាសរបស់ប្រទេសណាមួយ ហើយប្រទេសទាំងអស់គួរតែមានសេរីភាពហោះហើរលើតំបន់នោះ។
 
តំបន់ការពារដែនអាកាសគឺជាតំបន់មួយដែលប្រទេសទាមទារឱ្យយន្តហោះបរទេសឆ្លងកាត់ត្រូវផ្តល់អត្តសញ្ញាណរបស់ពួកគេ ប៉ុន្តែមិនមានច្បាប់អន្តរជាតិណាចាត់ចែងលើតំបន់នេះទេ។
 
ក្រោយយន្តហោះទាំងនេះចេញពីតំបន់ការពារដែនអាកាសកូរ៉េខាងត្បូង ហើយហោះពីសមុទ្រចិនខាងកើតចូលសមុទ្រជប៉ុន កងកម្លាំងស្វ័យការពារដែនអាកាសជប៉ុនក៏បានពង្រាយយន្តហោះចម្បាំងដើម្បីប្រដេញផងដែរ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិក្រុងតូក្យូ៕
 
 
 
 
 
 
 
 
 
 

Tag:
 កូរ៉េខាងត្បូង
  ជប៉ុន
  ចិន
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com