សេដ្ឋកិច្ច
អន្តរជាតិ
ទីផ្សារបន្ទះឈីបពិភពលោកអាចនឹងធ្លាក់ចុះខ្លាំងនៅឆ្នាំ ២០២៣
03, Dec 2022 , 12:20 pm        
រូបភាព
រូបភាពពី AFP ។
រូបភាពពី AFP ។
បណ្តាក្រុមហ៊ុនបច្ចេកវិទ្យាធំៗ បានកាត់បន្ថយការផលិតបន្ទះឈីប ដោយសារតម្រូវការពិភពលោកមានការថមថយ។ ការធ្លាក់ចុះនៃទីផ្សារបន្ទះឈីបនេះ ជាសញ្ញាណនៃការលំបាកកាន់តែខ្លាំងសម្រាប់សេដ្ឋកិច្ចពិភពលោកនៅឆ្នាំ២០២៣។


អង្គការស្ថិតិអាជីវកម្មសឺមីកុងឌុចទ័រពិភពលោក (WSTS) បានព្យាករថា ទីផ្សារសមាសធាតុសឺមីកុងឌុចទ័រសកលនឹងធ្លាក់ចុះ៤ភាគរយ ដែលគិតជាតម្លៃប្រមាណ ៥៥៧ពាន់លានដុល្លារក្នុងឆ្នាំ ២០២៣។ នេះគឺ ជាការធ្លាក់ចុះលើកដំបូងរបស់ទីផ្សារចាប់តាំងពីឆ្នាំ ២០១៩ ហើយសញ្ញាណនៃការធ្លាក់ចុះនេះ នឹងបង្កការលំបាកកាន់តែខ្លាំងសម្រាប់សេដ្ឋកិច្ចពិភពលោកនៅឆ្នាំក្រោយ។
 
ទីផ្សារបន្ទះឈីបអង្គចងចាំដែលមានច្រើនជាង២០ភាគរយនៃទីផ្សារសឺមីកុងឌុចទ័រ ក៏ត្រូវបានព្យាករថានឹងធ្លាក់ចុះ ១៧ភាគរយផងដែរនៅឆ្នាំ ២០២៣។ បើទោះបីជាបណ្តាក្រុមហ៊ុនផលិតបន្ទះឈីបបានបង្កើនទិន្នផលរបស់ខ្លួនក្នុងការឆ្លើយតបទៅនឹងវិបត្តិផ្គត់ផ្គង់ ក៏តម្រូវការប្រើប្រាស់សម្រាប់ទូរស័ព្ទឆ្លាតវៃ និងកុំព្យូទ័របាននឹងកំពុងធ្លាក់ចុះ។ សម្ពាធលើទីផ្សារនេះ បានបង្កជាបញ្ហាដល់​​ក្រុមហ៊ុនបច្ចេកវិទ្យាយក្សដូចជា Microsoft និង Amazon ដោយកាត់បន្ថយការវិនិយោគនៅក្នុងមជ្ឈមណ្ឌលទិន្នន័យ ស្របពេលមានសញ្ញានៃការធ្លាក់ចុះប្រាក់ចំណេញ។
 
Server គឺជាឧបករណ៍មួយក្នុងចំណោមឧបករណ៍ដែលប្រើប្រាស់បន្ទះឈីបអង្គចងចាំច្រើនបំផុត។ យោងតាមរបាយការណ៍របស់ក្រុមហ៊ុនស្រាវជ្រាវ TrendForce កំណើននៃការលក់ Server សកល ត្រូវបានព្យាករថានឹងថយចុះមកត្រឹម ២,៨ភាគរយក្នុងឆ្នាំ ២០២៣ ពីកំណើន ៥,១ភាគរយនៅឆ្នាំនេះ។ ទោះបីជាយ៉ាងណា តម្រូវការសម្រាប់សឺមីកុងឌុចទ័រក្នុងការផលិតឧស្សាហកម្ម និងរថយន្តនៅតែមានកម្រិតខ្ពស់។
 
WSTS ព្យាករថាទីផ្សារសឺមីកុងឌុចទ័រនៅប្រទេសជប៉ុន អាម៉េរិក និងអឺរ៉ុប នៅតែជាប់កំណត់ត្រាកំណើនក្នុងឆ្នាំ ២០២៣។ ប៉ុន្តែតំបន់អាស៊ីប៉ាស៊ីហ្វិកដែលនៅសេសសល់ដូចជាប្រទេសចិន ដែលជាទីផ្សារសឺមីកុងឌុចទ័រដ៏ធំបំផុតនៅលើពិភពលោកនឹងឃើញពីការធ្លាក់ចុះ។ តំបន់នេះមានច្រើនជាង ៣០ភាគរយនៃទីផ្សារសឺមីកុងឌុចទ័រពិភពលោក។
 
អ្នកវិភាគបានមើលឃើញថា ឥទ្ធិពលរបស់ចិនបានធ្វើឱ្យទីផ្សារសឺមីកុងឌុចទ័រសកលអាចធ្លាក់ចុះខ្លាំងជាងការព្យាកររបស់ WSTS ។ ការដែលរដ្ឋាភិបាលនៃប្រទេសនេះនៅតែព្យាយាមគ្រប់គ្រងការរាតត្បាត ជាមួយនឹងវិធានការទប់ស្កាត់យ៉ាងតឹងរ៉ឹង បានកំពុងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការផលិតរោងចក្រផលិតគ្រឿងអេឡិចត្រូនិក។ ទន្ទឹមនឹងនោះសហរដ្ឋអាម៉េរិកកំពុងបន្តរឹតបន្តឹងការគ្រប់គ្រងលើការនាំចេញបច្ចេកវិទ្យាបន្ទះឈីបទៅកាន់ប្រទេសចិន៕
 

Tag:
 បន្ទះឈីប សឺមីកុងឌុចទ័រ ចិន
© រក្សាសិទ្ធិដោយ thmeythmey.com