វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា
អន្តរជាតិ
ទូរសព្ទមានហ្គេម «Flappy Bird» ត្រូវបានដាក់លក់ពី៣០០ទៅ៩ម៉ឺនដុល្លារនៅលើ eBay 11, Feb 2014 , 1:07 pm
× កាលពីថ្ងៃអាទិត្យ ទី៩ ខែកុម្ភៈ លោក Dong Nguyen បានសម្រេចដកហ្គេម «Flappy Bird» ដ៏ពេញនិយមចេញពី app stores ដោយអ្នកបង្កើតហ្គេមជនជាតិវៀតណាមរូបនេះ យល់ឃើញថា វាបានបំផ្លាញជីវភាពសាមញ្ញរបស់ខ្លួន។ ស្របពេលជាមួយគ្នានេះ គេហទំព័រ eBay បានបង្ហាញពីតម្លៃទូរសព្ទស្មាតហ្វូនដែលនៅសល់ហ្គេម «Flappy Bird» ដោយមានតម្លៃពីពី៣០០ ទៅប្រមាណ៩ម៉ឺនដុល្លារអាមេរិក។
របាយការណ៍មួយចំនួនបានបង្ហាញថា ហ្គេម «Flappy Bird» ដែលបង្កើតឡើងដោយលោក Dong Nguyen កាលពីខែឧសភាឆ្នាំ២០១៣មក មានការដោនឡូតជាង៥០លានដង តាមរយៈ Google Paly Store, Apple App Store និង Android apps។ ខណៈអ្នកដែលវក់វីនឹងហ្គេមនេះ មានការសោកស្តាយចំពោះការដកចេញពី App Store មនុស្សមួយចំនួនបានសម្រេចចិត្តដាក់លក់ទូរសព្ទរបស់ខ្លួន (ជាពិសេស iPhone 5S) ដែលបានដោនឡូតហ្គេមនេះកន្លងមកនៅលើគេហទំព័រ eBay។
ទូរសព្ទ iPhone 5 ពណ៌សមួយត្រូវបានម្ចាស់គណនីម្នាក់ឈ្មោះ «kristenater91» ដាក់ដេញថ្លៃចាប់ពី៧៥០ដុល្លារកាលពីថ្ងៃអាទិត្យ ដែលមកពេលនេះ វាឡើងរហូតដល់ទៅ៩ម៉ឺនដុល្លារ ក្រោយការចេញថ្លៃចំនួន៦២លើក ពីអ្នកចេញថ្លៃ១៨នាក់ផ្សេងគ្នា។ ទោះបីជាយ៉ាងណាក៏ដោយ គេមិនទាន់ដឹងច្បាស់ថា អ្នកដេញថ្លៃមានភាពប្រាកដប្រជានឹងទិញយកទូរសព្ទនោះឡើយ។
កាលពីថ្ងៃទី៩ ខែកុម្ភៈ លោក Dong Nguyen អ្នកបង្កើតហ្គេម «Flappy Bird» បានសរសេរនៅលើគណនី Twitter របស់ខ្លួនថា៖ «ខ្ញុំសូមអភ័យទោសពីសំណាក់អ្នកលេង Flappy Bird ទាំងឡាយ ២២ម៉ោងចាប់ពីពេលនេះទៅ ខ្ញុំនឹងដក Flappy Bird ចេញ។ ខ្ញុំមិនអាចបន្តរបៀបនេះបានទៀតឡើយ»។
សេចក្តីរាយការណ៍នានាបានបង្ហាញថា លោក Dong Nguyen បានទទួលចំណូលប្រមាណ៥ម៉ឺនដុល្លារជារៀងរាល់ថ្ងៃពីហ្គេម «បក្សីឆ្លងឧបសគ្គ» ដ៏ស្មុគ្រស្មាញ នេះ ពីការផ្សាយពាណិជ្ជកម្ម ប៉ុន្តែអ្នកអភិវឌ្ឍន៍ហ្គេមដែលមានមូលដ្ឋាននៅទីក្រុងហាណូយ សុខចិត្តបោះបង់ប្រាក់មហាសាល ដើម្បីយកភាពសុខស្ងប់ផ្ទាល់ខ្លួន៕
© រក្សាសិទ្ធិដោយ thmeythmey.com