អន្តរជាតិ
ពីទឹកដីកាស្មៀរ ប្រមុខយោធាប៉ាគីស្ថានថ្មីសង្កត់ធ្ងន់ពីការការពារទឹកដី 04, Dec 2022 , 8:59 pm

ឧត្តមសេនីយ៍ Asim Munir ចុះត្រួតពិនិត្យតំបន់កាស្មៀរ។ រូបថតពីប្រព័ន្ធផ្សព្វផ្សាយកងទ័ពប៉ាគីស្ថាន
×![]()
អំឡុងដំណើរការចុះត្រួតពិនិត្យតំបន់បែងចែកទឹកដីជម្លោះកាស្មៀររវាងប៉ាគីស្ថាន និងឥណ្ឌានៅថ្ងៃទី៣ ខែធ្នូ ប្រមុខយោធាប៉ាគីស្ថានថ្មីឧត្តមសេនីយ៍ Asim Munir លើកឡើងថា យោធាប៉ាគីស្ថានបានត្រៀមខ្លួនរួចជាសម្រេចក្នុងការការពារគ្រប់សង់ទីម៉ែត្រទាំងអស់នៃទឹកដីមាតុភូមិក្នុងករណីមានការវាយប្រហារណាមួយ។
ការចុះត្រួតពិនិត្យតំបន់ជម្លោះកើតឡើងតិចជាងមួយសប្ដាហ៍តាំងពីឧត្តមសេនីយ៍ Asim Munir ឡើងកាន់តំណែងជាប្រមុខដឹកនាំយោធារបស់ប្រទេសអាស៊ីខាងត្បូងមួយនេះ។
«ខ្ញុំសូមបញ្ជាក់ឱ្យបានច្បាស់ថា កងកម្លាំងប៉ាគីស្ថានគឺត្រៀមខ្លួនរួចរាល់ហើយ មិនត្រឹមតែការ ពារទឹកដីមាតុភូមិនោះឡើយ ក៏ប៉ុន្តែក៏ត្រៀមខ្លួនរួចរាល់សម្រាប់ការវាយតបទៅវិញទៅកាន់សត្រូវប្រសិនជាមានសង្គ្រាម»។ ឧត្តមសេនីយ៍ Asim សង្កត់ធ្ងន់បែបនេះក្នុងសេចក្ដីថ្លែងការណ៍មួយរបស់យោធា។ លោក Asim ព្រមានទៅកាន់ឥណ្ឌាចំៗថា ឥណ្ឌាមិនអាចសម្រេចបានការចង់បានមិនសមរម្យ។
មហាអំណាចនុយក្លេអ៊ែរអាស៊ីខាងត្បូងទាំងពីរ សុទ្ធតែបានទាមទារទាំងស្រុងទឹកដីកាស្មៀរ ហើយបានប្រយុទ្ធគ្នាពីរលើកដើម្បីគ្រប់គ្រងតំបន់នោះ។ ចាប់តាំងពីដើមឆ្នាំ ២០២១ មកតំបន់ខណ្ឌចែកជាក់ស្ដែង (LoC) ភាគច្រើនមានស្ងប់ស្ងាត់ បន្ទាប់ពីមានការបន្តកិច្ចព្រមព្រៀងឈប់បាញ់រវាង ឥណ្ឌា និងប៉ាគីស្ថាន។
នៅប៉ាគីស្ថាន ស្ថាប័នកងទ័ពរក្សាឥទ្ធិពលខ្លាំងលើបញ្ហាសន្តិសុខ និងកិច្ចការបរទេស។ មេទ័ពប៉ាគីស្ថាន ក៏ដើរតួយ៉ាងសំខាន់ក្នុងការគ្រប់គ្រងហានិភ័យនៃជម្លោះជាមួយឥណ្ឌានៅតាមព្រំដែនភាគខាងកើតរបស់ខ្លួន ខណៈដែលកំពុងដោះស្រាយបញ្ហាដែលអាចកើតមានជាមួយអាហ្វហ្កានីស្ថាននៅព្រំដែនខាងលិចរបស់ខ្លួន៕
© រក្សាសិទ្ធិដោយ thmeythmey.com