អន្តរជាតិ
ប្រជាជនឥណ្ឌូណេស៊ី២ពាន់នាក់ត្រូវជម្លៀស ក្រោយភ្នំភ្លើង Semeru កម្រើកជាថ្មី
05, Dec 2022 , 3:09 pm        
រូបភាព
ភ្នំភ្លើងខ្ពស់បំផុតរបស់ឥណ្ឌូណេស៊ី Semeru បានផ្ទុះនៅថ្ងៃទី៤ ខែធ្នូ ដែលបញ្ចេញផេះដ៏ក្រាស់ទៅលើមេឃ។ ប្រជាជនជិត២ពាន់នាក់រស់នៅលើកោះជ្វាដែលរស់នៅក្បែរភ្នំភ្លើង ត្រូវជម្លៀសទៅទីសុវត្ថិភាព ខណៈវាជាទីតាំងបន្ទុះភ្នំភ្លើងនិង រងការព្រមានខ្ពស់បំផុត។ 


ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៊ី (BNPB) អះអាងថាភ្នំភ្លើង Semeru ដែលមានកម្ពស់៣៦៧៦ម៉ែត្រ និងស្ថិតនៅលើកោះជ្វា បានផ្ទុះនៅម៉ោង២និង៤៦នាទីយប់ ថ្ងៃទី៤ ខែធ្នូ ហើយបង្កការគំរាមកំហែងកម្រិតខ្ពស់ដោយសារភ្នំភ្លើងបានព្រួសផេះយ៉ាងច្រើនទៅលើអាកាសកម្ពស់១៥គីឡូម៉េត្រឯណោះ។ 
 
អាជ្ញាធរឥណ្ឌូណេស៊ីបានជម្លៀសប្រជាជនដែលរស់នៅតំបន់នោះជិត២ពាន់នាក់ ទៅទីសុវត្ថិភាពចំនួន១១កន្លែងផ្សេងគ្នា និងចែកម៉ាស់ដល់ដើម្បីពាក់ទប់ការស្រូបយកផេះនៃបន្ទុះភ្នំភ្លើង។ បើតាមទីភ្នាក់ងារព័ត៌មាន Reuters អាជ្ញាធរកំពុងខិតខំប្រឹងប្រែងជួយសង្គ្រោះ និងបន្តការជម្លៀស។ មកទល់ពេលនេះ របាយការណ៍អំពីអ្នកស្លាប់ និងរបួសក្នុងហេតុការណ៍ផ្ទុះភ្នំភ្លើង Semeru មិនទាន់មាននៅឡើយ។ 
 
«ផ្លូវភាគច្រើនត្រូវបិទតាំងពីព្រឹកនេះម្លេះ ហើយឥឡូវនេះវាមានផេះភ្នំភ្លើងហុយពាសពេញតំបន់ភ្នំនោះ»។ អ្នកស្ម័គ្រចិត្តក្នុងសហគមន៍ឈ្មោះ Bayu Deny Alfianto ប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters បែបនេះតាមទូរស័ព្ទដោយស្ថិតនៅក្បែភ្នំភ្លើងតែម្ដង។ 
 
មជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយភ្នំភ្លើង និងភូគព្ភសាស្ត្រឥណ្ឌូណេស៊ី (PVMBG) បានកត់សម្គាល់ថា សកម្មភាពផ្ទុះភ្នំភ្លើងនេះកើនដល់កម្រិតគ្រោះថ្នាក់ខ្ពស់បំផុត ហើយកម្រិតកម្អែលភ្នំភ្លើងអាចមានច្រើនជាងបន្ទុះភ្នំភ្លើងកាលពីឆ្នាំ២០២១ និង២០២០។ នេះមានន័យថាអាចបង្កការបំផ្លាញក្នុងទំហំធំជាងមុន។ PVMBG បានព្រមានអ្នកស្រុកឱ្យនៅឱ្យឆ្ងាយពីភ្នំភ្លើងយ៉ាងហោចណាស់៨គីឡូម៉ែត្រថែមទៀត។
 
យ៉ាងណាមិញ ទាក់ទិនការធ្វើដំណើរតាមផ្លូវអាកាស ក្រសួងដឹកជញ្ជូនរបស់ឥណ្ឌូណេស៊ីបញ្ជាក់ថា វាមិនមានផលប៉ះពាល់អ្វីឡើយ ប៉ុន្តែរដ្ឋាភិបាលបានជូនដំណឹងទៅតំបន់ចំនួនពីរដែលប្រឈមជាងគេឱ្យប្រុងប្រយ័ត្ន។ បើតាមទូរទស្សន៍ NHK របស់ជប៉ុន ភ្នាក់ងារឧតុនិយមទីក្រុងតូក្យូនៅថ្ងៃទី៤ ខែធ្នូ បានបញ្ជាក់ថា បន្ទុះភ្នំភ្លើង Semeru មិនបង្កឱ្យមានរលកយក្សស៊ូណាមិទេ។ 
 
គួរបញ្ជាក់ថា ភ្នំភ្លើង Semeru បានផ្ទុះជាច្រើនដងក្នុងរយៈពេល២០០ឆ្នាំចុងក្រោយ។ ការផ្ទុះដ៏ធំចុងក្រោយ កើតក្នុងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១ បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៥០នាក់បានស្លាប់ និងជាច្រើនរយនាក់បានរងរបួសដោយការរលាកធ្ងន់ធ្ងរ រួមទាំងអ្នកភូមិជាង១ម៉ឺននាក់ត្រូវជម្លៀស។ ឥណ្ឌូណេស៊ី ស្ថិតនៅលើតំបន់វង់ភ្លើងប៉ាស៊ីហ្វិក ដែលមានភ្នំភ្លើងជាង១៤០ក្នុងប្រទេស។ លើសពីនេះ ប្រទេសនេះក៏ប្រឈមហានិភ័យគ្រោះរញ្ជួយដីខ្លាំងដែរ ដែលទើបកើតឡើងលើកោះជ្វាកាលពីចុងខែវិច្ឆិកាក្នុងកម្រិត ៥,៦រ៉ិចទ័រ មានអ្នកស្លាប់ជាង ១៦០នាក់៕ 
 

Tag:
 ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com