ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
រោគ​សញ្ញា​ជំងឺ​បេះដូង​ ១២​ចំនុច​ដែល​អ្នក​មិន​ត្រូវ​មើល​រំលង​
05, Dec 2022 , 10:59 pm        
រូបភាព
នេះ​គឺជា​រោគ​សញ្ញា​ចំនួន ១២ ដែល​ប្រហែលជា​បង្ហាញ​ថា​អ្នកមាន​បញ្ហា​បេះដូង ។


១, ថប់​អារម្មណ៍
ការ​គាំងបេះដូង​អាច​ធ្វើ​អោយ​អ្នក​ថប់​អារម្មណ៍​កាន់តែ​ខ្លាំង ឬ​ខ្លាច​ការ​ស្លាប់​។ អ្នក​ដែល​មានជីវិត​ពី​ជំងឺ​គាំងបេះដូង​ច្រើន​តែ​និយាយ​អំពី​វិញ្ញាណ​មួយ​ដែល​អោយ​ពួក​គេ​ដឹង “​សេចក្តីស្លាប់​បំរុង​នឹង​កើត​មាន​ហើយ​”​។
 
២, មិន​ស្រួល​ក្នុង​ដើមទ្រូង
វេជ្ជបណ្ឌិត ជេន ស៊ី ម៉ា​ខ​ស្វី​ន​ណេ (C. McSweeney)​នាយករង​ខាង​ការ​ស្រាវជ្រាវ​នៅ​ឯ​សាកលវិទ្យាល័យ​អា​ខេន​សាស (Arkansas) និយាយ​ថា ការ​ឈឺ​នៅ​ក្នុង​ដើមទ្រូង​គឺជា​សញ្ញា​មួយ​នៃ​ជំងឺ​គាំងបេះដូង ហើយ “​វា​ក៏​ជា​រោគ​សញ្ញា​លេខ​មួយ​ដែរ ដែល​យើង​តែងតែ​ជួប​ប្រទះ​”​។ ប៉ុន្តែ​មិនមែន​អោយ​តែ​ជំងឺ​បេះដូង​ទាំងអស់​សុទ្ធតែ​ធ្វើ​អោយ​ឈឺ​ដើមទ្រូង​ទាំងអស់​គ្នា​នោះ​ទេ ហើយ​ការ​ឈឺទ្រូង​នេះ​អាច​បណ្តាល​មក​ពី​ដើមហេតុ​នៃ​ជំងឺ​ណាមួយ​ដែរ ដែល​វា​គ្មាន​អ្វី​ទាក់ទង​សោះ​ជាមួយ​បេះដូង​។
 
ការ​ឈឺទ្រូង​ដែល​ទាក់ទង​នឹង​បញ្ហា​បេះដូង​គឺ​ច្រើន​តែ​កើតឡើង​នៅ​ចំ​កណ្តាល និង​ខាង​ឆ្អឹងជំនី​របស់​សុដន់ ហើយ​ប្រហែលជា​នៅ​ខាងឆ្វេង​បន្តិច​។ ការ​ឈឺចាប់​អាច​មាន​សភាព​ដូច​ជា​មាន​ដំរី​មួយ​ក្បាល​កំពុង​អង្គុយ​លើ​ដើមទ្រូង​របស់​អ្នក​អ​ញ្ចឹ​ង ប៉ុន្តែ​វា​ក៏​អាច​ធ្វើ​អោយ​អ្នកមាន​អារម្មណ៍​ថា​មាន​អ្វីមួយ​រឹត ឬ​ណែន​ក្នុង​ទ្រូង ដែល​ធ្វើ​អោយ​អ្នកមាន​អារម្មណ៍មិនល្អ​។ អ្នកស្រី​ម៉ា​ខ​ស្វី​ន​ណេ​និយាយ​ថា “​វា​គឺជា​រឿង​ធម្មតា​ទេ​សម្រាប់​ស្ត្រី​ក្នុង​ការ​ពិពណ៌នា​អំពី​ការ​ឈឺចាប់​នោះ​ថា​គ្រាន់តែ​ការ​ឈឺ​។ ស្ត្រី​មួយ​ចំនួន​អាច​និយាយ​ថា ការ​ឈឺចាប់​ក៏​អាច​ធូ​ស្រាល​ដោយ​គ្រាន់តែ​ប្រើ​ថ្នាំ​ទី​ឡា​ណុ​ល (Tylenol) ។
 
ស្ត្រី​ច្រើន​ជាង​បុរស​ក្នុង​ការ​ជួប​ប្រទះ​ការ​ក្រហាយ​ក្នុង​ដើមទ្រូង​ដែរ​ជា​ជាង​ការ​ទទួល​អារម្មណ៍​មាន​អ្វី​មក​សង្កត់​ទ្រូង​ឬ​ឈឺចាប់​ក្នុង​ទ្រូង​ទៅ​ទៀត​។ វេជ្ជបណ្ឌិត ណេ​កា ហ្គោ​ល​បឺ​ក (Nieca Goldberg, MD) សាស្ត្រាចារ្យ​ខាង​ផ្នែក​រោគ​សញ្ញា​វេជ្ជសាស្ត្រ​នៅ​ឯ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ ក្នុង​ទីក្រុង​ញូ​វ​យ៉​ក និង​ជា​អ្នកឯកទេស​ខាង​រោគ​សញ្ញា​ជំងឺ​បេះដូង​ស្ត្រី និយាយ​ថា “​ពេល​ខ្លះ​ប្រជាជន​មានការ​ភាន់ច្រឡំ​ថា ការ​ឈឺចាប់​នេះ​កើតមក​ពី​បញ្ហា​របស់​ក្រពះ​ទៅ​វិញ​”​។
 
៣, ក្អក
ការ​ក្អក ឬ​ដកដង្ហើម​លឺ​សូរដូច​ហួច​ជាប់​រហូត​អាច​ជា​សញ្ញា​មួយ​នៃ​ជំងឺខ្សោយបេះដូង ដោយសារ​តែ​មានទឹក​ចាល់​ច្រើន​នៅ​ក្នុង​សួត​។ ករណី​ខ្លះ អ្នក​ដែល​មាន​ជំងឺខ្សោយបេះដូង​អាច​ក្អកមាន​ស្លេស និង​ឈាម​មក​ជាមួយ​គ្នា​។
 
៤, វិលមុខ
ជំងឺ​គាំងបេះដូង​អាច​ធ្វើ​អោយ​អ្នក​វិលមុខ​តិច​ៗ និង​បាត់បង់​ស្មារតី​។ ដូច្នេះ​វា​អាច​ធ្វើ​អោយ​មាន​ភាព​មិនធម្មតា​នៃ​ចង្វាក់បេះដូង​ដែល​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ទៀត​ផង​។
 
៥, អស់កម្លាំង
ជា​ពិសេស​ក្នុង​ចំនោម​នុស្ស​ស្រី ការ​អស់កម្លាំង​ខុស​ពី​ធម្មតា​អាច​កើតឡើង​ក្នុង​ពេល​គាំងបេះដូង ព្រមទាំង​កើត​ឡើងជា​ច្រើន​ថ្ងៃ​រហូត​ដល់​ច្រើន​ស​ប្តា​ហ៍​។ ការ​មាន​អារម្មណ៍​ថា​អស់កម្លាំង​គ្រប់ពេល​ដូច្នេះ​ប្រហែលជា​សញ្ញា​នៃ​ជំងឺខ្សោយបេះដូង​។
ជា​ការ​ពិត​ណាស់ អ្នក​ក៏​អាច​មាន​អារម្មណ៍​ថា​អស់កម្លាំង​ដោយសារ​ហេតុ​ផ្សេង​ៗ​ទៀត​ដែរ​។ អ្នក​អាច​ប្រាប់​បាន​ទេ​ថា​តើ​ការ​អស់កម្លាំង​ដោយសារ​ជំងឺ​បេះដូង ខុស​គ្នា​នឹង​ការ​អស់កម្លាំង​ផ្សេង​ៗ​ទៀត​ដូច​ម្តេចទៅ?
 
អ្នកស្រី​ហ្គោ​ល​បឺ​ក​និយាយ​ថា “​ប្រសិនបើ​អ្នក​មិន​មាន​អារម្មណ៍ល្អ​ទេ ហើយ​អោយ​តែ​មាន​ខ្យល់​អាច​ដូច​ជា​ធ្វើ​អោយ​អ្នក​រលំ​បាន មិន​ត្រូវ​ព្យាយាម​រក​ដំណោះស្រាយ ឬ​មូលហេតុ​តាម​អ៊ី​ន​ធើ​ណែ​ត ឬ​ក្នុង​សៀវភៅ​ទេ​។ ការ​ដែល​ចំនាយ​ពេលវេលា​ឥតប្រយោជន៍​គឺជា​ប្រការ​មួយ​បណ្តាល​អោយ​គ្រោះថ្នាក់​បាន​”​។
 
៦, ចង្អោ ឬ​មិនសូវ​ឃ្លាន
វា​មិនមែន​ជា​រឿង​ចម្លែក​ទេ​មនុស្ស​ខ្លះ​ហាក់ដូចជា​មាន​អារម្មណ៍​ឈឺក្រពះ​ទៅ​វិញ​នៅ​ពេល​មាន​គាំងបេះដូង​។ ការ​ហើមពោះ​ខុស​ពី​ធម្មតា​ដែល​ទាក់ទង​នឹង​ការ​ខ្សោយបេះដូង​អាច​ប៉ះពាល់​ដល់​ចំណង​អាហារ​។
 
៧, ឈឺ​នៅ​ផ្នែក​ផ្សេង​ៗ​នៃ​រាង​កាយ
ជំងឺ​គាំងបេះដូង​ជា​ច្រើន ការ​ឈឺចាប់​គឺ​ផ្តើម​នៅ​ក្នុង​ទ្រូង និង​រាលដាល​ទៅ​ស្មា ដៃ កែងដៃ ខ្នង ក ថ្គាម ឬ​ពោះ​ទៀត ។ ប៉ុន្តែ​ពេល​ខ្លះ​មិន​មានការ​ឈឺ​នៅ​ក្នុង​ទ្រូង​ទេ ដោយ​គ្រាន់តែ​ឈឺ​នៅ​កន្លែង​ផ្សេង​ទៅ​វិញ ហើយ​ការ​ឈឺចាប់​នោះ​អាច​មាន​បាត់​ៗ​។
មនុស្ស​ប្រុស​មាន​ជំងឺ​គាំងបេះដូង​ច្រើន​តែ​មាន​អារម្មណ៍​ថា​ឈឺចាប់​នៅ​ដៃ​ខាងឆ្វេង​។ ចំនែក​មនុស្ស​ស្រី​វិញ ការ​ឈឺចាប់​ទំនង​ច្រើន​កើត​លើ​ដៃ​ទាំង​សងខាង ឬ​ឆ្អឹងស្លាបប្រចៀវ​។
 
៨, ជីពចរ​ដើរ​ញាប់ ឬ​ដើរ​មិន​ទៀងទាត់
គ្រូពេទ្យ​និយាយ​ថា វា​មិនមែន​ជា​ការ​បារម្ភ​អំពី​បេះដូង​ទេ​កាលបើ​បេះដូង​មិន​លោត​ម្តងម្កាល​។ ប៉ុន្តែ​ការ​ដែល​មាន​ជីពចរ​ដើរ​ញាប់ ឬ​ដើរ​មិន​ទៀងទាត់ ជា​ពិសេស​នៅ​ពេល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​អស់កម្លាំង វិលមុខ ឬ​ពិបាក​ដកដង្ហើម អាច​ជា​អំណះអំណាង​មួយ​បញ្ជាក់​ថា​មាន​ជំងឺ​គាំងបេះដូង ខ្សោយបេះដូង ឬ​បេះដូង​ដើរ​មិន​ប្រក្រតី​។ ការ​ដែល​មិន​បាន​ព្យាបាល បេះដូង​ដើរ​មិន​ប្រក្រតី​ខ្លះ​អាច​ធ្វើ​អោយ​កើតជា​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ខ្សោយបេះដូង ឬ​ស្លាប់​ភ្លាម​ៗ​។
 
៩, ពិបាក​ដកដង្ហើម
មនុស្ស​ដែល​មាន​អារម្មណ៍​ថា ថប់​ៗ​ពេល​សម្រាក ឬ​ដកដង្ហើម​ចេញ​តិច​ៗ​ប្រហែលជា​អាច​មាន​បញ្ហា ក្នុង​សួត ដូច​ជា​ជំងឺហឺត ឬ​ជំងឺ​សួត​ដោយ​មានការ​ស្ទះផ្លូវ​ដង្ហើម​រ៉ាំរ៉ៃ (Chronic Obstructive Pulmonary Disease, COPD)​។ ប៉ុន្តែ​ការ​ពិបាក​ដកដង្ហើម​ក៏​អាច​បញ្ជាក់​បាន​ថា​មាន​ជំងឺ​គាំងបេះដូង ឬ​ខ្សោយបេះដូង​ដែរ​។
 
អ្នកស្រី​ហ្គោ​ល​បឺ​ក​និយាយ​ថា “​ពេល​ខ្លះ​អ្នកជំងឺ​គាំងបេះដូង​មិន​មានការ​តឹង ឬ​ឈឺចាប់​ក្នុង​ទ្រូង​ទេ ប៉ុន្តែ​មាន​អារម្មណ៍​ពិបាក​ដកដង្ហើម​ខ្លាំង​ទៅ​វិញ​។ សភាព​នៃ​ការ​ដកដង្ហើម​របស់​ពួក​គេ​មាន​លក្ខណៈ​ដូច​ជា​ទើបតែ​រត់​កីឡា​ម៉ា​រ៉ា​តុង​ហើយ​អ​ញ្ចឹ​ង​ទោះបីជា​ពួក​គេ​មិន​ធ្វើ​ចលនា​អី​ក៏​ដោយ​”​។ ក្នុង​ពេល​គាំងបេះដូង ការ​ពិបាក​ដកដង្ហើម​ច្រើន​តែ​មាន​ជាប់​ទាក់ទង​នឹង​ការ​មិន​ស្រួល​ក្នុង​ទ្រូង ប៉ុន្តែ​វា​ក៏​អាច​កើតឡើង​មុន ឬ​មិន​មានការ​មិន​ស្រួល​ក្នុង​ទ្រូង​ដែរ​។
 
១០, បែកញើស
ការ​ដែល​បែកញើស​ត្រជាក់​គឺជា​សញ្ញា​ចំបង​មួយ​នៃ​ជំងឺ​គាំងបេះដូង​។ លោក​ហ្វា​យ (Frid) និយាយ​ថា “​អ្នក​ប្រហែលជា​អាច​គ្រាន់តែ​អង្គុយ​នៅ​លើ​កៅអី​ធម្មតា​ប៉ុណ្ណោះ​ក៏​ធ្វើ​អោយ​អ្នក​ចេញ​ញើស​ច្រើន​ដូច​ពេល​ដែល​អ្នកធ្វើការ​ខ្លាំង​អ​ញ្ចឹ​ង​”​។
 
១១, ហើម
ជំងឺខ្សោយបេះដូង​អាច​ធ្វើ​អោយ​ទឹក​ចាល់​ច្រើន​នៅ​ក្នុង​ខ្លួន​របស់​អ្នក​។ ករណី​នេះ​អាច​ធ្វើ​អោយ​អ្នក​ហើម នៅ​ប្រអប់ជើង កជើង ជើង​ទាំងមូល ឬ​ពោះ ព្រមទាំង​ឡើង​ទម្ងន់​ភ្លាម​ៗ ហើយ​ពេល​ខ្លះ​ទៀត​លែង​ឃ្លាន​អាហារ​ទៀត​ផង​។
 
១២, ខ្សោយ
ក្នុង​ថ្ងៃ​ដែល​ធ្វើ​អោយ​មាន​ជំងឺ​គាំងបេះដូង មនុស្ស​មួយ​ចំនួន​ធ្លាប់​មាន​អារម្មណ៍​ថា អស់កម្លាំង​ខ្លាំង ឬ​អស់កម្លាំង​ដោយ​មិនដឹង​មូលហេតុ​។ អ្នកស្រី​ម៉ា​ខ​ស្វី​ន​ណេ​និយាយ​ថា “​ស្ត្រី​ម្នាក់​និយាយ​ប្រាប់​ខ្ញុំ​ថា ការ​អស់កម្លាំង​នោះ​ធ្វើ​អោយ​គាត់​មិន​អាច​កាន់​សូ​ម្បី​តែ​ក្រដាស់​មួយ​សន្លឹក​ផង​”​។

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

 

© រក្សាសិទ្ធិដោយ thmeythmey.com