ជាតិ
សង្គមជាតិ
គ្រោះថ្នាក់ចរាចរណ៍៖ ទោះបង់សំណងហើយ ក៏ជនបង្កហេតុ ត្រូវប្រឈមមុខផ្លូវច្បាប់
06, Dec 2022 , 5:19 pm        
រូបភាព
ជនបង្កហេតុ ដែលបង្ករោះថ្នាក់ចរាចរណ៍ លើស្ពានជ្រោយចង្វាកាលពីថ្ងៃទី៥ធ្នូ ឆ្នាំ២០២២។ រូបពី ស្នងការដ្ឋានរាជធានីភ្នំពេញ
ជនបង្កហេតុ ដែលបង្ករោះថ្នាក់ចរាចរណ៍ លើស្ពានជ្រោយចង្វាកាលពីថ្ងៃទី៥ធ្នូ ឆ្នាំ២០២២។ រូបពី ស្នងការដ្ឋានរាជធានីភ្នំពេញ
ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍នៅលើស្ពានជ្រោយចង្វា កាលពីថ្ងៃទី៥ធ្នូ  បណ្ដាលឲ្យមនុស្ស៣នាក់រងរបួសធ្ងន់ ពិសេសកុមារមានអាយុប្រមាណ១ខែ កំពុងសង្គ្រោះបន្ទាន់។ ករណីនេះ ភាគីបង្កហេតុនិងជនរងគ្រោះ បានព្រមព្រៀងគ្នាដោះស្រាយសំណងក្រៅប្រព័ន្ធតុលាការ ។ ប៉ុន្តែជនបង្កហេតុនៅតែប្រឈមជាប់ទោសទណ្ឌដដែល ព្រោះជាប់បណ្ដឹងអាជ្ញា។
 
ស្នងការដ្ឋានរាជធានីភ្នំពេញ បានរៀបរាប់លើហ្វេសប៊ុកពីករណីគ្រោះថ្នាក់ចរាចរណ៍ ​នៅលើស្ពានជ្រោយចង្វា ថា បុរសបើកបើកបររថយន្តទំនើបនោះ មានសារធាតុស្រវឹង ដោយអត្រាជាតិអាល់កុល០.៥៣Mg/L។ ក្នុងគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឲ្យបុរសបើកម៉ូតូ និងស្រ្តីជិះពីក្រោយ រួមជាមួយកូនតូច មានរបួសធ្ងន់ធ្ងរ។ ប៉ុន្តែករណីនេះ ភាគីទាំងអស់ ព្រមព្រៀងគ្នាបញ្ចប់សំណងរដ្ឋប្បវេណី ក្នុងទឹកប្រាក់២,៥០០ដុល្លារ។ ជាមួយគ្នាដែរ ជនបង្កហេតុ បានរងការពិន័យ២លានរៀល ពីបទបើកបរក្នុងស្ថានភាពស្រវឹង។ 
 
តែយ៉ាងណាស្នងការដ្ឋានរាជធានីភ្នំពេញ បានបន្ថែមថា សំណុំរឿងគ្រោះថ្នាក់ចរាចរណ៍ខាងលើ មិនបញ្ចប់ត្រឹមនេះឡើយ ព្រោះនៅជាប់បណ្ដឹងអាជ្ញា។ ស្នងការដ្ឋានរាជធានីភ្នំពេញ សរសេរបែបនេះ៖ «ទោះបីជាមានការបញ្ចប់សំណងរដ្ឋប្បវេណីយ៉ាងណាក៏ដោយ ប៉ុន្តែករណីគ្រោះថ្នាក់នេះ នៅជាប់បណ្តឹងអាជ្ញា​ ហើយ​កម្លាំងជំនាញកំពុងក៏សាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ត​តាមនីតិវិធីច្បាប់»។ 
 
មាត្រា៨៣ នៃច្បាប់ស្ដីពី ចរាចរណ៍ផ្លូវគោក ចែងថា ជនណាបើកបរធ្វេសប្រហែស ខ្ជីខ្ជា បង្កឲ្យមានការខូតខាតធ្ងន់ធ្ងរ ឬធ្វើឲ្យជនរងគ្រោះ មិនអាចធ្វើការងារបានក្នុងរយៈពេល៨ថ្ងៃឡើងទៅ នឹងត្រូវប្រឈមមុខជាប់ពន្ធនាគារពី៦ខែ ទៅ២ឆ្នាំ បើទោះបីជាជនរងគ្រោះព្រមព្រៀមទទួលសំណងហើយក៏ដោយ។ 
 
លើសពីនេះ ជនបង្កហេតុ ក៏អាចនឹងជាប់ពន្ធនាគារពី១ឆ្នាំទៅ៣ឆ្នាំ បើរកឃើញថា ជនបង្កហេតុ បើកបរក្នុងស្ថានភាពស្រវឹង មានជាតិអាល់កុល០.៤០Mg/L ទៅ០.៨០ Mg/L ឡើងទៅ ហើយបណ្ដាលឲ្យមានអ្នករងគ្រោះច្រើននាក់ និងបើករត់គេចជាដើម។ ជាមួយគ្នានេះ បើតាមច្បាប់ដដែល ហាមឃាត់ជនបង្កហេតុ បើកបរ រយៈពេល៥ឆ្នាំ។ 
 
នៅថ្ងៃនេះដែរ ក្រុមមេធាវីស្ម័គ្រចិត្តសម្ដេច ហ៊ុន សែន បានចុះរៀបចំសំណុំរឿង ដើម្បីរកយុត្តិធម៌ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ ដែលបណ្ដាលឲ្យមនុស្សបីនាក់របួសធ្ងន់។ នេះបើតាម ការបញ្ជាក់របស់ លោក ផន ផល្លា ទីប្រឹក្សារាជរដ្ឋាភិបាល បានប្រាប់សារព័ត៌មានថ្មីៗតាមប្រព័ន្ធទូរស័ព្ទ។ 
 
លោក អះអាងថា ស្ត្រីនិងកុមារដែលរងគ្រោះខាងលើ ត្រូវបានលោកជួយជ្រោមជ្រែង យូរមកហើយ ចាប់តាំងពីកូនទើបសម្រាលមកម្ល៉េះ។ 
 
អ្នកឈឺឆ្អាលសង្គមរូបនេះ បន្តទៀតថា កន្លងមកលោក បានជួយរកកន្លែងស្នាក់នៅ និងគាំទ្រថវិកាមួយចំនួន ដល់គ្រួសារជនរងគ្រោះ។ ដូច្នេះនៅពេលជួបករណីបែបនេះ លោកនឹងខិតខំ ជួយរកយុត្តិធម៌ និងសង្គ្រោះពួកគេឲ្យផុតគ្រោះថ្នាក់ ។
 
«ដើមឡើយ ខ្ញុំជួយរកកន្លែងស្នាក់នៅឲ្យពួកគេ ព្រោះពួកគេជាជនអនាថាគ្មានទីលំនៅច្បាស់លាស់ ហើយផ្គត់ផ្គង់ការចំណាយមួយចំនួន ហើយក៏គិតចង់បង្កើតមុខរបរដើម្បីឲ្យមានចំណូលរយៈពេលវែង សម្រាប់ឲ្យពួកគេដែរ ប៉ុន្តែបែរជាមានគ្រោះថ្នាក់បែបនេះ គឺមានតែជួយក្នុងដំណាក់កាលនេះសិន ហើយចាំគិតរឿង ជ្រោមជ្រែងពួកគេបន្ថែមទៀត ក្រោយពួកគេបានឆ្លងផុតគ្រោះថ្នាក់នេះ»។ នេះជាការលើកឡើងរបស់លោក ផន ផល្លា៕ 
 

Tag:
 គ្រោះថ្នាក់ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com