អន្តរជាតិ
លោក ស៊ី អរគុណ លោក ជាំង ហ្សេមីន ដែលដឹកនាំបក្សកុម្មុយនីស្តឆ្លងផុតសម្ពាធក្នុងនិងក្រៅប្រទេស
06, Dec 2022 , 8:29 pm        
រូបភាព
ប្រធានាធិបតីចិន ស៊ី ជិនភីង និងថ្នាក់ដឹកនាំសំខាន់ៗរបស់ចិន ចូលរួមពិធីគោរពវិញ្ញាណក្ខន្ធលោក ជាំង ហ្សេមីន នៅវិមានបូជាសព Babaoshan ។ រូបថត Xinhua
ប្រធានាធិបតីចិន ស៊ី ជិនភីង និងថ្នាក់ដឹកនាំសំខាន់ៗរបស់ចិន ចូលរួមពិធីគោរពវិញ្ញាណក្ខន្ធលោក ជាំង ហ្សេមីន នៅវិមានបូជាសព Babaoshan ។ រូបថត Xinhua
ដោយ:
ថ្លែងនៅពិធីបុណ្យសពថ្នាក់ជាតិរបស់លោក ជាំង ហ្សេមីន ប្រធានាធិបតីចិន ស៊ី ជិនភីង នៅថ្ងៃទី៦ ខែធ្នូ អរគុណដល់អតីតមេដឹកនាំចិនរូបនេះដែលបានកាច់ចង្កូតប្រទេស ក៏ដូចជាបក្សកុម្មុយនីស្តចិនឆ្លងផុតស្ថានភាពនយោបាយដ៏អាក្រក់ ហើយកែទម្រង់សេដ្ឋកិច្ចប្រទេសឱ្យរីកចម្រើន។
 
ចិននៅថ្ងៃទី៦ ខែធ្នូ រៀបចំពិធីបុណ្យសពថ្នាក់ជាតិឱ្យអតីតប្រធានាធិបតីចិន ជាំង ហ្សេមីន ដែលទទួលមរណភាពក្នុងវ័យ៩៦ឆ្នាំកាលពីថ្ងៃទី៣០ ខែវិច្ឆិកា នៅឯវិមានប្រជាជនចិន។ ពិធីបុណ្យមានវត្តមានប្រធានាធិបតីចិន ស៊ី ជិនភីង និងមន្រ្តីជាន់ខ្ពស់ចិនជាច្រើន។
 
លោក ជាំង ដែលសាកសពត្រូវបានបូជាតាំងពីម្សិលមិញនៅទីបញ្ចុះសពបដិវត្តន៍ Babaoshan កាន់តំណែងជាមេដឹកនាំកំពូលចិនពីឆ្នាំ១៩៨៩ ដល់ឆ្នាំ២០០២។ លោកជួយកាច់ចង្កូតប្រទេស កែទម្រង់សេដ្ឋកិច្ច ដឹកនាំប្រទេសចូលក្នុងសហគមន៍អន្តរជាតិឡើងវិញក្រោយឃ្លាតឆ្ងាយដោយសារការបង្រ្កាបដ៏ព្រៃផ្សៃនៅទីលានធានអានមិនឆ្នាំ១៩៨៩ ក៏ដូចជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោកក្នុងឆ្នាំ២០០១។ 
 
ថ្លែងក្នុងពិធីរំឭកវិញ្ញាណក្ខន្ធ លោក ស៊ី លើកឡើងថា អតីតអគ្គលេខាបក្សចិនរូបនេះចូលកាន់តំណែងចំពេលដែលបក្ស យោធា និងប្រទេសស្ថិតក្នុងគ្រាដ៏លំបាកដែលរងសម្ពាធទាំងក្រៅ និងក្នុងប្រទេស។ 
 
«នៅចុងទសវត្សរ៍ឆ្នាំ៨០ និងដើមទសវត្សរ៍ឆ្នាំ៩០ ការតវ៉ាយ៉ាងខ្លាំងប្រឆាំងនយោបាយទាំងនៅក្នុងប្រទេស និងក្រៅប្រទេស ហើយសង្គមនិយមក្នុងពិភពលោកប្រឈមនឹងផលវិបាកដ៏ធ្ងន់ធ្ងរ។ ប្រទេសលោកខាងលិចមួយចំនួនដាក់ទណ្ឌកម្មលើចិន»។ លោក ស៊ី ថ្លែងបែបនេះដោយបន្តថា ប៉ុន្តែ លោក ជាំង បានបោះជំហានទៅមុខដោយកែទម្រង់ ពង្រឹងទំនាក់ទំនងបក្សជាមួយប្រជាជន ចូលរួមដោះស្រាយបញ្ហាប្រឈមផ្នែកការទូត និងគាំទ្រឯករាជ្យភាព តម្លៃ សន្តិសុខ និងស្ថិរភាពរបស់ចិន។
 
បន្ថែមពីនេះ លោក ស៊ី ក៏បានសរសើរលោក ជាំង ថាមានភាពអង់អាចក្នុងការសម្រេចចិត្ត និងអនុវត្តគំនិតទ្រឹស្តីថ្មីក្នុងគ្រាដ៏សំខាន់។ ក្រៅពីនេះ លោក ស៊ី ក៏បានអំពាវនាវឱ្យប្រទេស និងបក្សកុម្មុយនីស្តស្នងឆន្ទៈ និងប្រើកេរដំណែលរបស់លោក ជាំង យកទៅសរសេរក្នុងជំពូកថ្មីរបស់សង្គមនិយមជាមួយលក្ខណៈសម្បត្តិចិន៕
 
 
 
 
 
 
 

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com