អន្តរជាតិ
ឥណ្ឌូណេស៊ី អនុម័តច្បាប់ដាក់ទោសការរួមភេទមុនរៀបការ
06, Dec 2022 , 9:29 pm        
រូបភាព
ដោយ:
សភាឥណ្ឌូណេស៊ី នៅថ្ងៃទី៦ ខែធ្នូ អនុម័តក្រមព្រហ្មទណ្ឌថ្មីដែលហាមប្រាមការរួមភេទមុនរៀបការ ហើយអ្នកដែលល្មើសនឹងច្បាប់នេះនឹងត្រូវជាប់ពន្ធនាគាររហូតដល់មួយឆ្នាំ។ យ៉ាងណាមិញ ច្បាប់ថ្មី នឹងមិនត្រូវបានអនុវត្តភ្លាមឡើយ។
 
ជាមួយការគាំទ្រគ្រប់បក្ស សភាឥណ្ឌូណេស៊ីនៅថ្ងៃទី៦ ខែធ្នូ អនុម័តក្រមព្រហ្មទណ្ឌថ្មីដែលហាមប្រាមការរួមភេទនៅក្រៅអាពាហ៍ពិពាហ៍ ដែលរាប់បញ្ចូលទាំងដៃគូមិនទាន់រៀបការផងដែរ។ ប៉ុន្តែបើតាមអនុរដ្ឋមន្រ្តីច្បាប់ និងសិទ្ធិមនុស្ស Edward Hiariej ក្រមថ្មីនេះ នឹងត្រូវចុះហត្ថលេខាដោយប្រធានាធិបតី ហើយនឹងមិនទាន់ចូលជាធរមានភ្លាមៗនោះទេ ព្រោះការផ្លាស់ប្តូរពីច្បាប់ចាស់ទៅច្បាប់ថ្មីត្រូវការពេលជាអតិបរមាបីឆ្នាំ។ 
 
«យើងបានព្យាយាមអស់ពីសមត្ថភាពដើម្បីសម្របសម្រួលបញ្ហាសំខាន់ៗ និងយោបល់ផ្សេងៗគ្នាដែលត្រូវបានលើកឡើងពិភាក្សា។ ទោះជាយ៉ាងណា នេះជាពេលសម្រាប់យើងធ្វើការសម្រេចចិត្តជាប្រវត្តិសាស្រ្តលើវិសោធនកម្មក្រមព្រហ្មទណ្ឌ ហើយទុកចោលក្រមព្រហ្មទណ្ឌដែលបន្សល់ទុកតាំងពីសម័យអាណានិគម»។ រដ្ឋមន្រ្តីច្បាប់ និងសិទ្ធិមនុស្ស លោក Yasonna Laoly ប្រាប់សភាបែបនេះមុនការបោះឆ្នោត។
 
ក្រមព្រហ្មទណ្ឌថ្មីនេះជំនួសក្រមខណ្ឌមួយដែលលាយឡំដោយច្បាប់ឥណ្ឌូណេស៊ីបច្ចុប្បន្ន និងច្បាប់ហូឡង់ដែលត្រូវបានប្រើប្រាស់តាំងពីទទួលបានឯករាជ្យពីហូឡង់ក្នុងឆ្នាំ១៩៤៦។ ច្បាប់ថ្មីនេះនឹងអនុវត្តចំពោះទាំងជនជាតិឥណ្ឌូណេស៊ី និងជនបរទេស ហើយក្រមព្រហ្មទណ្ឌថ្មីនេះរួមបញ្ចូលទាំងច្បាប់ស្តារឡើងវិញលើការហាមប្រាមការប្រមាថប្រធានាធិបតី ស្ថាប័នរដ្ឋ ឬមនោគមវិជ្ជាជាតិរបស់ឥណ្ឌូណេស៊ី។ 
 
បច្ចុប្បន្ន ឥណ្ឌូណេស៊ីដាក់ទោសតែអំពើផិតប៉ុណ្ណោះ។  
 
តាមពិតទៅសំណើច្បាប់ទាក់ទងការហាមឃាត់ការរួមភេទមុនរៀបការនេះមានតាំងពីឆ្នាំ ២០១៩ ប៉ុន្តែសេចក្តីព្រាងក៏បានលេចធ្លាយដែលបង្កឱ្យមានការតវ៉ាទូទាំងប្រទេស ក្រោមហេតុផលថាបិទបាំងសេរីភាពផ្ទាល់ខ្លួន។
 
ជាប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យខ្ជាប់ខ្ជួនជាងគេទីបីលើពិភពលោក ឥណ្ឌូណេស៊ីរងការរិះគន់ថាច្បាប់នេះនឹងធ្វើឱ្យកំណើនសេដ្ឋកិច្ចដែលបានមកពីវិស័យទេសចរ និងការវិនិយោគពីបរទេសថមថយ៕
 

Tag:
 ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com