ជាតិ
សុវត្តិភាព ចរាចរណ៍
គ្រោះថ្នាក់ចរាចរណ៍លើផ្លូវល្បឿនលឿន ចំនួន២៦ករណី ចាប់តាំងពីដំណើរការមក
07, Dec 2022 , 6:59 pm        
រូបភាព
រថយន្តគ្រោះថ្នាក់ចរាចរណ៍លើកំណាត់ផ្លូវល្បឿនលឿន នៅចំណុចស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កន្លងមក។ រូបពីក្រសួងសាធារណការ និងដឹកជញ្ជូន
រថយន្តគ្រោះថ្នាក់ចរាចរណ៍លើកំណាត់ផ្លូវល្បឿនលឿន នៅចំណុចស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កន្លងមក។ រូបពីក្រសួងសាធារណការ និងដឹកជញ្ជូន
ភ្នំពេញ៖ ក្រោយបើកឱ្យធ្វើដំណើរលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ អំឡុងពេល២ខែនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ ចំនួន២៦លើក ។ សម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងនៅក្នុងទិវាអន្តរជាតិរំឭកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៧ ប្រានៅសួនច្បារមុខវត្តបុទមវតី រាជធានីភ្នំពេញ នាថ្ងៃទី៧ ធ្នូនេះ។


សម្ដេច ស ខេង បានបន្ថែមថា គ្រោះថ្នាក់ចរារចរណ៍នេះ មិនបង្កឱ្យមានជនរងគ្រោះស្លាប់ ឬរងបួសធ្ងន់ធ្ងរឡើយ គ្រាន់តែមានការខូចខាតយានយន្ត និងបរិក្ខាសុវត្ថិភាពផ្លូវថ្នល់មួយចំនួនប៉ុណ្ណោះ។ រដ្ឋមន្រ្តីមហាផ្ទៃ បានបន្ថែមថា៖«ស្ថានភាពនេះ មានន័យថាវិស្វកម្មផ្លូវថ្នល់ដែលដាក់ចរាចរណ៍ឯកទិស ចែកគន្លងផ្លូវច្បាស់លាស់ មានគំនូស និងស្លាកសញ្ញាច្បាស់លាស់ ព្រមទាំងការចរាចរណ៍ដោយគ្មានម៉ូតូ បានកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ច្រើន»។
 
សម្ដេច ស ខេង ក៏បានប្រាប់ឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនវិនិយោគ បន្ដពិភាក្សាគ្នា ដើម្បីធ្វើយ៉ាងណាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ នៅលើផ្លូវល្បឿនលឿននេះ ឱ្យកាន់តែតិច ជាងនេះ។ «បើសិនផ្លូវល្បឿលឿននេះ បន្ដគ្រោះថ្នាក់កាន់តែច្រើន មានន័យថា ផ្លូវនេះ មិនទាន់ល្អប្រសើរនោះទេ»។ សម្ដេច បន្ថែម។
 
ប្រមុខមហាផ្ទៃរូបនេះ ក៏បានលើកឡើងអំពីដំណើរការតាក់តែងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកថ្មីផងដែរ។ បើតាមសម្ដេច ច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោលថ្មី ដែលកំណត់អំពីការគ្រប់គ្រងសុវត្ថិភាពលើផ្លូវល្បឿនលឿន និងការដាក់ជាកាតព្វកិច្ចនានា រួមទាំងផែនការសុវត្ថិភាពចរាចរណ៍ផ្លូវគោកជាអាទិភាព។
 
«នៅក្នុងច្បាប់ថ្មីនេះ បានកំណត់ឱ្យអ្នកបើកបរទាំងអស់ជាប់កាតព្វកិច្ចមួយចំនួន ដើម្បីធានាសុវត្ថិភាពចរាចរណ៍ក្នុងនោះមានដូចជាការតម្រូវឱ្យមានវិញ្ញាបណ្ណបត្របញ្ជាក់សុខភាពថាគ្មានសារធាតុញៀនក្នុងខ្លួន សម្រាប់អ្នកដែលចង់ចូលធ្វើការងារជាអ្នកបើករថយន្ត មិនថារថយន្តដឹកអ្នកដំណើរ និងរថយន្តដឹកទំនិញ»។ នេះបើតាមសម្ដេច ស ខេង ដែលបន្ថែមថា ការដាក់កាតព្វកិច្ចបែបនេះ នឹងធ្វើឱ្យអ្នកស្វែងរកការងារធ្វើក្នុងវិស័យដឹកជញ្ជូន និងការងារបើកបរ ប្រឈមមុខនឹងភាពគ្មានការងារធ្វើ ប្រសិនបើពួកគេមានសាធារធាតុញៀន។
 

Tag:
 គ្រោះថ្នាក់ចរាចរណ៍
  ស ខេង
© រក្សាសិទ្ធិដោយ thmeythmey.com