ជាតិ
អាជ្ញាធរ សហគមន៍ និង​អ្នក​សារព័ត៌មាន​ជាង​១០០​នាក់​ ចែក​រំលែក​បទពិសោធ​ដោះ​ស្រាយ​ទំនាស់​ដោយ​សន្តិវិធី
11, Dec 2022 , 8:29 am        
រូបភាព
រូប​ពី​ ACT
រូប​ពី​ ACT
កំពត៖ អាជ្ញាធរ និងសហគមន៍ចំនួន​៧​ រួម​ទាំង​អ្នក​សារព័ត៌មាន​ជាង​១០០​នាក់ មក​ពី​​៧ខេត្ត​​​ក្រុងនិង​រាជធានី​​ ត្រូវ​បាន​​អង្គការ​​ក្រុម​ការ​ងារដោះ​ស្រាយ​ទំនាស់ ហៅ​កាត់​ថា​ ACT ​អញ្ជើញ​​ឱ្យ​ចូលរួម​ កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ ដើម្បី​ចែក​រំលែក​បទពិសោធ​ ដោះ​ស្រាយ​ទំនាស់​ដោយ​សន្តិវិធី នៅ​ក្រុង​បូក​គោ ខេត្ត​កំពត កាល​ពី​ពេល​កន្លង​ទៅ​​។


កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ ដែល​ធ្វើ​ឡើង​ដើម្បី​ចែក​រំលែក​បទពិសោធ​ ដោះ​ស្រាយ​ទំនាស់​ដោយ​សន្តិវិធីនេះ ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​បញ្ចូលគម្រោង​២​ចូល​គ្នា​។ គឺ​គម្រោង​ការ​កសាង​សន្តិភាព​សហគមន៍ និង​គម្រោង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សន្តិភាព (សារព័ត៌​មាន​សន្តិភាព)​។ អាជ្ញាធរ សហគមន៍ និង​​​អ្នក​សារព័ត៌មាន​ជាង​១០០​នាក់​នោះ​ ​​មក​ពីរាជធានី​ភ្នំពេញ​​ ខេត្ត​​មណ្ឌល​គិរី កំពង់​ឆ្នាំង កំពត កែប និង​ខេត្ត​ក្រចេះ​​។
 
ប្ដូរ​ពី​ការ​ពាក់​មុខ​យក្ស​ដាក់​គ្នា ការ​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក​ ការ​មិន​ទុក​ចិត្ត​គ្នា​ ការ​ស្អប់​គ្នា អាជ្ញាធរ ប្រជា​សហគមន៍​ និង​អ្នក​សារព័ត៌​មាន​ បាន​ចាប់​ផ្ដើម​ស្គាល់​គ្នា ធ្វើ​ការ​ជា​មួយ​គ្នា​ លើក​បញ្ហា​ទៅ​ដាក់​លើ​តុ​ជជែក​រក​ដំណោះ​ស្រាយ​ រហូត​ដល់​​​ជួយ​គាំទ្រ​គ្នា​ទៅវិញ​ទៅ​មក​ ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ដែល​កើត​ឡើង​ក្នុង​សហគមន៍​។ 
 
កញ្ញា ស្រី សុធាវី នាយិការអង្គការ​ក្រុម​ការ​ងារ​​ដោះ​ស្រាយ​ទំនាស់​ ហៅ​កាត់​ថា​ ACT បាន​ប្រាប់​សារព័ត៌​មាន​ថ្មី​​ៗថា កម្ម​​វិធី​ជួប​ជុំ​បណ្ដាញ​ប្រចាំ​ឆ្នាំនេះ ធ្វើ​ឡើង​​ក្នុង​គោល​បំណង​ចែក​រំលែក​បទ​ពិសោធ​គ្នា​ទៅ​វិញ​ទៅ​មក ​អំពី​ការ​ដោះ​ស្រាយ​ទំនាស់​ ដែល​សហគមន៍ អាជ្ញាធរ​ និង​អ្នក​សារ​ព័ត៌​មាន​ ធ្លាប់​បាន​ធ្វើ​កន្លង​មក​​ ក្រោយ​ពី​បាន​រៀន​វគ្គ​បណ្ដុះ​ ការ​កសាង​សន្តិភាព​សហគមន៍​ និង​ការ​ដោះ​ស្រាយ​​ទំនាស់​ក្រៅ​ប្រព័ន្ធ​តុលាការ។ ក្រៅ​ពី​នោះ​កម្មវិធី​​ជួប​ជុំ​នេះ ក៏​ជាការ​ផ្ដល់​ឱកាស​ដល់​ភាគី​ពាក់​ព័ន្ធ​ខាង​លើ​ ឱ្យ​បន្ត​កិច្ច​សហប្រតិបត្តិការ​រវាង​គ្នា​នឹង​គ្នា​បន្ត​ទៅ​មុខ​
ទៀតផង​ដែរ​​។
  

 កញ្ញា ស្រី សុធាវី នាយិការអង្គការក្រុមការងារដោះស្រាយទំនាស់

​កញ្ញា​​បន្ថែម​ថា ជា​​រៀង​រាល់​ឆ្នាំ​​វគ្គ​បណ្ដុះ​បណ្ដាល​​ ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​​ពង្រឹង​សមត្ថភាព និង​​គាំ​ទ្រ​សកម្ម​ភាព​របស់​សហគមន៍​ ឬ​បណ្ដាញ​អ្នក​សារព័ត៌​មាន​ ក្នុង​ការ​ផ្សព្វ​ផ្សាយ​បន្ត​ទៅ​សហគមន៍​របស់​ពួក​គេ​  ក្នុង​កិច្ច​ពិភាក្សា​ ការ​តស៊ូ​មតិ​ផ្សេងៗ។ ការ​លើក​កម្ពស់​សិទ្ធិសេរី​ភាព​របស់​ប្រជា​ពល​រដ្ឋ​ និង​សហគមន៍​ ​ការ​ដោះ​ស្រាយ​បញ្ហា​នានា​ និងការ​​ស្វែងរក​ការ​ឆ្លើយ​តប​ពី​អាជ្ញាធរ​ សម្រាប់​ដំណោះ​ស្រាយ​ក្នុង​សហគមន៍ ក៏​ជា​គោល​បំណង​សំខាន់​ក្នុង​វគ្គ​បណ្ដុះ​បណ្ដាល​ដែរ​។ បន្ថែម​ពី​នោះ​ បន្ទាប់​ពី​បណ្ដុះ​បណ្ដាល​រួច​ អង្គការ ACT បាន​​ផ្ដល់​ឱកាស​ច្រើន ដល់​សិក្ខា​កាម​​​ក្នុង​ការ​ធ្វើ​សកម្ម​ភាព​នៅ​តាម​មូល​ដ្ឋាន​។
 
កញ្ញា​​នាយិការអង្គការ​ក្រុម​ការ​ងារ​​ដោះ​ស្រាយ​ទំនាស់ បញ្ជាក់​ថែម​ទៀត​ថា ACT ទទួល​បាន​​​ជោគជ័យ​ក្នុង​ការ​ធ្វើ​ឱ្យ​ អ្នក​សារព័ត៌មាន​ ប្រជា​ពលរដ្ឋ​នៅ​តាម​សហគមន៍ និង​អាជ្ញាធរ​មូល​ដ្ឋាន មាន​​ទំនាក់​ទំនងល្អ​​រវាងគ្នា​និង​គ្នា​ រួម​គ្នា​ដោះ​ស្រាវ​បញ្ហា​ក្នុង​សហគមន៍​ ក៏​ដូច​ជា​ជួយ​គាំ​ទ្រ​គ្នា​ទៅ​វិញ​ទៅ​មក​ ក្នុង​ការ​ធ្វើ​ការ​​ងារ​ណា​មួយ​ ដើម្បី​ប្រយោជន៍​រួម​។
 
កញ្ញា​ ស្រី សុធាវី បន្ថែ​ម​​៖«​យើ​ង​ចង់​ដឹង​ថា ក្រោយ​ពី​ពួក​គាត់​រៀន​ជា​មួយ​ពួក​យើង​ហើយ​ គាត់​​យក​ទៅ​អនុវត្ត​បាន​កម្រិត​ណា​។ មានចែក​រំលែក​ចំណេះ​នោះ​បន្ត​ទេ​?​ តើ​ចំណេះ​ទាំង​នោះ​បាន​ផ្ដល់​​ប្រយោជន៍​អ្វី​ខ្លះ​ដល់​គាត់​ និង​សហគមន៍​គាត់​? ជា​លទ្ធផល​គាត់​យក​ទៅ​អនុវត្តិ និង​បាន​ផល​ល្អ​ច្រើន​»។
 
ក្រោយ​ពី​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល ​អង្គការ ACT ​សង្កេត​ឃើញ​ថា សិក្ខា​កាម​មាន​ការ​​ផ្លាស់​ប្ដូរ​ទាំង​ជា​លក្ខណៈផ្ទាល់​ខ្លួន​ និង​ជា​​សហគមន៍​ ដោយ​ពួក​គេ​កាន់​​តែ​យល់ពី​​អ្វី​ជា​សន្តិភាព អ្វី​ជា​ការ​ដោះ​ស្រាយ​ទំនាស់​ ​និង​ការ​អន្តរាគមន៍​ផ្សេង​ៗ​នៅ​តាម​សហគមន៍​​។ ចំណែក​អ្នក​សារព័ត៌​​មាន​វិញ បាន​​យល់​ដឹង​ច្រើន​ពី​វិជ្ជាជីវៈ​អ្នក​សារព័ត៌មាន​ និង​អនុវត្ត​កាម​ក្រ​ម​សីលធម៌របស់​ខ្លួន​។ 
  

 រូប​ថតអនុស្សាវរីយ៍

វគ្គ​បណ្ដុះ​​បណ្ដាល​ការ​កសាង​សន្តិភាព​សហគមន៍​ និង​ការ​ដោះ​ស្រាយ​​ទំនាស់​ក្រៅ​ប្រព័ន្ធ​តុលាការ ដែល​​ធ្វើ​ឡើង​ក្រោម​គម្រោង​ការ​កសាង​សន្តិភាព​សហគមន៍​ ​​មាន​រយៈ​ពេល​៣​ឆ្នាំ​​ចាប់​ពី​ឆ្នាំ​២០២២​-​២០២៤​​។ 
 
សូម​បញ្ជាក់​ថា កន្លង​មកអង្គការ​​ ACT ធ្លាប់​បាន​អនុវត្ត​គម្រោង​ ការ​កសាង​សន្តិភាព​អន្តរជាតិ​ពន្ធុ (ផ្ដោត​សំខាន់​លើ​ការ​បញ្ចៀស​អំពើ​ហិង្សា) គម្រោង​​ការ​ពង្រឹង​សិទ្ធិ​ស្ត្រី​(ការលុប​បំបាត់​អំពើ​ហិង្សា​លើ​ស្ត្រី​)។ គម្រោង​នេះ​បាន​​ជួយ​ពង្រឹង​សមត្ថភាព​ និង​ភាព​អង់​អាច​របស់​ស្ត្រី​​​​ច្រើន​ ពិសេស​ស្ត្រី​ជន​ជាតិ​ដើ​ម​ភាគ​តិច និង​ជន​ជាតិ​ផ្សេង​ទៀត ដែលមាន​​ប្រពៃណី​មិន​សូវ​ឱ្យ​តម្លៃ​ដល់​ស្ត្រី​។ គម្រោង​អភិបាល​កិច្ច​ល្អ (ការ​ផ្ដល់​សេវា​ ​ឱ្យ​ប្រជា​ពល​រដ្ឋ​មាន​ភាព​ប្រសើរ​ជាង​មុន​) បាន​ជួយ​ច្រើន​សម្រាប់​អ្នក​ផ្ដល់​សេវា​ ឬ​អាជ្ញាធរ​ភូមិ​ឃុំ​ មណ្ឌល​សុខភាព ក៏​ដូច​ជា​សេវា​អប់​រំ​ នៅ​កម្រិត​បឋម​សិក្សា៕
 

Tag:
 កំពត​
  សហគមន៍​
  អ្នក​សារព័ត៌មាន​
 
© រក្សាសិទ្ធិដោយ thmeythmey.com