ជាតិ
អាស៊ាន
សម្តេច ហ៊ុន សែន ថ្លែងប្រាប់អឺរ៉ុបថា «យើងមិនគួរដាក់បញ្ហានយោបាយ មករាំងខ្ទប់ពាណិជ្ជកម្មសេរីឡើយ»
15, Dec 2022 , 5:09 pm        
រូបភាព
ថ្លែងក្នុងកិច្ចប្រជុំរំលឹកខួបអនុស្សាវរីយ៍ ៤៥ឆ្នាំ រវាងអាស៊ាន-សហភាពអឺរ៉ុប នាថ្ងៃទី១៤ ធ្នូ សម្ដេច ហ៊ុន សែន បានប្រាប់ភាគីអឺរ៉ុបថា មិនគួរយកបញ្ហានយោបាយ មករាំងខ្ទប់ពាណិជ្ជកម្មសេរីឡើយ។


សម្ដេច ហ៊ុន សែន​ បានជំរុញឱ្យអឺរ៉ុបពន្លឿននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយអាស៊ាន។ បើតាមសម្ដេច កិច្ចព្រមព្រៀងនេះ មិនគួរត្រូវបានរាំងស្ទះដោយសារបញ្ហានយោបាយនោះទេ។ ប្រធានអាស៊ាន ឆ្លើយបែបនេះ ដោយសារមើលឃើញថា អឺរ៉ុប កំពុងផ្ដោតសំខាន់លើបញ្ហានយោបាយនៅមីយ៉ាន់ម៉ា។
 
ថ្លែងក្នុងសន្និសីទកាសែត នាទីក្រុងព្រុចស៊ែល ប្រទេសប៊ែលហ្ស៉ិក ប្រមុខរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា៖«យើងមិនគួរដាក់បញ្ហានយោបាយមករាំងខ្ទប់ពាណិជ្ជកម្មសេរីឡើយ»។
ទន្ទឹមនឹងនេះសម្ដេច ហ៊ុន សែន ក៏បានលើកយកពាក្យសម្ដីប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ ដែលថ្លែងក្នុងពិធីបើកកិច្ចប្រជុំមកនិយាយថា ភាពជាដៃគូត្រូវតែស្មើភាព ដោយមិនអាចយកច្បាប់របស់ផ្នែកណាមួយ ទៅដាក់សង្កត់លក់ផ្នែកមួយនោះទេ។ «ភាគីយើងទាំងពីរត្រូវតែស្មើភាពគ្នា ដើម្បីអនុវត្ត(កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី)ឱ្យបានរហ័ស មិនអាចផ្អែកលើសភាពការណ៍មីយ៉ាន់ម៉ា ឬប្រទេសណាមួយ បែរជារំខាន ដល់កិច្ចខិតខំប្រឹងប្រែងជាមួយនឹងការបង្កើតឱ្យមានពាណិជ្ជកម្មសេរីរវាងតំបន់ទាំងពីរនោះទេ»។ នេះបើតាមសម្ដេច ហ៊ុន សែន ។
 
និយាយផ្សារភ្ជាប់នឹងបញ្ហាសិទ្ធិមនុស្សវិញ ប្រធានអាស៊ានរូបនេះ ចង់ព្យាយាមពន្យល់ក្នុងន័យនេះថា បញ្ហាសិទ្ធិមនុស្សក្នុងប្រទេសណា ក៏កើតមានដែរ ប៉ុន្តែអ្វីដែលសំខាន់នោះ គឺការសម្រេចបាននូវទិសដៅរួមគ្នា រវាងតំបន់អាស៊ាន និងអឺរ៉ុប។
 
នាយករដ្ឋមន្រ្តី ហ៊ុន សែន បានសង្កត់ធ្ងន់ថា៖«ទាក់ទងនឹងបញ្ហាសិទ្ធិមនុស្ស តើអឺរ៉ុបបានចុះហត្ថលេខាជាមួយប្រទេសណាខ្លះនៅក្នុងអាស៊ាន? តើសិទ្ធិមនុស្សនៅប្រទេសទាំងនោះវាយ៉ាងម៉េច? ពិតណាស់ចំណុចនេះមិនមែនអ្វីៗសុទ្ធតែត្រូវគ្នាទាំងអស់នោះទេ ប៉ុន្តែយើងមានចំណុចរួមមួយ គឺតម្រង់ទៅរកគោលដៅ នៃការផ្សារភ្ជាប់រវាងតំបន់ទាំងពីរ»។
 
គួរបញ្ជាក់ថា ទំហំពាណិជ្ជកម្មរវាងអាស៊ាន និងអឺរ៉ុប មានចំនួន២៦៨,៩ ពាន់លានដុល្លារ កាលពីឆ្នាំ២០២១ ។ នេះបើតាមរបាយការណ៍ស្តីពីកិច្ចសន្ទនារវាងអាស៊ាន និងអឺរ៉ុប កន្លងមក ដោយបានបន្ថែមថា អាស៊ាន គឺជាដៃគូពាណិជ្ជកម្មដ៏ធំទី៣ បន្ទាប់ពីអាម៉េរិក និងចិន។
 
 
 
 

Tag:
 ហ៊ុន សែន
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com