ជាតិ
អាស៊ាន
សម្ដេច ហ៊ុន សែន ៖ អាស៊ាន​ មិនមែនទន្ទឹងរង់ចាំអ្វីៗ ក៏ត្រូវការជួយពីអឹរ៉ុបនោះទេ
15, Dec 2022 , 8:59 pm        
រូបភាព
 អាស៊ាន មិនមែនរង់ចាំការជួយពីសហភាពអឺរ៉ុបនោះទេ។ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រធានអាស៊ាន បានថ្លែងបែបនេះ នៅក្នុងសន្និសីទនៃកិច្ចប្រជុំរំលឹកខួបអនុស្សាវរីយ៍ ៤៥ឆ្នាំ រវាងអាស៊ាន-សហភាពអឺរ៉ុប នាថ្ងៃទី១៤ ធ្នូ។


ដ្បិតមិនចង់ឱ្យអឺរ៉ុប ជួយដល់អាស៊ានជាដរាបមែន ប៉ុន្តែសម្ដេច ហ៊ុន សែន ចង់បានការបំពេញឱ្យគ្នាទៅវិញទៅមក រវាងតំបន់ទាំងពីរ។ «ពិតហើយ គឺបណ្ដាប្រទេសអឺរ៉ុប មានការជឿនលឿនជាង ក៏ប៉ុន្តែអាស៊ានក៏មិនមែនជាកន្លែង ដែលត្រូវតែរង់ចាំទទួលជំនួយពីអឹរ៉ុបនោះទេ។ ដូច្នេះនៅក្នុងស្ថានភាពនេះហើយ ដែលអាស៊ាន និងអឺរ៉ុប បានឯកភាពគ្នា ដើម្បីបង្កើតឡើងឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។ យើងពិតជាមិនមែនចង់ឱ្យប្រជាជនរបស់យើង នៅតែក្ររហូត ហើយរង់ចាំភាពអនុគ្រោះ EU នោះទេ»។ នេះបើតាមសម្ដេច ហ៊ុន សែន។
 
ថ្លែងចំពោះមុខថ្នាក់ដឹកនាំអាស៊ាន និងអឺរ៉ុប ប្រមុខរដ្ឋាភិបាលកម្ពុជា បានសង្កត់ធ្ងន់ថា អ្វីដែលអាស៊ានចង់បាន គឺកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយអឺរ៉ុប។ ដូច្នេះសម្ដេច ជំរុញឱ្យអឺរ៉ុបពន្លឿននូវកិច្ចព្រមព្រៀងនេះ។
 
បើតាមសម្ដេច កិច្ចព្រមព្រៀងនេះ មិនគួរត្រូវបានរាំងស្ទះដោយសារបញ្ហានយោបាយនោះទេ។ ប្រធានអាស៊ាន ឆ្លើយបែបនេះ ដោយសារមើលឃើញថា អឺរ៉ុប កំពុងផ្ដោតសំខាន់លើបញ្ហានយោបាយនៅមីយ៉ាន់ម៉ា។
 
ថ្លែងក្នុងសន្និសីទកាសែត នាទីក្រុងព្រុចស៊ែល ប្រទេសប៊ែលហ្ស៉ិក ប្រមុខរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា៖«យើងមិនគួរដាក់បញ្ហានយោបាយមករាំងខ្ទប់ពាណិជ្ជកម្មសេរីឡើយ»។
ទន្ទឹមនឹងនេះសម្ដេច ហ៊ុន សែន ក៏បានលើកយកពាក្យសម្ដីប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ ដែលថ្លែងក្នុងពិធីបើកកិច្ចប្រជុំមកនិយាយថា ភាពជាដៃគូត្រូវតែស្មើភាព ដោយមិនអាចយកច្បាប់របស់ផ្នែកណាមួយ ទៅដាក់សង្កត់លក់ផ្នែកមួយនោះទេ។ «ភាគីយើងទាំងពីរត្រូវតែស្មើភាពគ្នា ដើម្បីអនុវត្ត(កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី)ឱ្យបានរហ័ស មិនអាចផ្អែកលើសភាពការណ៍មីយ៉ាន់ម៉ា ឬប្រទេសណាមួយ បែរជារំខាន ដល់កិច្ចខិតខំប្រឹងប្រែងជាមួយនឹងការបង្កើតឱ្យមានពាណិជ្ជកម្មសេរីរវាងតំបន់ទាំងពីរនោះទេ»។ នេះបើតាមសម្ដេច ហ៊ុន សែន ។
 
គួរបញ្ជាក់ថា ទំហំពាណិជ្ជកម្មរវាងអាស៊ាន និងអឺរ៉ុប មានចំនួន២៦៨,៩ ពាន់លានដុល្លារ កាលពីឆ្នាំ២០២១ ។ នេះបើតាមរបាយការណ៍ស្តីពីកិច្ចសន្ទនារវាងអាស៊ាន និងអឺរ៉ុប កន្លងមក ដោយបានបន្ថែមថា អាស៊ាន គឺជាដៃគូពាណិជ្ជកម្មដ៏ធំទី៣ បន្ទាប់ពីអាម៉េរិក និងចិន។
 
 

Tag:
 ហ៊ុន សែន
  អាស៊ាន
  សេដ្ឋកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com