កីឡាជាតិ
ជាតិ
កីឡាករ ហេង សុខលី ទទួលមរណភាព ៤ថ្ងៃក្រោយរង​គ្រោះថ្នាក់ចរាចរណ៍ដ៏ធ្ងន់ធ្ងរ
16, Dec 2022 , 9:01 am        
រូបភាព
ដោយ: រួបរួម
កីឡាករ ហេង សុខលី បានទទួលមរណភាពក្នុងអាយុ៣៣ឆ្នាំ នាព្រឹកថ្ងៃទី១៦ ខែធ្នូ នេះ ក្រោយបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យនៃប្រទេសវៀតណាម បានមួយយប់។ នេះបើតាមការបញ្ជាក់របស់លោក ហ៊ល សុភ័ក្ត្រ អ្នកចាត់ការទូទៅក្លិបបាល់ទាត់ដោនថោនស្ព័ត ដែល សុខលី ជាប្រធានក្រុម។ សុខលី បានរងរបួសដ៏ធ្ងន់ធ្ងរដោយសារគ្រោះថ្នាក់ចរាចរណ៍ កាលពីរាត្រីថ្ងៃទី១២ ខែធ្នូ។
 
មានដើមកំណើតនៅខេត្តកំពង់ធំ ហេង សុខលី ជាកីឡាករម្នាក់ដែលមានជំនាញទាំងបាល់ទាត់ និងហ្វុតសាល។ ផ្តើមអាជីពជាមួយក្លិបភូជង្គនាគ ខ្សែបម្រើ-ប្រយុទ្ធរូបនេះ ហេង សុខលី បានបន្តលេងឲ្យក្លិបអាជីពជាបន្តបន្ទាប់ រួមមានភ្នំពេញក្រោន បៀលប្រាយយូណាយធីត និងសាកលវិទ្យាល័យអាស៊ីអឺរ៉ុប។
 
 
ក្រៅពីក្លិបបាល់ទាត់អាជីព ហេង សុខលី ក៏ធ្លាប់លេងឲ្យឈុតជម្រើសជាតិយុវជន និងឈុតធំសម្រាប់ការប្រកួតមួយចំនួនផងដែរ។ បើទោះបីជាបានចាកចេញពីបាល់ទាត់ ប៉ុន្តែសុខលី នៅបន្តអាជីពជាមួយកីឡាហ្វុតសាល ដោយបានក្លាយជាកីឡាករជម្រើសជាតិហ្វុតសាល ថែមទៀតផង។
 
កាលពីឆ្នាំ២០១៤ សុខលី រួមចំណែកជួយឲ្យក្រុមហ្វុតសាល Daniel FC បានចំណាត់ថ្នាក់លេខ៣ពីព្រឹត្តិការណ៍ Tiger Street Football នៅសិង្ហបុរី។ អាជីពចុងក្រោយរបស់ សុខលី គឺមានតំណែងជាប្រធានក្រុមនៃក្លិប ដោនថោនស្ព័ត ដែលមានលោក ហ៊ល សុភ័ក្ត្រ ជាអ្នកចាត់ការទូទៅ។ 
 
សូមបញ្ជាក់ថា ហេង សុខលី ធ្លាប់បានជម្នះគ្រោះថ្នាក់ដល់ជីវិតម្តងរួចទៅហើយនាអំឡុងឆ្នាំ២០១៥ ដោយនៅកាលណោះ គឺមានសភាពធ្ងន់ធ្ងរដោយសារជំងឺគៀបឆ្អឹងចង្កេះ។

គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងកាលពីយប់ថ្ងៃទី១២ ខែធ្នូ នៅស្តុបវត្តអង្គតាមិញ ដែលបង្កឡើងដោយរថយន្ត Prius មួយគ្រឿង ខណៈដែល សុខលី ធ្វើដំណើរ​តាម​ម៉ូតូ ចេញពីកន្លែងការងារនៅ​តារាង Downtown Sport។ បើតាមលោក ហ៊ល សុភ័ក្ត្រ សពកីឡាករ ហេង សុខលី ត្រូវតម្កល់ធ្វើបុណ្យនៅវត្តទឹកថ្លា រាជធានីភ្នំពេញ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com