កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ប្រធានកីឡាម៉ូតូទឹកកម្ពុជា៖ យើងសោកស្ដាយ! កីឡាករមានសមត្ថភាពហើយ តែខ្វះម៉ូតូ និងជាងជំនាញ
16, Dec 2022 , 3:39 pm        
រូបភាព
កីឡាករ កម្ពុជា ប្រកួតក្នុងព្រឹត្តិការណ៍ Jet Ski World Series 2022 រូបពី Jet Ski World Series
កីឡាករ កម្ពុជា ប្រកួតក្នុងព្រឹត្តិការណ៍ Jet Ski World Series 2022 រូបពី Jet Ski World Series
សាលី អ៊ូមើត កីឡាករម៉ូតូទឹកកម្ពុជា បញ្ជាក់ថា កីឡាករកម្ពុជា ដែលចូលរួមប្រកួត World Championship ឬ Jet Ski World Series Final Round នៅប្រទេសថៃ មានសមត្ថភាពគ្រប់គ្រាន់ អាចប្រកួតដណ្ដើមជ័យលាភី ជាមួយកីឡាករបរទេស។ ប៉ុន្តែជាបញ្ហា គឺម៉ូតូទឹករបស់កម្ពុជា មិនអាចទ្រាំទ្រដល់បញ្ចប់ការប្រកួតឡើង។ លោក ណុះ ស្លេះ ប្រធានសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា សោកស្ដាយ ចំពោះបញ្ហាកង្វះខាតម៉ូតូទឹក និងជាងជំនាញជួសជុលម៉ូតូទឹកជាដើម។


ព្រឹត្តិការណ៍ប្រកួតជើងឯកម៉ូតូទឹកកម្រិតពិភពលោក World Cup and World Series 2022 ឬ Jet Ski World Series Final Round នៅប្រទេសថៃ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤-១៨ ខែធ្នូ ឆ្នាំ២០២២។ កម្ពុជា មានកីឡាករ ៦រូបចូលរួម រួមមាន កីឡាករ ម៉ីន មូសស្ដាន, សាលី អ៊ូមើត, កៃ វ៉ាន់ស៊ីដែន, សាលី ហ្វីលីន, ម៉ីន អូស្មាន់ និងកីឡាករ តាន់ ទិត្យរិទ្ធី។
  

ការប្រកួតព្រឹត្តិការណ៍ Jet Ski World Series ចាប់ពីថ្ងៃទី១៤-១៨ ខែធ្នូ​ រូបពី Jet Ski World Series
 
សាលី អ៊ូមើត កីឡាករម្នាក់ក្នុងចំណោមនោះ និងជាប្រធានក្រុម បានប្រាប់សារព័ត៌មានថ្មីៗ តាមហ្វេសប៊ុកថា កីឡាករកម្ពុជា មានសមត្ថភាព ប្រជែងយកជ័យលាភីបានក្នុងព្រឹត្តិការណ៍នេះ។ ប្រធានក្រុមរូបនេះ ពន្យល់ថា កីឡាករ ម៉ីន មូសស្ដាន ធ្វើបានល្អនៅជុំទី១ ទី២ និងទី៣ ដោយនាំមុខលើកីឡាករដដៃទៀត ប៉ុន្ដែចូលដល់ជុំទី៤ មិនទទួលបានពិន្ទុទេ ព្រោះម៉ូតូទឹក ខូច ដែលជាហេតុធ្វើឲ្យកីឡាកររូបនេះ បានត្រឹមចំណាត់ថ្នាក់លេខ១០ ក្នុងចំណោមកីឡាករ ១៣នាក់ លើវិញ្ញាសា Expert Ski Grand Prix។
 
កីឡាកររូបនេះ ក៏បានស្នើរដល់សហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា ជួយសម្រួលដល់បញ្ហានេះ ដើម្បីឲ្យកីឡាករកម្ពុជា អាចបញ្ចេញសមត្ថភាពរបស់ខ្លួនពេញលេញ។ សាលី អ៊ូមើត ចាត់ទុកថានេះ ជាការខ្ជះខ្ជាយកម្លាំង និងសមត្ថភាពរបស់កីឡាករ ព្រោះមិនទទួលបានលទ្ធផលអ្វីសោះ បើទោះជាពួកគេ មានកម្រិតបច្ចេកទេសប្រកួតប្រជែង ខ្ពស់ជាងដៃគូ។ 
  

កីឡាករកម្ពុជា ប្រកួតក្នុងព្រឹត្តិការណ៍ Jet Ski World Series 2022 រូបពី Jet Ski World Series
 
អ៊ូមើតបន្ថែមថា៖«សហព័ន្ធ មិនដែលយកចិត្តដោះស្រាយរឿងម៉ូតូទឹក ដោយសារសហព័ន្ធ មិនមានថវិការ។ បើគេ មិនគិតគូ យើងមានតែប្រើរប​ស់ចាស់ៗ។»។
ចំពោះបញ្ហាខាងលើនេះ លោក ណុះ ស្លេះ ប្រធានសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា បានសម្ដែងការសោកស្ដាយចំពោះកីឡាករ ក្នុងការមិនអាចប្រកួតអស់ពីសមត្ថភាព។ ប្រធានរូបនេះ បានសរសើរ កីឡាករ កៃ វ៉ាន់ស៊ីដែន, សាលី អ៊ូមើត, ម៉ីន មូសស្ដាន, សាលី ហ្វីលីន និងម៉ីន អូស្មាន់ ថាជាកីឡាករល្អ មានការអភិវឌ្ឍខ្លួនលឿន ដោយអាចប្រកួត បានយ៉ាងល្អ នៅក្នុងព្រឹត្តិការណ៍ World Championship ជាមួយអន្ដរជាតិ។
 
 លោក ណុះ ស្លេះ និយាយប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទដូច្នេះថា៖«ខ្ញុំ គិតថាប្រសិនយើងមានគ្រឿងបរិក្ខាល្អ គួបផ្សំជាមួយជាងមេកានិចល្អទៀត យើង មានការជឿជាក់ខ្ពស់មែនទែន។ កាលពីមុន យើងបារម្ភ ចំពោះកីឡារបស់យើង ហ្វឹកហាត់មិនដល់ មិនបានគុណផលល្អ ប៉ុន្ដែ ពេលនេះ យើងអាណិតកីឡាករវិញ ព្រោះខ្វះម៉ូតូទឹកដើម្បីប្រណាំង។»។
  

អ្នកគាំទ្រកម្ពុជា ចូលរួមផ្ទាល់នៅកន្លែងប្រកួត រូបពីសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា
 
ប្រធានរូបនេះ បានបន្ថែមទៀតថា ម៉ូតូទឹក ដែលកីឡាករ កំពុងប្រើប្រាស់ជារបស់ចាស់។ «យើង ត្រូវការជាងល្អៗ ដើម្បីជួសជុល ព្រោះយើង មិនទាន់មានម៉ូតូថ្មីសម្រាប់ផ្ដល់ឲ្យគាត់។ កីឡាករ យើងល្អណាស់ ពេលប្រណាំងជុំដំបូង គឺកីឡាករយើង ធ្វើបានល្អណាស់ គេបានលេខ១ និងលេខ២ ដោយសារម៉ូតូចាស់ ពេលដល់ជុំទី៥ ធ្វើឲ្យធ្លាក់ល្បឿន។ បញ្ហាមិនមែនលើមនុស្សទេ ប៉ុន្ដែលើម៉ូតូទៅវិញ។ ម៉ូតូយើងមិនធុន សម្រាប់ការ​ប្រកួតជាមួយគេទេ។»។ 
 
សហព័ន្ធ កំពុងស្វែងរក ម្ចាស់ឧបត្ថម្ភនានា។ ម៉ូតូទឹកមានតម្លៃ ថ្លៃ ដែលជាហេតុត្រូវការចំណាយខ្ពស់ ម្យ៉ាងវិញទៀតថវិការរបស់សហព័ន្ធ មានកំណត់។ ប្រធានរូបនេះ ក៏បានអំពាវនាវឲ្យ អ្នកមានលទ្ធភាពអាចជួយ សម្រាប់ការវិវឌ្ឍនៅវិស័យកីឡាម៉ូតូទឹកកម្ពុជា ដើម្បីអាចទិញឧបករណ៍ និងគ្រឿងបរិក្ខាល្អៗ ដល់កីឡាករម៉ូតូទឹកកម្ពុជា ប្រើប្រាស់សម្រាប់ប្រកួតអន្ដរជាតិនានា។ 
«មិនបាច់ជួយដល់សហព័ន្ធទេ ប៉ុន្ដែអ្នកទាំងនោះ អាចឧបត្ថម្ភ គ្រឿងប្រើប្រាស់សម្រាប់ប្រកួតជូនទៅដល់កីឡាករតែម្ដង។»។ ប្រធានសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា បាននិយាយដូច្នេះ។


លោក ណុះ ស្លេះ ប្រធានសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា ចូលរួមព្រឹត្តិការណ៍ Jet Ski World Series នៅប្រទេសថៃ
 
ក្នុងព្រឹត្តិការណ៍ដដែរនេះ កីឡាករ តាន់ ទិត្យរិទ្ធី ដែលទើបប្រកួត​កម្រិតពិភពលោក ជាលើកដំបូងរបស់ខ្លួន បានប្រាប់សារព័ត៌មានថ្មីៗតាម ហ្វេសប៊ុកថា រូបគេ បានដកស្រង់បទពិសោធន៍ថ្មីជាច្រើនពីការប្រកួតនេះ ជាពិសេសទៀតនោះ គឺត្រូវពង្រឹងសមត្ថភាពឲ្យបានច្រើន ព្រោះកម្រិតរបស់ខ្លួន មិនទាន់អាចប្រកួតជាមួយគេ បាននៅឡើយ។ តាន់ ទិត្យរិទ្ធី បាននិយាយបែបនេះថា៖« ការប្រកួតហាក់បីដូចជាធម្មតា ប៉ុន្ដែសមត្ថភាពខ្ញុំ មិនទាន់ដល់គេ។ ខ្ញុំ ត្រូវហ្វឹកហាត់បន្ថែម។»។
 
កីឡាករ តាន់ ទិត្យរិទ្ធី ប្រកួតលើវិញ្ញាសា Novice Runabout 1100 stock ជាប់ចំណាត់ថ្នាក់លេខ​១៦ ក្នុងចំណោមកីឡាករ ២៥រូប។ រីឯ កីឡាករ ម៉ីន មូសស្ដាន ធ្វើ បានត្រឹមចំណាត់ថ្នាក់លេខ១០ ក្នុងចំណោមកីឡាករប្រកួត ១៣នាក់ លើវិញ្ញាសា Expert Ski Grand Prix។ ចំណែក កីឡាករ ម៉ីន អូស្មាន់ ទទួលបានចំណាត់ថ្នាក់លេខ៧ លើវិញ្ញាសា Novice Ski Stock និងកីឡាករ សាលី ហ្វីលីន ចំណាត់ថ្នាក់លេខ១៣ ចំណោមកីឡាករ ២៥រូប លើវិញ្ញាសា Novice Runabout 1100 Stock។ ដោយឡែក កីឡាករ សាលី អ៊ូមើត ត្រូវប្រកួតនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២។ 
 
គួរបញ្ជាក់ថា ការប្រកួតព្រឹត្តិការណ៍ Jet Ski World Series Final Round ចាប់ពីថ្ងៃទី១៤-១៨ ខែធ្នូ ឆ្នាំ២០២២ នៅប្រទេសថៃ។ ការប្រកួតនេះ មានប្រមាណ​៦៥​ប្រទេស និងកីឡា​ករ​ ​ ២០០០នាក់ បានចុះឈ្មោះ​ លេី​ ១៦ប្រភេទវិញ្ញាសា៕
 

Tag:
 កីឡាម៉ូតូទឹក
  សាលី អ៊ូមើត
  ណុះ ស្លេះ
© រក្សាសិទ្ធិដោយ thmeythmey.com