ជាតិ
CDC សម្រេចឱ្យក្រុមហ៊ុនចំនួន១៣ បោះទុនជាង ៤០០លានដុល្លារ វិនិយោគនៅកម្ពុជា
16, Dec 2022 , 6:59 pm        
រូបភាព
front ផលិតផលដែលCDC បានអនុម័តឱ្យក្រុមហ៊ុន រកស៊ីនៅកម្ពុជា (រូបភាពពី CDC)
front ផលិតផលដែលCDC បានអនុម័តឱ្យក្រុមហ៊ុន រកស៊ីនៅកម្ពុជា (រូបភាពពី CDC)
ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តក្រុមហ៊ុនចំនួន១៣ ដែល​វិនិយោគទុនជាង ៤០០លានដុល្លារ ដើម្បីបើកអាជីវកម្មសណ្ឋាគារ រោងចក្រផលិតប្លាស្ទិក និងគ្រឿងបរិក្ខារ រួមទាំងរោងចក្រកាត់ដេរជាច្រើនទៀត។ ការអនុម័តរបស់ CDC ដល់ក្រុមហ៊ុននេះគឺ អាចផ្តល់ការងារដល់ពលរដ្ឋជាង ១ម៉ឺនកន្លែង។
 
ក្រុមហ៊ុនទាំង១៣ ដែល CDCបានអនុម័តនោះរួមមានក្រុមហ៊ុន MARITIME CITY CO., LTD បាន បោះទុនវិនិយោគប្រមាណ ១៦៤,៤លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១ ៤៥៥កន្លែង។ ចំណែក ក្រុមហ៊ុនONEPLUS NEW MATERIAL TECHNOLOGY CO., LTD. បានបង្កើតរោងចក្រផលិតទុយោប្លាស្ទិក គ្រឿងតំណបំពង់ទីបជ័រគ្រប់ប្រភេទ និងគ្រឿងបន្ទាប់បន្សំ វិនិយោគទឹកប្រាក់ចំនួន ៥,៥លានដុល្លារ និងអាចបង្កើតការងារបានចំនួនប្រមាណ ៧០កន្លែង។
 
ចំពោះក្រុមហ៊ុន JINLAI TEXTILES CO., LTD. គម្រោងបង្កើតរោងចក្រផលិតភួយ បោះទុនវិនិយោគចំនួន ១លានដុល្លារ និងអាចបង្កើតការងារបានចំនួនប្រមាណ ១០០កន្លែង។ រីឯ ក្រុមហ៊ុនXINJINCAI PLASTIC (CAMBODIA) CO., LTD. ជារោងចក្រផលិតសម្ភារៈវេចខ្ចប់គ្រប់ប្រភេទ បានវិនិយោគចំនួន ១លានដុល្លារ និងអាចបង្កើតការងារបានចំនួនប្រមាណ ៨០កន្លែង។ 
 
ទន្ទឹងនឹងនោះក៏មាន ក្រុមហ៊ុន HUAN HAI BO LAI INTERNATIONAL INVESTMENT CO., LTD. គម្រោងវិនិយោគសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ បានបោះទុនវិនិយោគចំនួន ១៦៨លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៩៥៥កន្លែងផងដែរ។ ដោយ ក្រុមហ៊ុនទាំង៥ ខាងលើនេះ គឺមានទីតាំងស្ថិតនៅ ខេត្តព្រះសីហនុ។
 
ដោយឡែក ក្រុមហ៊ុន GREEN VISION RISING CO., LTD ដែលជាគម្រោងបង្កើតរោងចក្រកែច្នៃឈើដាំគ្រប់ប្រភេទ (Veneer, Wood Pallet, Plywood...)  បានវិនិយោគទុនចំនួនប្រមាណ ៤៤,២ លានដុល្លារ។ ក្រុមហ៊ុននេះ មានទីតាំងស្ថិតនៅ ខេត្តកំពង់ធំ ព្រមទាំងបង្កើតការងារដល់ពលរដ្ឋចំនួន ១ ៤១៤ កន្លែង។
 
យ៉ាងណាមិញ ក្រុមហ៊ុន TELEMOBILE (CAMBODIA) CORPORATION (T.C.C) ជាគម្រោងវិនិយោគសាងសង់ ដំឡើង និងប្រតិបត្តិការបង្គោលអង់តែនទូរគមនាគមន៍ ដែលមានទីតាំងចំនួន ១៥រាជធានី-ខេត្ត។ ក្រុមហ៊ុននេះវិនិយោគទុនចំនួនប្រមាណ ២៧,៥លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១០៦កន្លែង។
 
ក្រុមហ៊ុនបន្ទាប់គឺ ZHUO KANG SHOES CO., LTD. ជារោងចក្រផលិតស្បែកជើងគ្រប់ប្រភេទ បោះទុនវិនិយោគប្រមាណ ៥,៦លានដុល្លារ ព្រមទាំងបង្កើតការងារបានចំនួន ២ ១៤៩កន្លែង។ បន្ទាប់មកទៀតគឺ ក្រុមហ៊ុន FANMAR AUTO PART (CAMBODIA) CO., LTD រោងចក្រផលិតគ្រឿងបន្លាស់រថយន្តគ្រប់ប្រភេទ បានវិនិយោគប្រមាណ ៥,២លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១២៧កន្លែង។ គម្រោងទាំងពីរនេះ គឺមានទីតាំងស្ថិតនៅ រាជធានីភ្នំពេញ។
 
រីឯ ក្រុមហ៊ុន YANLING ACCESSORIES (CAMBODIA) CO., LTD ជារោងចក្រខារអំបោះគ្រប់ប្រភេទ ដែលមានទីតាំងនៅ ខេត្តកំពង់ស្ពឺ បានបោះទុនវិនិយោគប្រមាណ ៥, ១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២០៣កន្លែង។ ដោយឡែក ក្រុមហ៊ុន RUNSING KNITTING INTERNATIONAL CO., LTD ស្ថិតនៅ ខេត្តកណ្តាល ក៏បានវិនិយោគប្រមាណ ៥,៣លានដុល្លារ និងផ្តល់ការងារបានចំនួន ១ ៧៨៦កន្លែង។
 
តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន NEW SHUI YAT (CAMBODIA) CO., LTD  បង្កើតរោងចក្រផលិតកេសកាតុង ថង់ប្លាស្ទិក និងអេប៉ុង ស្ថិតនៅ ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ៨,៥លានដុល្លារ បានបង្កើតការងារបានចំនួន ៣៥៨កន្លែង។ និងក្រុមហ៊ុន KANJIN (CAMBODIA) LUGGAGE CO., LTD គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងនៅ ស្រុកកោះធំ ខេត្តកណ្តាល ​បានបោះទុនវិនិយោគប្រមាណ៥,៥លានដុល្លារ ក្នុងនោះក៏បានបង្កើតការងារបានចំនួន ១ ៧៧០កន្លែងផងដែរ៕
 

Tag:
 ThmeyThmey25
  CDC
  ក្រុមហ៊ុន
© រក្សាសិទ្ធិដោយ thmeythmey.com