ជាតិ
អ្នកនាំពាក្យក្រសួងអប់រំ៖ កំណែកិច្ចការប្រឡងបាក់ឌុប មានភាពរលូនដូចការគ្រោងទុក
16, Dec 2022 , 7:59 pm        
រូបភាព
លោក រស់ សុវាចា អ្នកនាំពាក្យ ក្រសួងអប់រំ យុជន និងកីឡា  រូបភាពពី លោក រស់ សុវាចា ផ្ទាល់.
លោក រស់ សុវាចា អ្នកនាំពាក្យ ក្រសួងអប់រំ យុជន និងកីឡា រូបភាពពី លោក រស់ សុវាចា ផ្ទាល់.
ដោយ៖ សុង សុធាវី
ភ្នំពេញ៖  ដំណើរការកំណែកិច្ចការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ប្រព្រឹត្តទៅដោយរលូនដូចការគ្រោងទុក។ លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ។ 

បើតាមលោក រស់ សុវាចា ការកំណែវិញ្ញាសា ចាប់ពីថ្ងៃទី១២ ដល់ ១៤ ធ្នូ គ្មានចំណុចអវិជ្ជមានអ្វីឡើយ ពោលគឺដំណើរការទៅយ៉ាងល្អ។ ថ្លែងប្រាប់សារព័ត៌មានថ្មីៗ តាមតេឡេក្រាម អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា៖«ក្រោយពីកែកិច្ចការបេក្ខជនចប់ ប្រធានមណ្ឌលកំណែដឹកសន្លឹក​ MCS  ឯកសារផ្សេងៗមកទុកនៅកន្លែងមានសុវត្ថិភាព ហើយតាមការគ្រោងទុកនៅថ្ងៃទី១៥ ធ្នូ ២០២២ នឹងមានការប្រជុំគណៈកម្មការស្រង់ បូកពិន្ទុ ដោយកុំព្យូទ័រ និងគណៈកម្មការផ្ទៀងផ្ទាត់»។
 
ដោយឡែកនៅថ្ងៃទី១៦ ដល់២៥ ធ្នូ ក្រសួងអប់រំ នឹងដំណើរការបូកពិន្ទុស្រង់ដោយកំព្យូទ័រ ពិនិត្យផ្ទៀងផ្ទាត់ពិន្ទុ។ នេះជាការបញ្ជាក់របស់លោក សុវាចា ដែលបានបន្ថែមថា៖« នៅថ្ងៃទី២៦ ធ្នូ ក្រសួងអប់រំ យុជន និងកីឡា នឹងប្រជុំសម្រេចលើលទ្ធផលប្រឡងបាក់ឌុប ដើម្បីត្រៀមប្រកាសជូនបេក្ខជនតាមការគ្រោងទុក »។
 
ការប្រកាសលទ្ធផលសម្រាប់បេក្ខជននៅរាជធានីភ្នំពេញ និងខេត្តកណ្តាល ធ្វើឡើងនៅថ្ងៃទី២៧ធ្នូ ។ ដោយឡែកលទ្ធផលបេក្ខជនតាមខេត្តផ្សេងៗ នឹងប្រកាសនៅថ្ងៃទី២៨ ខែធ្នូ ។
សម្រាប់ការប្រឡងបាក់ឌុបឆ្នាំនេះ បេក្ខជនសរុបមានចំនួន១២៨ ១៣៥នាក់ (ស្រី៦៨ ៧៧១នាក់) មាន២២១មណ្ឌល ដែលត្រូវជា៥ ១៧៤បន្ទប់៕
 
 
 

Tag:
 វិស័យអប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com