ជាតិ
ភ្លៀងច្រើន ធ្វើឱ្យដំឡូងមីធ្លាក់ទិន្នផល ខណៈតម្លៃមិនកបប្រសើរ
16, Dec 2022 , 8:59 pm        
រូបភាព
រូបពី មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ
រូបពី មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ
ភ្នំពេញ៖ ភ្លៀងធ្លាក់ជោកជាំពីដើមឆ្នាំ បានធ្វើឱ្យដំឡូងមីនៅខេត្តព្រះវិហារ និងតំបន់ខ្លះទៀត បាត់បង់ទិន្នផលប្រហែល ២០ទៅ៣០ភាគរយ ក្រោយមើមរលួយ។ ដំណាំប្រភេទនេះ ក៏មិនទទួលបានតម្លៃល្អប៉ុន្មានដែរ ពោលគឺបានត្រឹមតែជាង ២០០រៀលប៉ុណ្ណោះ ក្នុងមួយគីឡូក្រាម សម្រាប់មើមសើម និងស្ងួត បានប្រមាណ ៩០០រៀល ក្នុងមួយគីឡូក្រាម។


នៅឆ្នាំ២០២២នេះ គឺជាឆ្នាំមួយដែលកសិករសម្រុកដាំដំឡូងមីច្រើនជាងឆ្នាំមុនៗ តែផ្ទុយទៅវិញ ពួកគេបានរងការខាតបង់ដោយឈ្មួញទម្លាក់តម្លៃ។ ជាងនេះទៀត ជីថ្នាំកសិកម្ម និងឈ្នួលភ្ជួរ ក៏ឡើងថ្លៃផងដែរ ធ្វើឱ្យកសិករចង់បោះបង់ការងារដាំដំឡូងមីនេះចោល។ 
  

លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម ខេត្តត្បូងឃ្មុំ

លោក អឿន ណៃ កសិករដាំដំឡូងមីប្រមាណ៦ហិកតា នៅឃុំតស៊ូ ស្រុកសែនជ័យ ខេត្តព្រះវិហារ បានឱ្យដឹងថា ឆ្នាំនេះ ដំឡូងមីរបស់លោក បានបាត់បង់ទិន្នផលប្រហែល៥ ទៅ១០ តោនក្នុងមួយហិកតា ដោយសារភ្លៀងធ្លាក់ធ្លាក់ច្រើន ធ្វើឱ្យរលួយមើម។ ឆ្នាំកន្លងទៅ លោក អឿន ណៃ អាចប្រមូលផលដំឡូងចន្លោះពី ២០ទៅ២៥តោន ក្នុងមួយហិកតា ប៉ុន្តែ ឆ្នាំនេះ លោកបានផលត្រឹម១៥ ឬ១៨តោនប៉ុណ្ណោះ ក្នុងមួយហិកតា។  
 
នៅរដូវប្រមូលផលនេះ ដំឡូងមី ក៏មិនទទួលបានតម្លៃល្អប៉ុន្មានដែរ ដោយសារឈ្មួញទម្លាក់ថ្លៃ។ ជាក់ស្ដែង ដំឡូងមីស្រស់ អាចលក់បាន ២៤០ ទៅ២៦០រៀល ក្នុងមួយគីឡូក្រាម និងស្ងួតមានតម្លៃ ៨៥០រៀល ក្នុងមួយគីឡូក្រាម។ ប្រសិនបើ កសិករលក់ទៅឱ្យសហគមន៍កសិកម្ម អាចទទួលបានតម្លៃប្រមាណ ៣០០រៀលក្នុងមួយគីឡូក្រាម ប៉ុន្តែ ពួកគេត្រូវចំណាយថ្លៃដឹកជញ្ជូនដល់សហគមន៍ដោយខ្លួនឯង។ 
 
លោក អឿន ណៃ បន្តថា បច្ចុប្បន្ន កសិករជួបបញ្ហាប្រឈមខ្លាំងបំផុតនោះ គឺតម្លៃឡើងចុះ តាមមាត់ឈ្មួញ។ ដូច្នេះ លោក ចង់បានតម្លៃសមរម្យ និងមាននិរន្តរភាព។ លោក ប្រាប់ដូច្នេះថា៖«ឆ្នាំទិន្នផល មិនជាបានច្រើនប៉ុន្មានទេ ដោយសារភ្លៀងខ្លាំងពេក ធ្វើឱ្យរលួយមើមច្រើន ហើយតម្លៃទីផ្សារ រៀងយ៉ាប់។ នៅពេលបានតម្លៃថោក អ៊ីចឹង ខ្ញុំចង់បាក់ទឹកចិត្តដែរ ព្រោះចំណាយក៏ច្រើន លើថ្នាំបាញ់ស្មៅ ឈ្នួលភ្ជួរ ហើយធ្វើមិនសូវបានផល»។ 
 
ដំឡូងមី ចាប់ផ្ដើមប្រមូលផល ចាប់ពីខែកញ្ញា រហូតដល់ខែកុម្ភៈ ឆ្នាំ២០២៣។ សព្វថ្ងៃ កសិករ ប្រមូលផលបានប្រមាណ ៥០ភាគរយហើយ។ 
លោក វ៉ា ឡុន កសិករដាំឡូងមី ៣ហិកតា នៅខេត្តព្រះវិហារ បានលើកឡើងស្រដៀងគ្នាថា បច្ចុប្បន្ន ដំឡូងមី ហាក់ធ្លាក់ថ្លៃបន្តិច ពោលគឺបានត្រឹមជាង ២៨០រៀល ក្នុងមួយគីឡូក្រាម សម្រាប់មើមសើម និងស្ងួត បាន ២៨០រៀល ក្នុងមួយគីឡូក្រាម។ ទន្ទឹមនេះ ទិន្នផល ក៏បានធ្លាក់ចុះច្រើនផងដែរ ដោយសារកត្តាទឹកភ្លៀង។ 
 
មូលហេតុដែលធ្វើឱ្យ ដំឡូងមី ជាំទឹក ដោយសារ លោក វ៉ា ឡុន ដាំដុះនៅតំបន់ទំនាប ដែលងាយរងគ្រោះពីទឹកភ្លៀង។ កសិករ រូបនេះ បានត្អូញត្អែរ បាត់បង់ប្រាក់ចំណេញ ព្រោះទិន្នផលធ្លាក់ ចំពេលឈ្មួលភ្ជួរ និងថ្នាំកសិកម្មឡើងថ្លៃ។   
 
លោក ប្រាប់ដូច្នេះថា៖«​ប្រសិនបើ អ្នកអត់ប៉ះពាល់ជាមួយទឹកជំនន់ ទិន្នផលអត់ធ្លាក់ទេ តែបើអ្នកជួប បញ្ហារលួយ គឺធ្លាក់ទិន្នផលច្រើនដែរហ្នឹង អាចដល់ ៣០ទៅ៤០ភាគរយ ក្នុងមួយហិកតា។ អ្នកខ្លះមិនទាំងរួចខ្លួនផង ព្រោះដាំប៉ះតំបន់ទាប វាលួយអស់ អ្នកខ្លះ កាត់ថ្លៃចំណាយហើយ ក៏រួចដើមវិញទៅ។ អ៊ីចឹង បានថា ពិបាកធ្វើដែរហ្នឹង ដំណាំដំឡូងមីនេះ»។  
 
កម្ពុជា ចាត់ទុកដំឡូងមី គឺជាដំណាំមានសារសំខាន់ទី៣ បន្ទាប់ពីដំណាំស្រូវ និងពោត។ គិតត្រឹមរយៈពេល ១០ខែឆ្នាំ២០២២នេះ កម្ពុជា បាននាំចេញចំណិតដំឡូងមីក្រៀមចំនួន ១៦៧ ០០៩ ០ តោន កើនឡើង ២៤ភាគរយ។ ដំឡូងមីស្រស់ ចំនួន ១១២ ៩០០ ០តោន កើនឡើង ៥១ភាគរយ។ ម្ស៉ៅដំឡូងមី ចំនួន ៥២០ ៨៣តោន កើនឡើង ៩៣ភាគរយ និងកាកសំណល់ដំឡូងមី ចំនួន ៩១៧ ៩តោន។ ផលិតដំឡូងមី របស់កម្ពុជា ភាគច្រើន នាំចេញ ទៅវៀតណាម និងថៃ៕   
 
 

Tag:
 កសិកម្ម
  ដំឡូងមី
© រក្សាសិទ្ធិដោយ thmeythmey.com