ជាតិ
ឃ្លាំងស្ដុកស្រូវធំៗចំនួន៣ នៅត្បូងឃ្មុំ នឹងត្រូវដាក់ឱ្យប្រើប្រាស់ក្នុងរដូវប្រមូលផលនេះ
16, Dec 2022 , 9:59 pm        
រូបភាព
 រូបពី មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ
រូបពី មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ
ភ្នំពេញ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ នឹងត្រូវបានដាក់ឱ្យដំណើរការឃ្លាំងស្ដុកស្រូវចំនួន៣ ដែលមានសមត្ថភាពផ្ទុកប្រហែល៣០០តោន នៅរដូវប្រមូលផលនេះ។ ឃ្លាំងស្ដុកស្រូវនេះ នឹងផ្ដល់ប្រយោជន៍ដល់សហគមន៍កសិកម្មចំនួន ២០ក្នុងខេត្តត្បូងឃ្មុំ ដោយពួកគេអាចយកស្រូវមកស្តុកទុកនៅពេលស្រូវចុះថោក និងលក់ចេញ នៅពេលស្រូវឡើងថ្លៃ។
 
 
សមិទ្ធផល​ថ្មីនេះ គាំទ្រដោយ «គម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈស្ថាន (CFAVC)» ដែលរដ្ឋាភិបាលកម្ពុជា បានឥណទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) អនុវត្តដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងធនធានទឹក និងឧតុនិយម។ 
  

 លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ និងក្រុមការងារ ចុះពិនិត្យគម្រោងសាងសង់ឃ្លាំងស្តុកស្រូវ នៅសហគមន៍កសិកម្មសាមគ្គីកក់ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២។ រូបពី មន្ទីរកសិកម្មខេត្តត្បូងឃ្មុំ 
 
លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ បានឱ្យដឹងថា ឃ្លាំងស្តុកស្រូវចំនួន៣ ត្រូវបានសាងសង់រួចរាល់ហើយ នៅឃុំតំបែរ ស្រុកតំបែរ និងឃុំកក់ ឃុំកោងកាង ស្រុកពញាក្រែក ដែលនឹងដាក់ឱ្យដំណើរការចាប់ពីរដូវប្រមូលផលនេះតទៅ។ ឃ្លាំងស្ដុកស្រូវនេះ ត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់សម្រាប់តែកសិករ ដែលចងក្រងជាសហគមន៍កសិកម្មប៉ុណ្ណោះ ដើម្បីធានាដល់តម្លៃ និងការកែច្នៃស្រូវ របស់ពួកគេឱ្យមាននិរន្តរភាព។ 
 
ប្រធានមន្ទីរកសិកម្មរូបនេះ រម្លឹកថា កាលពីឆ្នាំ១៩៨០ ឬដើមឆ្នាំ១៩៩០ កសិករមានជង្រុកស្រូវស្ទើរគ្រាប់គ្នា ប៉ុន្តែ សព្វថ្ងៃ កសិករមិនមានជង្រុក ឬឃ្លាំងស្តុកត្រឹមត្រូវនោះទេ។ ដូច្នេះ លោក បានណែនាំដល់កសិករ នៅប្រមូលផលរួច ត្រូវយកស្រូវមកស្តុកក្នុងឃ្លាំងឱ្យបានត្រឹមត្រូវ។ 
 
លោក ហេង ពិសិដ្ឋ ប្រាប់ដូច្នេះថា៖« ការដែលសាងសង់ឃ្លាំងហ្នឹង ទី១ ដើម្បីកុំឱ្យគាត់(កសិករ) លក់ស្រូវសើមដែលមានតម្លៃថោក អ៊ីចឹងចង់ឱ្យគាត់ចេះតែថែរក្សាស្រូវ ទុកធ្វើអាជីវកម្ម។ ទី២ ធានាដល់ករណីស្រូវចុះថោក អ៊ីចឹង គាត់អាចយកស្រូវហ្នឹង មកទុកក្នុងហឃ្លាំងសិន។ យើងចង់ឃើញកសិករយើងស្តុកកសិផល និងកែច្នៃកសិផល បង្កើតជាពាណិជ្ជកម្ម ដូចជាកិនអង្ករលក់ ដើម្បីចំណូលរបស់ខ្លួន»។ 
 
បន្ទាប់ពីមានឃ្លាំងស្តុកស្រូវ សហគមន៍កសិកម្មសាមគ្គីកក់ បានរៀបចំផ្ទៃដីផលិតស្រូវរដូវប្រាំងចំនួន ៦៦ហិកតា នៅសងខាងប្រឡាយទឹក ដើម្បីបង្កើនការផលិតឱ្យបាន ២ទៅ៣ដងក្នុងមួយឆ្នាំ។ 
 
ទន្ទឹមនេះ លោក ហេង ពិសិដ្ឋ បានណែនាំដល់សហគមន៍ ត្រូវបង្កើនការផលិតស្រូវចំណី និងក្រុមផលិតស្រូវពូជ ដោយខ្លួនឯង។ ទន្ទឹមនេះ ថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្ម ត្រូវពិភាក្សាគ្នាបង្កើនទុន ដើម្បីប្រមូលទិញស្រូវស្តុកទុកក្នុងឃ្លាំងសម្រាប់កិនជាអង្ករលក់ក្នុង និងក្រៅខេត្ត។ 
 
មិនតែប៉ុណ្ណោះ ត្រូវពិភាក្សាជាមួយសមាជិក អាជ្ញាធរ មន្ទីរ អង្គភាពជំនាញពាក់ព័ន្ធលើការគ្រប់គ្រងទឹក សម្រាប់ប្រើប្រាស់ក្នុងផលិតកម្មស្រូវ និងចៀសវាងស្រែហួសសមត្ថភាពទឹកផ្គត់ផ្គង់។ ជំរុញពលរដ្ឋ ដែលមានចិញ្ចឹមសត្វគោក្របី ឱ្យសាងសង់ឡជីវឧស្ម័ន ដើម្បីទទួលបាននូវថាមពលសម្រាប់ប្រើប្រាស់ និងជីសម្រាប់ដំណាំ ដើម្បីចូលរួមចំណែកការពារបរិស្ថាន និងកាត់បន្ថយការចំណាយលើការទិញជីគីមី៕ 
 

Tag:
 កសិកម្ម
  ឃ្លាំងស្តុកស្រូវ
  មន្ទីរកសិកម្មខេត្តត្បូងឃ្មុំ
© រក្សាសិទ្ធិដោយ thmeythmey.com