ជាតិ
វេទិកានិពន្ធនាយក៖ សម្តេច ហ៊ុន សែន ឲ្យរួមគ្នាបន្តប្រឆាំងជនឱកាសនិយមជ្រកក្រោមស្លាកសារព័ត៌មាន
17, Dec 2022 , 10:08 am        
រូបភាព
ដោយ: រួបរួម
ការពង្រឹងការប្រតិបត្តិក្រមសីលធម៌ និងវិជ្ជាជីវៈឲ្យបានខ្ជាប់ខ្ជួន។ នេះជាអនុសាសន៍ទីមួយរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈសារលិខិតដែលអានដោយលោក កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការក្រសួងសារព័ត៌មាន សម្រាប់វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី១៩ នាព្រឹកថ្ងៃទី១៧ ខែធ្នូ នៅសណ្ឋាគារកាំបូឌីយ៉ាណា ដែលរៀបចំដោយក្លិបអ្នកកាសែតកម្ពុជា។
 
តាមរយៈសារលិខិតដែលមាន៣ទំព័រ ប្រមុខរដ្ឋាភិបាល បានកត់សម្គាល់ពីគុណតម្លៃនៃវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា ដែលអនុញ្ញាតឲ្យថ្នាក់ដឹកនាំស្ថាប័នសារព័ត៌មាន ក្នុងការជួបជុំពិភាក្សាផ្លាស់ប្តូរយោបល់ ចែករំលែកបទពិសោធន៍ និងដោះស្រាយបញ្ហានានា។
 
ជាមួយនឹងការអបអរសាទរវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាឆ្នាំ២០២២ នេះ សម្តេច ហ៊ុន សែន បានលើកឡើងពីការរីកចម្រើនយ៉ាងឆាប់រហ័សនៃឧស្សាហកម្មប្រព័ន្ធផ្សព្វផ្សាយព័ត៌មាននៅកម្ពុជា ក៏ដូចជាវិស័យផ្សេងទៀត។ 
 
សម្តេចក៏បានសម្តែងការអរគុណផងដែរចំពោះអ្នកសារព័ត៌មាន និងស្ថាប័នសារព័ត៌មាន ដែលបានចូលរួមជាមួយរដ្ឋាភិបាល ក្នុងការចូលរួមផ្សព្វផ្សាយពាក់ព័ន្ធនឹងកូវីដ-១៩, កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំពាក់ព័ន្ធ, កិច្ចប្រជុំអន្តរសភាអាស៊ាន (AIPA) លើកទី៤៣ ជាដើម។
 
ប្រមុខរដ្ឋាភិបាល បានកោតសរសើរអង្គភាពសារព័ត៌មាន សមាគម និងក្លិបអ្នកកាសែតកម្ពុជា លើការបណ្តុះបណ្តាលធនធានមនុស្សលើវិស័យសារព័ត៌មាន ពង្រឹងសមត្ថភាពយល់ដឹង និងការអនុវត្តក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន ក៏ដូចជាអក្ខរកម្មបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយឌីជីថល និងព័ត៌មាន។ ប៉ុន្តែជាមួយគ្នានេះ សម្តេចបានកត់សម្គាល់ឃើញថា អ្នកសារព័ត៌មានមួយចំនួនតូច បានបំពេញការងារដោយបំពានក្រមសីលធម៌ និងវិជ្ជាជីវៈ ដោយគិតតែប្រយោជន៍ផ្ទាល់ខ្លួនផងដែរ។
 
ក្នុងចំណោមអនុសាសន៍ទាំង៥ចំណុចសម្រាប់វេទិកានិពន្ធនាយកលើកទី១៩នេះ  សម្តេច ហ៊ុន សែន បានសង្កត់ធ្ងន់ ពីការពង្រឹងយន្តការប្រតិបត្តិក្រមសីលធម៌ និងវិជ្ជាជីវៈឲ្យបានខ្ជាប់ខ្ជួន និងប្រឆាំងជនឱកាសនិយមជ្រកក្រោមស្លាកសារព័ត៌មានដើម្បីរក្សាគុណតម្លៃ និងសេចក្តីថ្លៃថ្នូររបស់ស្ថាប័នសារព័ត៌មាន។
 
បន្ថែមពីលើនេះ សម្តេចលើកទឹកចិត្តឲ្យមានការបណ្តុះបណ្តាល និងបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយឌីជីថលសម្រាប់អ្នកសារព័ត៌មាន, ការចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ, បន្តផ្សព្វផ្សាយអំពីកូវីដ-១៩ រួមទាំងការផ្សព្វផ្សាយអំពីដំណើរឆ្ពោះទៅព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២នៅកម្ពុជា។
 
សូមបញ្ជាក់ថា វេទិកានិព្ធនាយកលើកទី១៩នេះ មានចាងហ្វាង និពន្ធនាយក តំណាងសមាគម និងថ្នាក់ដឹកនាំសារព័ត៌មានជិត១០០នាក់ មកពី៦០ស្ថាប័ន ចូលរួមពិភាក្សាដើម្បីឈានដល់ការអនុម័តសេចក្តីថ្លែងការណ៍រួមស្តីពី «ការពង្រឹងយន្តការប្រតិបត្តិក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា»៕
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com