ជាតិ
ខេត្តកណ្តាល ត្រូវបាន​ទទួលស្គាល់​ជា​ខេត្តទី៣ «បញ្ឈប់​ការ​បន្ទោបង់ពាសវាលពាសកាល»
20, Dec 2022 , 6:59 pm        
រូបភាព
កិច្ចប្រជុំទទួលស្គាល់ជាផ្លូវការខេត្តកណ្តាលបានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល
កិច្ចប្រជុំទទួលស្គាល់ជាផ្លូវការខេត្តកណ្តាលបានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល
ដោយ៖ សែម ប្រាក់ដាវ
ភ្នំពេញ៖ ខេត្តកណ្តាល ក្លាយជាខេត្តទី៣របស់កម្ពុជា ដែល«បញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល» (ODF) ឆ្នាំ២០២២។ ប្រជាពលរដ្ឋខេត្តកណ្តាល បានកើនឡើងដល់ ១០០ភាគរយ តាមរយៈការប្រើប្រាស់បង្គន់អនាម័យ ហូបទឹកស្អាត និងលាងដៃជាមួយសាប៊ូ។

ខេត្តកណ្តាល បានបំពេញគ្រប់លក្ខខណ្ឌ ក្លាយជាខេត្តសម្រចបាន ការ​បញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល ជាផ្លូវការ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២នេះ។  ​លទ្ធផល​​ដែលសម្រេចបាននេះ គឺចូលរួម​លើកកម្ពស់សុខភាពអនាម័យបរិស្ថានស្អាត ​ការផ្គត់ផ្គង់​ទឹក ការសម្អាត និង​អនាម័យ​ជនបទ​។
 
លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានលើកឡើងថា លទ្ធផល​ដែល​ខេត្តទទួល​បាន​នេះ ចេញពី​ការយកចិត្ត​ទុកដាក់​របស់​រាជរដ្ឋាភិបាល និង​ក្រសួង​អភិវឌ្ឍន៍​ជនបទ ដែលធ្វើឱ្យខេត្តកណ្តាលសម្រេចបានអនាម័យស្អាត បរិស្ថានស្អាត សណ្តាប់ធ្នាប់ របៀបរៀបរយក្នុងសង្គមល្អ និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​។


   លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល។ រូបភាពពី៖ រដ្ឋបាលខេត្តកណ្តាល
 
បច្ចុប្បន្ននៅទូទាំងខេត្តកណ្តាល អត្រាពលរដ្ឋមានប្រភពទឹក​ប្រើប្រាស់ចំនួន៩៥ភាគរយ ស្មើនឹង  ២៥១ ៩៥២ខ្នងផ្ទះ។ លើសពីនេះ ពលរដ្ឋដែលមានបង្គន់អនាម័យប្រើប្រាស់រួម មាន៥ភាគរយ ស្មើនឹង ១២ ០១១ខ្នងផ្ទះ។ នេះបើតាម លោកស្រី ជី ថាវី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ។
 
គួរបញ្ជាក់ដែរ ខេត្តកណ្តាលជាខេត្តទី៣ បានបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ឆ្នាំ២០២២ នៅថ្ងៃទី១៩ ធ្នូ ។ រដ្ឋបាលខេត្តកណ្តាល នឹងទទួលបានជ័យលាភីជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល នៅថ្ងៃទី២២ ខែធ្នូ​ ឆ្នាំ២០២២ ខាងមុខនេះ៕
 
 
 
 

Tag:
 ThmeyThmey25
 ខេត្តកណ្តាល
© រក្សាសិទ្ធិដោយ thmeythmey.com