ជាតិ
ផ្សោតមួយក្បាលទៀតងាប់​ ដោយសារជាប់មងអ្នកនេសាទ
20, Dec 2022 , 5:59 pm        
រូបភាព
អត្រានៃការស្លាបសត្វផ្សោតទឹកសាបនៅកម្ពុជាកើនខ្លាំងក្នុងឆ្នាំ២០២២. រូបភាពដោយអង្គការ WWF
អត្រានៃការស្លាបសត្វផ្សោតទឹកសាបនៅកម្ពុជាកើនខ្លាំងក្នុងឆ្នាំ២០២២. រូបភាពដោយអង្គការ WWF
ដោយ:
ភ្នំពេញ៖ សត្វផ្សោតទឹកសាបឈ្មោលអាយុប្រម៉ាណ២០ឆ្នាំ ត្រូវបានប្រទះឃើញសពអណ្តែតតាមទឹកទន្លេ ក្បែរអន្លង់កោះដំបង ត្រង់ទីតាំងព្រំប្រទល់រវាងខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។ តាមការសន្និដ្ឋានរបស់មន្ត្រីជំនាញ ស្លាកស្នាមនៅជាប់ខ្លួនរបស់វា អាចងាប់ដោយសារជាប់មងអ្នកនេសាទ។  នេះជាសត្វផ្សោតទី៩ ដែលបានកត់ត្រាចូលក្នុងអត្រាមរណភាព​សម្រាប់សត្វផ្សោតទឹកសាបក្នុងឆ្នាំ២០២២។


នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ មានសពផ្សោតទឹកសាបមួយក្បាល អាយុចន្លោះ១៥ទៅ២០ឆ្នាំ ប្រវែង២៣០សង់ទីម៉ែត្រ និងទម្ងន់១៦២គីឡូក្រាម ត្រូវបានអណ្តែតតាមទឹកទន្លេ ក្បែរអន្លង់កោះដំបង ត្រង់ទីតាំងព្រំប្រទល់រវាងខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។ នេះបើតាមសេចក្តីជូនដំណឹងរបស់អង្គការWWF។
  

រូបភាពដោយអង្គការ WWF.
 
ក្រុមជំនាញស្រាវជ្រាវរបស់រដ្ឋបាលជលផល និងអង្គការWWF បានសន្និដ្ឋានបឋមថា សត្វផ្សោតបានស្លាប់ ដោយសារជាប់មងអ្នកនេសាទ។ ផ្សោតនោះមានស្លាកស្នាមនៃសរសៃមងនៅលើផ្ទៃកន្ទុយ ដងខ្លួន និងស្នាមរលាត់នៅលើផ្នែក ក។ ផ្សោតឈ្មោលនេះ ត្រូវបានកត់ត្រាក្នុងអត្រាមរណភាពសម្រាប់ផ្សោតទឹកសាបទី៩ ក្នុងឆ្នាំ២០២២។
 
លោក សេង ទៀក នាយកអង្គការ WWFប្រចាំនៅកម្ពុជា បានលើកឡើងថា៖ «ព័ត៌មានអំពីការរកឃើញសត្វផ្សោតស្លាប់នីមួយៗពិតជាធ្វើឲ្យមានភាពសោកសង្រេងខ្លាំងណាស់។ យើងសោកស្តាយខ្លាំងបំផុតគឺនៅពេលសត្វផ្សោតពេញវ័យ ដែលមានសុខភាពល្អដូចសត្វផ្សោតមួយក្បាលនាពេលនេះ បានបាត់បង់ជីវិត ព្រោះវាប៉ះពាល់ធ្ងន់ធ្ងរដល់លទ្ធភាពនៃការបន្តពូជរបស់សត្វផ្សោតទន្លេមេគង្គ ដែលនៅសល់តិចតួចស្រាប់»។
 
រយៈពេល៣ឆ្នាំចុងក្រោយ គិតចាប់ពីឆ្នាំ២០២០ ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២នេះ មានសត្វផ្សោតសរុបចំនួន២៧ក្បាលបានស្លាប់។ នេះជាអត្រានៃការស្លាប់ដ៏ខ្ពស់ ដែលបង្កជាក្តីព្រួយបារម្ភសម្រាប់សុវត្ថិភាព និងការរំខានដល់ជីវិតរបស់វានៅក្នុងជម្រកធម្មជាតិ។
  

ស្នាកស្នាមនៅលើសត្វផ្សោត។ រូបភាពដោយអង្គការ WWF.
 
ជាមួយគ្នានេះ រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយអង្គការWWF
 
បានអំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ ឲ្យបង្កើនវិធានការអនុវត្តច្បាប់បន្ថែមទៀត ដើម្បីបញ្ឈប់ឲ្យបានទាំងស្រុងនូវរាល់សកម្មភាពនេសាទខុសច្បាប់គ្រប់ទម្រង់នៅក្នុងតំបន់អភិរក្សសត្វផ្សោត។ សកម្មភាពនេសាទខុសច្បាប់នៅតាមទន្លេ បានក្លាយជាគ្រោះកាច ដែលអាចសម្លាប់សត្វផ្សោតទន្លេមេគង្គបានគ្រប់ពេលវេលា។ ជាក់ស្ដែង ដូចសពផ្សោតឈ្មោលដែលបានប្រទះនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២នេះ។
 
សត្វផ្សោត​ទន្លេ​មេគង្គ​ ត្រូវ​បានចាត់ថ្នាក់​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN ជាប្រភេទសត្វកំពុងរងគ្រោះថ្នាក់ជិតផុតពូជបំផុត។ នៅក្នុងឆ្នាំ ២០២០ ការសិក្សាស្ថានភាពចំនួនសត្វផ្សោតដោយរដ្ឋបាលជលផល និងអង្គការ WWF បានប៉ាន់ប្រមាណថា មានសត្វផ្សោតចំនួនត្រឹម ៨៩ ក្បាលប៉ុណ្ណោះកំពុងរស់នៅក្នុងទន្លេមេគង្គក្នុងប្រទេសកម្ពុជា៕
 

Tag:
 ផ្សោតទឹកសាប
  ខេត្តក្រចេះ
  ងាប់
© រក្សាសិទ្ធិដោយ thmeythmey.com