ជាតិ
សម្តេច ហ៊ុន សែន៖ បើយើងគោរពច្បាប់ចរាចរណ៍ អត់មានរឿងត្រូវខ្លាចប៉ូលិសទេ
22, Dec 2022 , 8:44 am        
រូបភាព
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្តព្យាយាមកែប្រែផ្នត់គំនិតប្រជាពលរដ្ឋកម្ពុជា ឲ្យគោរពច្បាប់ចរាចរណ៍ ជាជាងគោរពប៉ូលិសចរាចរណ៍។ សម្តេចបានលើកឡើងបែបនេះ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវលេខ១៤៦B តភ្ជាប់ទៅផ្លូវលេខ១៤៨ ក្នុងខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២២ ខែធ្នូ។
 
ប្រមុខរដ្ឋាភិបាល កត់សម្គាល់ឃើញថា ប្រជាពលរដ្ឋកម្ពុជានាពេលបច្ចុប្បន្ន ខ្លាចប៉ូលិសជាជាងច្បាប់ ដោយតំបន់ដែលគ្មានប៉ូលិស ពួកគេតែងតែបើកបរដោយបំពាន ដូចជានិយាយទូរសព្ទនៅពេលបើកបរ ឬបើកបរលើសល្បឿនកំណត់ជាដើម។
 
«បើយើងគោរពច្បាប់ចរាចរណ៍ អត់មានរឿងត្រូវខ្លាចប៉ូលិសទេ»។ សម្តេចបានក្រើនរំលឹកពលរដ្ឋ ដោយបញ្ជាក់ថា គ្មានអ្នកណាទៅស្លាប់ ឬរបួសជំនួសអ្នកមិនគោរពច្បាប់ចរាចរណ៍នោះឡើយ។
 
ប្រមុខរដ្ឋាភិបាល ណែនាំឲ្យពលរដ្ឋគោរពខ្លាចច្បាប់ចរាចរណ៍ ជាជាងប៉ូលិស។ សម្តេចបន្ថែមថា៖ «យើងត្រូវតែកែប្រែផ្នត់គំនិតប្រជាពលរដ្ឋយើងឲ្យបានច្បាស់នៅចំណុចនេះ»៕ 
 

Tag:
 ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com