ជាតិ
ព្រះ​គ្រូ​សូត្រ​ឆ្វេង​វត្ត​ឧណ្ណាលោម បកស្រាយ​ពី​ការ​វាយ​កុដិ​លេខ​៤៤, ៤៥, ៤៦
22, Dec 2022 , 3:09 pm        
រូបភាព
គ្រឿងចក្រកំពុងពង្រាបថ្មនិងដីនៃទីតាំងកុដិលេខ៤៤ ៤៥ និង៤៦ ក្នុងបរិវេណវត្តឧណ្ណាលោម
គ្រឿងចក្រកំពុងពង្រាបថ្មនិងដីនៃទីតាំងកុដិលេខ៤៤ ៤៥ និង៤៦ ក្នុងបរិវេណវត្តឧណ្ណាលោម
ភ្នំពេញ​៖ ព្រះ​គ្រូ​សូត្រ​ឆ្វេ​ង​​វត្ត​ឧណ្ណាលោម​ ព្រះ​អង្គ​ ស្រី ណារុន បាន​ពន្យល់ពី​ករណី​សម្រេច​វាយកម្ទេច​​កុដិ​លេខ​៤៤, ៤៥, ៤៦ កាលពី​ថ្ងៃ​៧ ខែធ្នូ។ ព្រះអង្គ​បាន​បញ្ជាក់ថា ព្រះអង្គ​មិនបាន​ដឹងថា កុដិទាំងនោះ ត្រូវបាន​ចុះក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌជាតិឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ ​ព្រះអង្គបានអះអាងថា បាន​​សុំលិខិត​បញ្ជាក់ពីខាងមន្ទីរវប្បធម៌ តាំងពីថ្ងៃទី​៩ ខែធ្នូ ប៉ុន្តែ​ដល់​ថ្ងៃទី២១ ខែ​ធ្នូ នៅតែមិនទទួល​បាន​ដំណឹង។
 
ថេរដីកា​​ប្រាប់សារព័ត៌មាន​ថ្មីៗ តាម​ទូរសព្ទ នៅ​ថ្ងៃទី​២១ ខែធ្នូ ព្រះគ្រូ​សូត្រ​ឆ្វេង ស្រី ណារុន ទទួល​ស្គាល់ថា មុនពេល​វាយ​កុដិ​លេខ​៤៤, ៤៥ និង​៤៦ ខាងវត្ត​ពុំបាន​សុំ​ច្បាប់អនុញ្ញាតពីអាជ្ញាធរមែន ព្រោះ​ដោយសារ​តែមិន​បាន​ឃើញ​បញ្ជីស្នាម​ណាមួយ ដែល​ថាកុដិទាំងនោះ ជាសម្បត្តិ​បេតិកភណ្ឌ។
 

អតីតព្រះមហាកុដិរបស់ សម្ដេចព្រះ សង្ឃរាជ ជួន ណាត ជោតញ្ញាណោនៅទិសខាងត្បូងឈាងកើត ក្បែរកុដិលេខ៤៤,៤៥ និង៤៦ដែលត្រូវបានវាយរាបដល់ដី

ព្រះអង្គ បានអះអាង​ថា ក្នុង​ចំណោម​កុដិ​ទាំង​៣ ​មាន​កុដិ​បុរាណតែ​​១​ប៉ុណ្ណោះ គឺ​កុដិ​លេខ​៤៥​ ​ ដែល​បាន​កសាង​ក្នុងអំឡុង​​ឆ្នាំ​១៩៣០​។ ក្រៅពីកុដិទាំង​៣ មាន​កុដិ​លេខ​៤៣​មួយទៀត ហើយ​បើតាមទិដ្ឋភាពជាក់ស្តែងដែល​សារព័ត៌មាន​ថ្មីៗ បានឃើញនៅព្រឹក​ថ្ងៃទី​២២ ខែធ្នូ កុដិនេះ មិនមាន​ការ​​វាយកម្ទេចឡើយ។
 
​កុដិ​លេខ​៤៣​ ត្រូវ​បាន​កសាង​ក្នុង​អំឡុង​ឆ្នាំ​២០០០ ដោយ​មក​ដល់​បច្ចុប្បន្ន​មិន​ទាន់​សង់​រួច​រាល់​ឡើយ​) និង​កុដិ​លេខ​​៤៤​ ពុំ​មាន​កាល​បរិច្ឆេទ​ច្បាស់​លាស់ឡើយ​​។ ទោះ​ជា​យ៉ាង​ណា​ ព្រះ​អង្គ​អះ​អាង​ថា កុដិ​លេខ​៤៤​នោះ ពុំ​មាន​អាយុ​ច្រើន​ ដូច​កុដិ​លេខ​៤៥​ឡើយ​។
 
កាលពី​​ថ្ងៃ​ទី​២១​ ខែ​ធ្នូ ផង​ដែរ ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ ​បាន​ចេញ​លិខិត​ជូន​ដំណឹងជាលើកទី២​​​ ស្ដី​ពី​ការ​វាយ​កម្ទេច​​កុដិ​បុរាណ​ចំនួ​ន​៣ ក្នុង​បរិវេណ​វត្ត​ឧណ្ណាលោម​​។ ក្នុង​លិខិត​នោះ​ ក្រសួងបាន​បញ្ជាក់​ថា ការ​វាយ​កុដិ​បុរាណ​ចំនួន​៣​ (លេខ​៤៣, ៤៤​ និង​៤៥​) ដែល​បាន​កសាង​​​នា​អំឡុង​ឆ្នាំ​​១៩៣០​ ក្នុង​បរិវេណ​វត្ត​ឧណ្ណាលោម​ រហូត​បាត់​បង់​រូប​ភាព​ដើម​ទាំង​ស្រុង​ កាល​ពី​ថ្ងៃ​ទី​១២ ខែ​ធ្នូ​ ឆ្នាំ​២០២២​កន្លង​ទៅ ក្រសួង​វប្បធម៌​ និង​សហការ​ជា​មួយ​អាជ្ញាធរ​ដែន​ដី​ និង​ស្ថាប័ន​ពាក់​ព័ន្ធ​ ដើម្បី​ស៊ើប​អង្កេត​ និង​ដោះ​ស្រាយ​​តាម​វិធាន​​ការ​ច្បាប់​។ 
 

ថ្មនៅមានសភាពល្អត្រូវបានគរជាគំនរខណៈកម្មករសំណង់កំពុងប្រមូលថ្មល្អៗដាក់ទៅក្នុង(ប៉ែល អា X)ដើម្បីគរជាគំនរបន្ថែម

ក្រសួង​អះអាង​ទៀត​ថា ទី​តាំង​នោះ​ត្រូវ​រក្សា​ ដោយ​ពុំ​ឱ្យ​មាន​ការ​សាង​សង់​អ្វី​ថ្មី​ រហូត​ដល់​នីតិ​វិធី​នានា​ ដែល​មាន​ជា​ធរមាន​ ត្រូវ​បាន​ដោះ​ស្រាយ​​បញ្ចប់​រួច​រាល់​។ 
 
សូមបញ្ជាក់ថា លិខិត​ក្រសួង​បាន​លើកឡើងពី​កុដិលេខ​៤៣, ៤៤ និង​៤៥ ដែលត្រូវបាន​វាយកម្ទេច ប៉ុន្តែ​បើតាម​ការអះអាង​របស់ព្រះគ្រូសូត្រឆ្វេង កុដិ​ទាំងនោះ គឺ​កុដិ​លេខ​៤៤, ៤៥ និង​៤៦ ខណៈកុដិ​លេខ​៤៣​ស្ថិតនៅ​ទ្រង់ទ្រាយ​ដើម​នៅឡើយ។
 
ព្រះ​គ្រូ​សូត្រ​ឆ្វេង​ ស្រី ណារុន មាន​ថេរដីកា​ថា ប្រសិន​កុដិ​ទាំង​នោះ​ជា​កុដិ​បុរាណ​ ដែល​ត្រូវ​បាន​ចុះ​បញ្ជី​ក្នុង​សម្បត្តិ​បេតិ​កភណ្ឌ​ជាតិ​មែន​ ម្ដេច​មិន​មាន​លិខិត​បញ្ជាក់​ ​ក៏​ដូច​ជា​មិន​មាន​ការ​ថែទាំ​។ ព្រះ​អង្គ​ថា​ កុដិលេខ​៤៥​ ​មាន​សភាព​ចាស់ខ្លាំង​ រហូត​ជួស​ជុល​លែង​បាន​ ទើប​បាន​ជា​វត្ត​​វាយ​ចោល​ ដើម្បី​សាង​សង់​ព្រះ​ចេតិយ​។
ព្រះ​ភិក្ខុ​អះអាងបន្ថែម​៖«របស់​មាន​តម្លៃ​អាច​រក្សា​បានគេ​រក្សា​ហើយ​​ ចុះ​បើ​ទុក​ឱ្យ​ពុក​ផុយ​​ មិន​មាន​អ្នក​ថែ តើ​របស់​នោះ​មាន​តម្លៃ​ទេ? ថា​ចុះ​បញ្ជី ប៉ុន្តែ​មិន​បាន​យក​ក្រដាស​ទៅ​បិទ និង​មិន​បាន​ជូន​ដំណឹង​ អ្នក​ណា​ក៏​ចេះ​និយាយ​ដែរ»​។ 
 

 ថ្មដែលនៅមានសភាពរឹងមាំត្រូវបានគរជាគំនរសម្រាប់ទុកប្រើប្រាស់បន្ត

លោក​ ឡុង ប៉ុណ្ណាសិរីវត្ថ អ្នក​នាំ​ពាក្យ​ក្រសួង​វប្បធម៌ និង​វិចិត្រ​​សិល្បៈ​ នៅ​ថ្ងៃ​ទី​២១​ខែ​ធ្នូ​ បាន​បដិសេធ​ការ​ឆ្លើយ​​បកស្រាយ​ជុំ​វិញ​អ្វី​ដែល​ ព្រះ​គ្រូសូត្រ​ឆ្វេង​នៃ​វត្ត​ឧណ្ណាលោម​លើក​ឡើង​ ដោយ​លោក​បាន​​ប្រាប់​ឱ្យ​សារព័ត៌​មានថ្មីៗ ​​​ផ្សាយ​ទៅ​តាម​​អ្វី​ដែល​ក្រសួង​វប្បធម៌​ បាន​ចេញ​លិខិត​ប្រកាស​ព័ត៌​មានប៉ុណ្ណោះ​​។
 
«ក្រសួង​បាន​ចេញ​លិខិត​ប្រកាស​ព័ត៌​មាន​រួច​​ហើយ​ ដូច្នេះ​ប្អូន​មើល​លិខិត​នោះ​ចុះ​»។ លោក ប៉ុណ្ណា​សិរី​វត្ថ​​ បាន​ឆ្លើយ​យ៉ាង​ខ្លី​ដូច្នេះ។
 
កាលពី​ខែ​មករា ឆ្នាំ​២០២០ សម្តេច​សង្ឃ នន្ទ ង៉ែត ក៏បាន​ណែនាំ​ដល់​ព្រះមេគណរាជធាន-ខេត្ត ឲ្យ​ចូល​រួម​គ្រប់គ្រង​ថែរក្សាអភិរក្ស​សំណង់​បេតិកភណ្ឌ​បុរាណពុទ្ធសាសនា​ក្នុង​វត្តអារាម ដូចជាកុដិ វិហារ សាលា ហោត្រៃ ធម្មមន្ទីរ បណ្ណាល័យ ដងទង់ និងគំនូរ​បុរាណ​ជាដើម។
 

កុដិលេខ៤៣មានកម្ពស់២ជាន់មិនទាន់លាបថ្នាំ(សាងសង់ក្នុងអំឡុងឆ្នាំ២០០០)ស្ថិតនៅទិសខាងលិចទីតាំងកុដិលេខ៤៤,៤៥និង៤៦ដែលត្រូវបានវាយរាបដល់ដី

សម្តេច​សង្ឃ​បានមានព្រះថេរដីកា​ផងដែរថា ការរុះរើ​ ជុសជុល វាយកម្ទេច​ដោយគ្មានការអនុញ្ញាតច្បាប់​ពីអាជ្ញាធរ ឬក្រសួងពាក់ព័ន្ធ ព្រះ​ចៅអធិការ លោកអាចារ្យ គណៈកម្មការ​វត្តនោះត្រូវ​ទទួល​ខុសត្រូវ​ចំពោះមុខ​ច្បាប់ជាធរមាន។
 
ដូចគ្នា​ផងដែរ តាម​រយៈសារាចរមួយ​ចុះកាលពីខែតុលា ឆ្នាំ​២០២១ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានហាមឃាត់​ចំពោះការ​កែប្រែ​ ការប្តូរ​រូបរាង​ខាងក្រី ឬធ្វើឲ្យ​ខូច​ខាត​សោភណភាព​ចំពោះសំណង់​នៃ​តំបន់​បេតិកភណ្ឌទីក្រុង ហើយ​សំណងអគារបេតិកភណ្ឌដែល​ត្រូវ​ធ្វើ​ការជួសជុល កែប្រែ​រូបរាង ឬ​វាយកម្ទេច​ត្រូវ​សុំការពិនិត្យ និង​សម្រេចពីក្រសួង​វប្បធម៌ និងអាជ្ញាធរពាក់ព័ន្ធជាមុន​សិន៕
 

Tag:
 វត្ត
  កុដិ​
  វត្ត​បុរាណ​
 ​
© រក្សាសិទ្ធិដោយ thmeythmey.com