អន្តរជាតិ
ប្រមុខការទូតរបបយោធាមីយ៉ាន់ម៉ា ជួបសមភាគីអាស៊ាននៅថៃ
23, Dec 2022 , 11:59 am        
រូបភាព
រដ្ឋមន្ត្រីការបរទេសរបបយោធាមីយ៉ាន់ម៉ា Wunna Maung Lwin ជួបជាមួយសមភាគីឡាវ កម្ពុជា ថៃ និងវៀតណាមនៅទីក្រុងបាងកក។ រូបថតពីក្រសួងការបរទេសរបបយោធាមីយ៉ាន់ម៉ា
រដ្ឋមន្ត្រីការបរទេសរបបយោធាមីយ៉ាន់ម៉ា Wunna Maung Lwin ជួបជាមួយសមភាគីឡាវ កម្ពុជា ថៃ និងវៀតណាមនៅទីក្រុងបាងកក។ រូបថតពីក្រសួងការបរទេសរបបយោធាមីយ៉ាន់ម៉ា
ប្រមុខការទូតរបបយោធាមីយ៉ាន់ម៉ា បានជួបជាមួយសមភាគីអាស៊ានមួយចំនួនជាលើកដំបូងក្នុងពេលជាមួយឆ្នាំក្នុងកិច្ចប្រជុំក្រៅផ្លូវការមួយនៅថៃ នាថ្ងៃទី២២ ខែធ្នូ។ កិច្ចប្រជុំនេះដែលធ្វើឡើងដើម្បីជជែកពីការស្វែងរកច្រកវិបត្តិនៅមីយ៉ាន់ម៉ា ត្រូវបានធ្វើឡើងភ្លាមៗបន្ទាប់ពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអនុម័តសេចក្ដីសម្រេចទាមទារឱ្យមីយ៉ាន់ម៉ាបញ្ចប់ហិង្សាក្នុងប្រទេស។


ថៃ បានរៀបចំកិច្ចពិភាក្សាថ្នាក់តំបន់នៅថ្ងៃទី២២ ខែធ្នូដើម្បីជជែកអំពីវិបត្តិមីយ៉ាន់ម៉ាដែលស្ថិតក្រោមការគ្រប់គ្រងរបស់យោធា។ រដ្ឋមន្ត្រីការបរទេសរបបនៃរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា លោក Wunna Maung Lwin បានមកចូលរួមក្នុងកិច្ចប្រជុំនេះ ហើយរដ្ឋមន្ត្រីការបរទេសកម្ពុជា ឡាវ និងថៃ ចូលរួមផ្ទាល់ ឯវៀតណាមបញ្ជូនអនុរដ្ឋមន្រ្តីការបរទេសឱ្យចូលរួម។​ នេះបើតាមការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការបរទេសថៃ លោកស្រី Kanchana Patarachoke។
 
សមាជិកផ្សេងទៀតរបស់អាស៊ានដែលតែងរិះគន់របបយោធាមានម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងសិង្ហបុរីជាដើម មិនបានចូលរួមឡើយ ទោះបីជាបានអញ្ជើញក៏ដោយ។ រដ្ឋមន្ត្រីមីយ៉ាន់ម៉ាទទួលបន្ទុកកិច្ចសហប្រតិបត្តិការអន្តរជាតិ និងជំនួយមនុស្សធម៌ក៏មានវត្តមានដែរ។ 
 
ក្រោយពីមានរដ្ឋប្រហារយោធានៅមីយ៉ាន់ម៉ា អាស៊ានចេញមុខដឹកនាំផ្នែកការទូតដើម្បីដោះស្រាយភាពចលាចលក្នុងប្រទេសនោះ ពិសេសតាមរយៈកិច្ចព្រមព្រៀងជាឯកច្ឆន្ទទាំង៥ចំណុច។ យ៉ាងណាមិញ ការអនុវត្តតាមកិច្ចព្រមព្រៀងខាងលើរបស់យោធា មិនដំណើរការឡើយ។
 
កិច្ចប្រជុំក្រៅផ្លូវការនៅថៃ ធ្វើឡើងភ្លាមៗបន្ទាប់ពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអនុម័តសេចក្ដីសម្រេចលើកដំបូងរបស់ខ្លួនលើបញ្ហាមីយ៉ាន់ម៉ាដោយទាមទារឱ្យបញ្ចប់ជាបន្ទាន់គ្រប់ការប្រព្រឹត្តអំពើហិង្សាទៅលើប្រជាជន។ 
 
«កិច្ចប្រជុំរួមបញ្ចូលទាំងឱកាសដើម្បីស្តាប់ពីភាគីមីយ៉ាន់ម៉ា និងដើម្បីផ្លាស់ប្តូរទស្សនៈលើការស្វែងរកយុទ្ធសាស្ត្រចេញ និងរកផ្លូវវិលត្រឡប់ទៅរកភាពប្រក្រតីនៅមីយ៉ាន់ម៉ាវិញ»។ លោកស្រី Kanchana បានលើកឡើងបែបនេះសំដៅដល់គោលបំណងនៃការបើកកិច្ចពិភាក្សាក្រៅផ្លូវការ។ បើតាមទីភ្នាក់ងារព័ត៌មាន AFP អ្នកនាំពាក្យថៃរូបនេះបន្ថែមថា កិច្ចប្រជុំក៏បានផ្តោតលើការសម្របសម្រួលជំនួយមនុស្សធម៌ ព្រមទាំងស្វែងយល់ពីវិធីសាស្រ្តផ្សេងទៀត ដែលអាចគាំទ្រដល់ការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទទាំង៥ចំណុច។ 
 
គួរបញ្ជាក់ថា នេះជាលើកដំបូងក្នុងរយៈពេលជាងមួយឆ្នាំ ដែលរដ្ឋមន្ត្រីការបរទេសយោធាមីយ៉ាន់ម៉ាជួបរដ្ឋមន្ត្រីការបរទេសអាស៊ានដោយផ្ទាល់ បន្ទាប់ពីប្លុកនេះមិនឱ្យរបបយោធាចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស។ នេះក៏ជាដំណើរទស្សនកិច្ចលើកដំបូងរបស់រដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ានៅថៃ ខណៈធ្លាប់បំពេញទស្សនកិច្ចនៅចិនកាលពីខែមីនា៕
 

Tag:
 ថៃ
  មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com