អ៊ីនធ័រណិតជាឃ្លាំងផ្ទុកឯកសារដ៏ទូលំទូលាយ និងសម្បូរបែប។ជារឿងល្អសម្រាប់យុវជនដែលចេះប្រើប្រាស់ និងទាញប្រយោជន៍ពីបច្ចេកវិទ្យាក្នុងបរិបទសម័យបច្ចុប្បន្នប៉ុន្តែអ្នកជំនាញ និងបណ្ឌិតផ្នែកអប់រំក៏បានបង្ហាញពីការព្រួយបារម្ភផងដែរចំពោះយុវជនដែលផ្តេកផ្តួលតែលើឯកសារដែលមានស្រាប់ដោយមិនសូវយកចិត្តទុកដាក់ស្តាប់ការរៀបរាប់ពន្យល់ ហើយថែមទាំងខ្វះខាតការចុះអនុវត្តដោយផ្ទាល់។
វប្បធម៌ ប្រវត្តិសាស្រ្ត និងការអភិវឌ្ឍនៃសង្គមជាតិ ជាចំណេះដឹងទូទៅដ៏សំខាន់។ ឯកសារភាគច្រើន ត្រូវបានយកទៅផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅលើបណ្តាញអ៊ីនធ័រណិត។ ងាយស្រួលបំផុតសម្រាប់យុវជន ដោយគ្រាន់តែបើកកុំព្យូទ័រ ឬស្មាតហ្វូន ពួកគេអាចទទួលបាននូវអ្វីដែលខ្លួនត្រូវការ។
ជាមួយគ្នានេះ អ្នកជំនាញ និងសាស្ត្រាចារ្យមួយចំនួន ក៏បានមើលឃើញចំណុចអវិជ្ជមានមួយចំនួនផងដែរ ជាពិសេសទម្លាប់សិស្ស-និស្សិត ដែលមិនសូវយកចិត្តទុកដាក់ស្តាប់ការពន្យល់ណែនាំនៅក្នុងថ្នាក់រៀន ដោយពួកគេអាងលើការស្រាវជ្រាវឯកសារនៅលើបណ្តាញអ៊ីនធ័រណិត។
លោក សំបូរ មាណ្ណរ៉ា សាស្រ្តាចារ្យប្រវត្តិសាស្រ្តខ្មែរ។ រូបភាពពី៖ RFI
សាស្ត្រាចារ្យ លោក សំបូរ មាណ្ណរ៉ា បានកត់សម្គាល់ថា យុវជនមួយចំនួនមិនបានសិក្សាស្វែងយល់ពីប្រភពនៃព័ត៌មាននៅលើអ៊ីនធ័រណិតឱ្យបានច្បាស់លាស់ មុនដកស្រង់ខ្លឹមសារនោះឡើយ។ កត្តានេះ បង្ហាញពីការយល់ដឹងអំពីវប្បធម៌ប្រវត្តិសាស្ត្ររបស់យុវជនខ្មែរនាសតវត្សរ៍ទី២១នេះ នៅមានកម្រិតទាបបើទោះបីជាបច្ចេកវិទ្យាផ្ទុកទៅដោយព័ត៌មាន និងចំណេះដឹងយ៉ាងសន្ធឹកសន្ធាប់ក៏ដោយ។
លោកបានលើកឡើងថា អ្នកសិក្សាបច្ចុប្បន្នច្រើនងាកចេញពីការស្រាវជ្រាវដោយផ្ទាល់ រួមទាំងការត្រងត្រាប់ស្តាប់គ្រូពន្យល់នៅក្នុងថ្នាក់ បែរជានាំគ្នាអាងលើអ៊ីនធ័រណិត ដោយកត្តាទាំងនេះ ជាហេតុធ្វើឱ្យយុវជនទទួលបានចំណេះដឹងមិនពិតប្រាកដ និងពេលខ្លះ មានការភាន់ច្រឡំខុសពីការពិតផងដែរ។
ដោយឡែក សម្រាប់លោក ឆាំង យុ ប្រធានមជ្ឈមណ្ឌលឯកសារកម្ពុជា (DC-Cam) លោកទទួលស្គាល់ពីការរីកចម្រើនផ្នែកចំណេះដឹង ជាពិសេសកម្រិតភាសាបរទេសរបស់យុវជនខ្មែរ នាសម័យបច្ចេកវិទ្យានេះ។ យុវជន អាចស្រាវជ្រាវបានទិន្នន័យច្រើន និងលឿនតាមរយៈឯកសារជាភាសាខ្មែរ និងភាសាបរទេស។
លោក ឆាំង យុ ប្រធានមជ្ឈមណ្ឌលគ្រប់គ្រងឯកសារកម្ពុជា ។ រូបភាព៖ ThmeyThmey
ជុំវិញករណីលោក សំបូរ មាណ្ណរ៉ា លើកឡើងពីយុវជនដែលចូលចិត្តប្រើប្រាស់បច្ចេកវិទ្យាបម្រើភាពសប្បាយជាជាងការប្រើប្រាស់ដើម្បីចំណេះដឹងផ្ទាល់ខ្លួន លោក ឆាំង យុ មិនមានការវាយតម្លៃឡើយ ដោយលោកគិតថា ជាអ្វីដែលកើតឡើងក្នុងបរិបទសង្គមរបស់ពួកគេ។
«យើងត្រូវគិតថា ការវិវត្តនៃសង្គមមិននៅដដែលៗឡើយ គឺវាខុសពីមុន។ ការដឹងរបស់យុវជនសុទ្ធតែមានប្រយោជន៍ គ្រាន់តែថាការដឹងនោះមិនទាន់អាចផ្លាស់ប្តូរសង្គមបាន»។ ប្រធានមជ្ឈមណ្ឌលឯកសារកម្ពុជាបានមានប្រសាសន៍ដូច្នេះ។
ទោះបីជាយល់ថា ការស្រាវជ្រាវតាមប្រព័ន្ធអ៊ីនធ័រណិតមានភាពវិជ្ជមានច្រើនក៏ដោយប៉ុន្តែលោក ឆាំង យុ ជំរុញឱ្យយុវជនខ្មែរស្រាវជ្រាវពីឯកសារដើមច្រើនជាងការពឹងផ្អែកតែតាមឯកសារក្នុងអ៊ីនធ័រណិត។ ការស្រាវជ្រាវពីឯកសារដើមនឹងជួយឱ្យយុវជនទទួលបានចំណេះដឹងច្បាស់លាស់និងអាចប្រើជាប្រយោជន៍សម្រាប់បញ្ចេញមតិយោបល់ក្នុងសង្គម។
លោកបានណែនាំថា៖ «ខ្ញុំចង់ឱ្យយុវជនយើង ព្យាយាមរកឯកសារដើមដែលមានតម្កល់នៅបុរាណស្ថានជាតិ និងបណ្ណាល័យជាតិជាដើម។ យុវជន អាចមើលឯកសារទាំងនេះដើម្បីបណ្តុះគំនិតបញ្ជ្រាបស្រាវជ្រាវ ដែលជាកម្មសិទ្ធិរបស់ខ្លួនផ្ទាល់និងមិនចាំបាច់យកគំនិតពីឯកសារអ្នកផ្សេងស្រាវជ្រាវមកវិភាគ»។
ត្រង់ចំណុចនេះ លោក សំបូរ មាណ្ណរ៉ា ក៏លើកឡើងស្រដៀងលោក ឆាំង យុ ដែរ។ សាស្រ្តាចារ្យរូបនេះ បារម្ភពីបុគ្គលមិនល្អមួយចំនួនព្យាយាមបញ្ចូលឯកសារ និងបង្ខូចវប្បធម៌ប្រវត្តិសាស្រ្តខ្មែរឱ្យចាកពីការពិត សម្រាប់យុវជនជំនាន់ក្រោយសិក្សា។ លោកយល់ថា អ្វីដែលត្រូវយកចិត្តទុកមិនមែនត្រឹមតែការស្រាវជ្រាវពី YouTube ឬបណ្តាញអ៊ីនធ័រណិតគ្រប់គ្រាន់ឡើយ។
«ខ្ជិលស្តាប់គ្រូនៅសាលា ខ្ជិលអានសៀវភៅ ហើយនាំគ្នាយកអ៊ីនធ័រណិតជាទីពឹង»។ទោះដឹងថាការនិយាយរបស់លោកធ្វើឱ្យយុវជនមួយចំនួនមិនពេញចិត្ត ប៉ុន្តែលោក សំបូរមាណ្ណរ៉ា ថា លោកមិនខ្លាចនឹងនិយាយនោះឡើយ ព្រោះលោកចង់ឱ្យមានការកែប្រែល្អប្រសើរ។
«យុវជន មិនបានស្តាប់គ្រូពន្យល់ តែបែរជាឱ្យតម្លៃលើទូរសព្ទដៃ ឬក៏បច្ចេកវិទ្យាទៅវិញ ទាំងនេះជាទង្វើខុសឆ្គង»។ នេះជាការលើកឡើងរបស់សាស្រ្តាចារ្យប្រវត្តិសាស្រ្តខ្មែរ ដោយបារម្ភអំពីយុវជនដែលលង់ខ្លួនតាមឯកសារមិនច្បាស់លាស់ មិនផ្លូវការ ហើយយកជាតឹកតាងសម្រាប់ការសិក្សាស្រាវជ្រាវ។
លោក សំបូរ មាណ្ណរ៉ា មានក្តីបារម្ភពីការប្រកួតប្រជែងនៅថ្ងៃអនាគតរវាងយុវជនកម្ពុជា ជាមួយយុវជនដទៃលើឆាកអន្តរជាតិ។ លោកនៅតែលើកទឹកចិត្ត និងជំរុញ ឱ្យយុវជនយកចិត្តទុកដាក់ស្តាប់លោកគ្រូអ្នកគ្រូ និងសិក្សាពីឯកសារឱ្យបានច្រើន។ «យុវ័យរបស់យើងឃ្លាតឆ្ងាយអំពីដំបូន្មានរបស់មនុស្សជំនាន់ដើម។ សម្រាប់អនាគត គឺមានការបារម្ភ បារម្ភខ្លាចពួកគាត់ចេះ ប៉ុន្តែចេះអ្វី ដែលមិនត្រូវ ចេះអ្វីដែលមិនគ្រប់គ្រាន់ ចេះអ្វីដែលមិនប្រសើរសម្រាប់ជាតិ»។
ងាកទៅលោក ហេង គីម គង់ សហស្ថាបនិក និងនិពន្ធនាយកវេទិកាអប់រំកម្ពុជា ឯនោះវិញ លោកក៏មានការព្រួយបារម្ភស្រដៀងគ្នានេះដែរ។ លោកបានបញ្ជាក់ថា៖ «បើនិយាយជារួម គឺយើងមានការព្រួយបារម្ភ ប្រសិនបើយុវជនយើងប្រើប្រាស់បច្ចេកវិទ្យា Social Media ឬក៏ការអភិវឌ្ឍសង្គមបែបឌីជីថលមិនបានត្រឹមត្រូវ។ ពួកគាត់មិនផ្តោតទៅលើការពង្រឹកសមត្ថភាព ចំណេះដឹងទូទៅ បែរជាផ្តោតតែទៅលើការកំសាន្ត អ៊ីចឹងការព្រួយបារម្ភវាមានខ្លាំង»។
លោក ហេង គីមគង់ សហស្ថាបនិក និងនិពន្ធនាយកវេទិកាអប់រំកម្ពុជា។ រូបភាព៖ ហ្វេសប៊ុក លោក Kimkong Heng
យុវជន នឹងពិបាកប្រកួតប្រជែងជាមួយយុវជនក្រៅស្រុក ប្រសិនបើពួកគេមិនចាប់យកផលល្អពីភាពរីកចម្រើននៃបច្ចេកវិទ្យា។ លោក គីមគង់ សង្កេតឃើញថា មានតែក្រុមយុវជនមួយចំនួនតូច ដែលខំព្យាយាម និងយកចិត្តទុកដាក់ក្នុងការរៀនសូត្រប៉ុណ្ណោះ ដែលមានសមត្ថភាពចាប់យកឱកាសទៅប្រកួតប្រជែងលើឆាកអន្តរជាតិ៕