អន្តរជាតិ
ប៉ូលិស​ប៉េរូ​តែងខ្លួនជា «តាណូអែល» ហើយ​ចាប់អ្នកជួញ​ដូរគ្រឿងញៀន​បាន​៤នាក់
25, Dec 2022 , 11:28 am        
រូបភាព
ដោយ: ធីតា
មនុស្ស​៤នាក់ត្រូវបាន​ចាប់ខ្លួនជាមួយ​នឹង​កញ្ចប់​ថ្នាំ​កូកាអ៊ីន និង​កញ្ឆា ក្នុង​ប្រតិបត្តិការមួយ​នៅ​ក្រុង Lima ប្រទេសប៉េរូ កាលពីដើម​សប្តាហ៍​កន្លងមក។ ឈាន​ដល់​ការ​ចាប់បានជន​ល្មើស​ទាំងនោះ គឺ​ដោយសារ​តែពួក​គេ​មិនចាប់អារម្មណ៍​នឹង​ក្រុម​ប៉ូលិស ដែល​បាន​តុបតែងខ្លួន​ធ្វើ​ជា​តាណូអែល។
 
មន្ត្រីប៉ូលិស​ប៉េរូ បាន​អះអាង​ប្រាប់​សារព័ត៌មាន N+Media ថា ប្រតិបត្តិការស៊ើបអង្កេត និង​តាម​ចាប់ជន​ល្មើស បាន​ចាប់ផ្តើម​ឡើង​អស់រយៈពេល​៣ថ្ងៃ​​ ដោយ​ក្រុមប៉ូលិស​តុប​តែង​ខ្លួន​ជា​សាន់តា​ក្លូស ហើ​យ​គ្រប់​ច្រកល្ហក​នៅ​តំបន់ Surquillo នៃក្រុង Lima។
 
«នេះជា​រដូវណូអែល ដូច្នេះបើមាន​​លោក​តាណូអែល​ដើរតាមផ្លូវច្បាស់ជាគ្មានអ្នក​ចាប់អារម្មណ៍​ជាពិសេសនោះឡើយ។ យើងបានទាញ​យក​ឱកាសនេះដើម្បី​បើ​ក​ប្រតិបត្តិការ»។ លោក David Villanueva មន្ត្រីប៉ូលិស​ជាតិប៉េរូ បាន​បញ្ជាក់ប្រាប់ក្នុងបទសម្ភាសជាមួយ​ América TV។
 
តាម​ការស្រាវជ្រាវ ប៉ូលិស​បាន​រកឃើញទីតាំង​របស់ក្រុមជនល្មើស ហើយ​ប៉ូលិសស្រី​​មួយរូប បាន​យក​ញញួរ​វែង​មួយទៅ​វាយ​បំបែក​ទ្វារឈើ ដើម្បី​សម្រុក​ចូល​ចាប់​ក្រុម​ល្មើស​ច្បាប់​ទាំងនោះ។ ក្រុមជន​ល្មើស​មិន​បាន​និយាយពាក្យ រីករាយ​ថ្ងៃណូអែល​នោះឡើយ ដោយពួក​គេ​ដឹងភ្លាមៗថា ជាក្រុម​សមត្ថកិច្ច។
 


ជន​ល្មើស៤នាក់ ដែលមាន​ប្រុស​៣នាក់ និង​ស្រី​១នាក់ ត្រូវ​បាន​ចាប់ខ្លួន ជាមួយ​កូន​កញ្ចប់ថ្នាំញៀន​ប្រភេទ​​កូកាអ៊ីន​តូចៗចំនួន​៦ពាន់​កញ្ចប់ ថ្នាំកូកាអ៊ីនចំនួន​១០៤ថង់ និង​កញ្ឆា​ចំនួន​២៧៩ថង់។ កញ្ចប់ និងថង់ទាំងនោះ ត្រូវបាន​យកទៅទុក​លាក់ក្នុងផ្ទះ។
 
ប៉េរូ ត្រូវបាន​ចាត់ទុក​ជាមូលដ្ឋាន​មួយ​ដែល​ផលិត​កូកាអ៊ីន​ច្រើនជាងគេ​លើ​ពិភពលោក ដូចជាកូឡុំប៊ី និង​បូលី​វី យ៉ាងដូច្នោះដែរ៕
 

Tag:
 គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com