ការប្រកួតពានរង្វាន់ក្របខណ្ឌលីគកំពូលអង់គ្លេស Premier League រដូវកាល ២០២២-២៣ បានវិលត្រលប់មកវិញហើយថ្ងៃទី២៦ ខែធ្នូ នេះ ដោយជំនួបចំនួន ៧គូ ត្រូវបន្តការប្រកួតប្រជែងគ្នាដណ្តើមពិន្ទុបន្តចាប់ផ្តើមរាត្រីនេះទៅ។ ក្របខណ្ឌ Premier League បានវិលត្រលប់មកវិញក្រោយព្រឹតិ្តការណ៍ World Cup 2022 បានបញ្ចប់ទៅបានត្រឹម ១សប្តាហ៍ប៉ុណ្ណោះ។
ការវិលត្រលប់មកវិញនៃក្របខណ្ឌ Premier League រាត្រីនេះគឺនៅចំថ្ងៃ Boxing Day តែម្តងដែលក្របខណ្ឌកំពូលអង់គ្លេសមួយនេះតែងតែមានការប្រកួតជារៀងរាល់រដូវកាល។ Boxing Day គឺជាថ្ងៃបន្ទាប់ពីពិធីបុណ្យណូអែល ពោលគឺថ្ងៃទី២៦ ខែធ្នូ ដែលគេនិយមប្រារព្ធឡើងនៅលោកខាងលិច។ នៅថ្ងៃនេះ អ្នកបម្រើ និងនិយោជិកនានាតែងតែទទួលបាននូវប្រអប់ដែលជាអំណោយ (Christmas box) ពីចៅហ្វាយ ថៅកែ ឬនយោជករបស់ខ្លួន។ រីឯនេះ Boxing Day ត្រូវបានគេចាត់ទុកជាថ្ងៃនៃការផ្តល់អំណោយដល់ជនក្រីក្រ ហើយហាងលក់ទំនិញនានាក៏បានធ្វើការលក់បញ្ចុះតម្លៃផងដែរ។
មាន់ខ្នាយមាស Tottenham Hotspur ក្រុមចំណាត់ថ្នាក់លេខ៤ នៃតារាង Premier League នឹងត្រូវចាប់ផ្តើមការប្រកួតដំបូងគេបង្អស់ដោយធ្វើដំណើរទៅកាន់ទឹកដីកីឡដ្ឋាន Gtech Community ប្រកួតទល់ក្រុមម្ចាស់ផ្ទះ Brentford ចំណាត់ថ្នាក់លេខ១០ក្នុងតារាង វេលាម៉ោង ៧:៣០យប់។
ការប្រកួតក្នុងកីឡដ្ឋាន Selhurst Park វេលាម៉ោង ១០យប់ក្រុម Crystal Palace ដឹកនាំដោយលោក Patrick Vieira នឹងត្រូវទទួលស្វាគមន៍ក្រុមភ្ញៀវ Fulham ដែលដឹកនាំដោយលោក Marco Silva។ Crystal Palace នៅចំណាត់ថ្នាក់លេខ ១១ ត្រូវទទួល Fulham ចំណាត់លេខ៩ ដែលមាន ៩ពិន្ទុដូចគ្នា។
ជំនួបក្នុងកីឡដ្ឋាន Goodison Park ម្ចាស់ផ្ទះ Everton ដែលដឹកនាំដោយលោក Prank Lampard នឹងកំពុងស្ថិតនៅចំណាត់ថ្នាក់លេខ១៧ ក្នុងតារាងត្រូវទទួលស្វាគមន៍ក្រុមបាតតារាង Wolverhampton Wanderers វេលាម៉ោង ១០យប់។
Leicester City របស់លោក Brandan Rodgers ស្ថិតនៅចំណាត់ថ្នាក់លេខ១៣ នឹងត្រូវទទួលស្វាគមន៍ក្រុមខ្លាំងកំពុងឡើងជើង Newcastle United ចំណាត់ថ្នាក់លេខ៣ របស់លោក Eddie Howe ក្នុងកីឡដ្ឋាន King Power Stadium វេលាម៉ោង ១០យប់។
ក្រុមលំដាប់ទី១៩ បាតតារាំងមួយទៀត Southampton នឹងទទួលស្វាគមន៍ក្រុម Brighton & Hove Albion ចំណាត់ថ្នាក់លេខ៧ ក្នុងកីឡដ្ឋាន St. Mary’s វេលាម៉ោង ១០យប់។ Southampton កំពុងត្រូវការប្រជែងពិន្ទុខ្លាំងដើម្បីគេចផុតពីតំបន់កាត់ចោល។
ការប្រកួតដ៏តានតឹងនិងជក់ចិត្តសម្រាប់ Premier League សប្តាហ៍នេះវេលាម៉ោង ០០:៣០យប់ Aston Villa ចំណាត់ថ្នាក់ទី១២ ដែលដឹកនាំដោយលោក Unai Emery អ្នកចាត់ការថ្មីទើបដឹកនាំបានត្រឹមតែប៉ុន្មានប្រកួតក្រោយផ្លាស់មកពីទឹកដីអេស្ប៉ាញត្រូវស្វាគមន៍ Liverpool របស់លោក Jurgen Klopp ដែលស្ថិតនៅចំណាត់ថ្នាក់លេខ៦។
ជំនួបចុងក្រោយវេលាម៉ោង ៣យប់រំលងអាធ្រាត្រ លោក Mikel Arteta នឹងដឹកនាំកាំភ្លើងធំ Arsenal ក្រុមនាំមុខកំពូលតារាង បើកទ្វារកីឡដ្ឋាន Emirate ទទួលបានស្វាគមន៍ក្រុមភ្ញៀវ West Ham United របស់លោក David Moyes៕