រថយន្ត
អន្តរជាតិ
និស្សិតនៅអូស្ត្រាលីផលិត​​រថយន្ត​ដែល​រត់បាន​១០០០គីឡូម៉ែត្រ​ក្រោយ​បញ្ចូល​ចរន្ត​មួយលើក​
26, Dec 2022 , 7:29 pm        
រូបភាព
ដោយ: ធីតា
រថយន្តអគ្គិសនី​ដែល​ដើរ​ដោយថាមពល​ព្រះអាទិត្យ​​ Sunswift 7 បាន​ក្លាយជា​ម្ចាស់​កំណត់​ត្រា​ថ្មី ដោយ​រត់​បាន​ល្បឿន​លឿន​លើ​ចម្ងាយ​ផ្លូវ​១០០០គីឡូម៉ែត្រក្រោម​រយៈពេល​១២ម៉ោង ក្រោយ​បញ្ចូល​ចរន្ត​មួយ​លើក។
 
Sunswift 7 ជាគម្រោង​ដែល​អនុវត្ត​ដោយ​ក្រុមនិស្សិត​នៅ​សាកល​វិទ្យាល័យ​ New South Wales (UNSW) ក្រុងស៊ីដនី នៃ​ប្រទេស​អូស្ត្រាលី។ វា​បាន​ក្លាយជា​ម្ចាស់កំណត់ត្រាថ្មីនៃ Guinness World Record ក្រោយ​ធ្វើ​ដំណើរ​បាន​ប្រមាណ​១០០០គីឡូម៉ែត្រ បន្ទាប់ពី​បញ្ចូល​ចរន្ត​បាន​មួយ​លើក។ 
យោងតាម​ការផ្សាយ​របស់ Surf Coast Times រថយន្តដែល​រចនា និងផលិត​ដោយ​ក្រុមនិស្សិត UNSW នេះ បាន​ប្រើ​ថេរវេលា​ ១១ម៉ោង ៥៣នាទី និង​៣២​វិនាទី ពោលគឺ​ល្បឿន​ជា​មធ្យម ៨៥គីឡូម៉ែត្រ​ក្នុងមួយ​ម៉ោង​ នៅ​បរិវេណ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​យានយន្ត​អូស្ត្រាលី (AARC) ក្រុង Wensleydale រដ្ឋ Victoria កាលពីថ្ងៃទី​១៧ ខែ​ធ្នូ កន្លងមក។
 

Sunswift 7 ក៏ជាផ្នែកមួយ​នៃ​គម្រោង​របស់​ក្រុម​ប្រណាំង​រថយន្ត UNSW Solar Racing Team ផងដែរ។ រថយន្តនេះ ក៏ជាផលិត​ផល​ចុងក្រោយមួយ​ដ៏ជោគជ័យ​ផងដែរ​របស់​សាកលវិទ្យាល័យ បើ​គិត​ចាប់តាំងពី​ការ​ចាប់ផ្តើម​ផលិត​រថយន្តអគ្គិសនី​ដើរដោយថាមពល​ព្រះអាទិត្យ ពី​ឆ្នាំ​១៩៩៦មក។
 
Andrea Holden និស្សិតផ្នែក​វិស្វកម្ម​មេកានិច​ ដែលជាអ្នក​ដឹកនាំក្រុម បាន​បង្ហាញពីអារម្មណ៍យ៉ាងដូច្នេះថា៖ «ពីរឆ្នាំកន្លងមក នៅពេល​ដែលយើង​បាន​ចាប់ផ្តើមផលិត​រថយន្តនេះ អ្វី​ៗទាំង​អស់ស្ថិតក្នុង​សភាព​បិទខ្ទប់ ហើយ​យើង​បាន​ជួប​ដំណាក់​កាល​ដ៏លំបាក​ជាច្រើន»។ 
 
ទោះបីជាយ៉ាងណាក៏ដោយ កញ្ញា Andrea បាន​បញ្ជាក់ថា ការ​ទទួលបានកំណត់ត្រាពិភពលោក ជាការតបស្នង​ដ៏ពេញចិត្ត​បំផុតចំពោះការ​តស៊ូព្យាយាម​របស់​ក្រុមការងាររបស់ខ្លួន។ 
 
សាស្ត្រាចារ្យ Richard Hopkins ដែល​បានឈ្នះជើង​ឯក F1 ពិភពលោក​បួនលើកជាមួយក្រុម​ Red Bull បាន​កោត​សរសើរយ៉ាងខ្លាំងចំពោះស្នាដៃរបស់ក្រុមនិស្សិត UNSW។ លោក​បាន​គូស​បញ្ជាក់ថា ក្រុមការងារនេះ មិនមែនជានិស្សិតធម្មតានោះឡើយ។ នេះក៏ជាហេតុផលនាំឲ្យ UNSW ក្លាយជា​សាកលវិទ្យាវិស្វកម្ម​កំពូល​ផងដែរ៕
 




© រក្សាសិទ្ធិដោយ thmeythmey.com