សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
តម្លៃប្រេងនៅឆ្នាំ ២០២៣ នឹងបន្តកើនឡើងដោយសារតម្រូវការ
27, Dec 2022 , 8:29 am        
រូបភាព
រូបភាពពី asharqbusiness ។
រូបភាពពី asharqbusiness ។
យោងតាមរបាយការណ៍ប្រចាំខែរបស់អង្គការនៃប្រទេសនាំចេញប្រេង (OPEC) តម្រូវការប្រេងនៅឆ្នាំ ២០២៣ នឹងបន្តកើនឡើង ២,២៥លានបារ៉ែលក្នុងមួយថ្ងៃ ឬប្រមាណ ២,៣ភាគរយ ។ កាលពីឆ្នាំ២០២២ តម្រូវការប្រេងកើនឡើង ២,៥៥លានប៉ារ៉ែលក្នុងមួយថ្ងៃ។


វិបត្តិថាមពលបានជះឥទ្ធិពលយ៉ាងខ្លាំងដល់សេដ្ឋកិច្ចពិភពលោក នៅឆ្នាំ ២០២២។ តម្លៃ​ប្រេងបាន​កើនឡើង​ដោយ​សារ​ប្រទេស​ផលិត​ប្រេងបាន​កាត់​បន្ថយ​ទិន្នផល ព្រោះតែមានសង្គ្រាម​រុស្ស៊ី-អ៊ុយក្រែន បណ្តាលឱ្យមានការលំបាកក្នុងច្រវាក់ផ្គត់ផ្គង់សកល។ 
 
នៅឆ្នាំ ២០២៣ ត្រូវបានព្យាករថាបញ្ហាថាមពល ជាពិសេសការផ្គត់ផ្គង់ប្រេងនឹងនៅតែជាបញ្ហាប្រឈម ហើយតម្លៃប្រេងនឹងបន្តកើនឡើងក្នុងបរិបទនៃទីផ្សារ និងការប្រែប្រួលភូមិសាស្ត្រនយោបាយជាច្រើនក្នុងពិភពលោក។
 
លោក Fatih Birol ប្រធានទីភ្នាក់ងារថាមពលអន្តរជាតិបានព្យាករថា ទីផ្សារឧស្ម័នធម្មជាតិរាវលើសកលលោកនឹងកាន់តែខ្វះខាតនៅឆ្នាំក្រោយ ជាមួយនឹងការកើនឡើងនៃការនាំចូលរបស់អឺរ៉ុប និងតម្រូវការរបស់ប្រទេសចិន។
 
ប្រធានទីភ្នាក់ងារថាមពលអន្តរជាតិរូបនេះបានលើឡើងថា ៖«ពិភពលោកគឺស្ថិតនៅចំកណ្តាលនៃវិបត្តិថាមពលពិភពលោកពិតប្រាកដដំបូងគេ ហើយវិបត្តិថាមពលបច្ចុប្បន្នអាចជាចំណុចរបត់មួយក្នុងប្រវត្តិសាស្ត្រដើម្បីលើកកម្ពស់ប្រភពថាមពលស្អាត និងបង្កើតប្រព័ន្ធថាមពលប្រកបដោយនិរន្តរភាព និងសុវត្ថិភាព»។
 
បើតាមលោក Fatih Birol សន្តិសុខថាមពលគឺជាកត្តាជំរុញដំបូងនៃការផ្លាស់ប្តូរថាមពល ខណៈដែលប្រទេសនានាមើលឃើញថាបច្ចេកវិទ្យាថាមពល និងប្រភពកកើតឡើងវិញជាដំណោះស្រាយចំពោះវិបត្តិ។ ទីភ្នាក់ងារថាមពលអន្តរជាតិរំពឹងថាការប្រើប្រាស់ឧស្ម័នសកលនឹងធ្លាក់ចុះ ០,៨ភាគរយក្នុងឆ្នាំនេះ នឹងកើនឡើងត្រឹមតែ ០,៤ភាគរយនៅឆ្នាំក្រោយ។
 
ទន្ទឹមនេះ អ្នកជំនាញបានព្យាករថា តម្លៃប្រេងនឹងកើនឡើងដល់ជិត ៩០ដុល្លារក្នុងមួយបារ៉ែលនៅមុនដំណាច់ឆ្នាំ ហើយឡើងដល់ប្រហែល ១០០ដុល្លារក្នុងមួយបារ៉ែលក្នុងត្រីមាសទី១ ឆ្នាំ ២០២៣។ ការរំពឹងទុកនេះ ដោយសារតែការងើបឡើងវិញនៃសកម្មភាពសេដ្ឋកិច្ចចិន និង ការបរាជ័យនៅក្នុងការសម្រេចចិត្តរបស់ក្រុមប្រទេស G7 អូស្ត្រាលី និងសហភាពអឺរ៉ុបក្នុងការដាក់ពិដានលើតម្លៃប្រេងឆៅរបស់រុស្ស៊ីរួមជាមួយនឹងកង្វះខាតផលិតកម្ម៕
 

Tag:
 ប្រេង OPEC
© រក្សាសិទ្ធិដោយ thmeythmey.com