ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន៖ អ្នកដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ត្រូវអព្យាក្រឹត្យ ទើបកាត់បន្ថយអយុត្តិធម៌សង្គម
27, Dec 2022 , 6:20 pm        
រូបភាព
នាពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ សម្ដេច ហ៊ុន សែន ជំរុញឱ្យអ្នកដោះស្រាយបញ្ហាវិវាទ ត្រូវប្រកាន់ជំហរអព្យាក្រឹត្យ ទើបអាចរកយុត្តិធម៌ឱ្យប្រជាពលរដ្ឋ។

 
សម្ដេច ហ៊ុន សែន បានលើកទឹកចិត្តឱ្យមានការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅមូលដ្ឋាន ជាពិសេសវិវាទដីធ្លី ដើម្បីពង្រឹងសុវត្ថិភាពនៃការកាន់កាប់ដី និងបង្កើតភាពសុខដុមរមនា-សង្គម ។ លើសពីនេះ វាក៏បង្កភាពអនុគ្រោះដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៅតាមមូលដ្ឋាន និងឈានទៅបង្កើនល្បឿន នៃការកាត់បន្ថយភាពក្រីក្រទៀតផង។
 
ថ្លែងត្រង់ចំណុចនេះ សម្ដេច បានជំរុញឱ្យមន្ត្រីដោះស្រាយវិវាទទាំងនោះ រក្សាជំហរអព្យាក្រឹត្យ និងតម្លាភាព ក្នុងការដោះស្រាយបញ្ហាឱ្យប្រជាពលរដ្ឋ។ «មានក្រុមការងារដោះស្រាយវិវាទ ហើយការដោះស្រាយវិវាទនេះ បើចង់ដោះស្រាយវិវាទបាន ទាល់តែយើងកុំលម្អៀងទៅផ្នែកណាមួយ។ អាហ្នឹងបានយើងដោះស្រាយវិវាទបានល្អ ក្រៅប្រព័ន្ធតុលាការ។ ហើយបើយើងអាចធ្វើអាហ្នឹងបាន យើងអាចកាត់បន្ថយបានច្រើនណាស់ នូវអយុត្តិធម៌សង្គម»។ នេះបើតាមប្រមុខរដ្ឋាភិបាល ថ្លែងនៅក្នុងក្រសួងដែនដី នារសៀលថ្ងៃទី២៧ ធ្នូនេះ។
 
ជាមួយគ្នានេះ សម្ដេច ហ៊ុន សែន ណែនាំឱ្យអាជ្ញាធរបន្តដោះស្រាយបញ្ហាជូនប្រជាជនដែលរស់នៅជាភូមិករនៅជុំវិញបឹងទន្លេសាប ដោយធ្វើបច្ចុប្បន្នភាពផែនទីតាមខេត្តនីមួយៗ ក្នុងការកែសម្រួលព្រំប្រទល់តំបន់ ៣ ព្រំប្រទល់តំបន់ ២ និងកាត់ឆ្វៀលទីតាំងដី ដែលប្រជាជនរស់នៅពីយូរលង់មកហើយក្នុងតំបន់ ៣ និងតំបន់ ២ ឱ្យចប់នៅខែឧសភា ឆ្នាំ២០២៣។
 
លោកនាយករដ្ឋមន្រ្តី ក៏ជំរុញឱ្យបន្តអនុវត្តផែនការចុះបញ្ជីដី រួមទាំងការចុះបញ្ជីដីរដ្ឋ ដីសាធារណរបស់រដ្ឋ ដីសម្បទានសេដ្ឋកិច្ច និងដីសហគមន៍ជនជាតិដើមភាគតិច ដើម្បីធានានូវសុវត្ថិភាពនៃការកាន់កាប់ដីធ្លី ដែលរដ្ឋផ្ដល់ជាទុនជូនប្រជាពលរដ្ឋ សម្រាប់រស់នៅ ដាំដុះ និងវិនិយោគ ដើម្បីបង្កើតមុខរបរ និង បង្កើនប្រាក់ចំណូល៕
 

Tag:
 ហ៊ុន សែន
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com