អន្តរជាតិ
មេដឹកនាំកូរ៉េខាងជើង ប្រកាសគោលដៅពង្រឹងយោធាឆ្នាំ២០២៣
28, Dec 2022 , 2:06 pm        
រូបភាព
មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ប្រកាសផែនការពង្រឹងយោធារបស់ខ្លួនក្នុងកិច្ចប្រជុំបក្សកាន់អំណាចដើម្បីកំណត់ទិសដៅគោលនយោបាយសម្រាប់ឆ្នាំថ្មី។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង (KCNA)។
 
កិច្ចប្រជុំពេញអង្គលើកទី៦ នៃគណៈមជ្ឈិមអាណត្តិទី៨ របស់បក្សពលករកូរ៉េ (WPK) បានឈានដល់ថ្ងៃទី២ នៅថ្ងៃទី២៧ ខែធ្នូ ដើម្បីពិភាក្សាអំពីការងារសម្រាប់ឆ្នាំ២០២៣។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ទីក្រុងព្យុងយ៉ាង (KCNA) នៅថ្ងៃទី២៨ ខែធ្នូ រាយការណ៍ថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានប្រកាសដាក់គោលដៅតស៊ូប្រឆាំងសត្រូវរួមទាំងពង្រឹងវិស័យការពារជាតិសម្រាប់ឆ្នាំក្រោយថែមទៀត។ 
 
«លោក គីម បានបញ្ជាក់ពីគោលការណ៍នៃកិច្ចការបរទេស និងទិសដៅនៃការតស៊ូប្រឆាំងសត្រូវ ដែលបក្សរួមជាមួយរដ្ឋាភិបាលរបស់យើងត្រូវតែគោរពយ៉ាងខ្ជាប់ខ្ជួន ដើម្បីការពារសិទ្ធិអធិបតេយ្យ និងការពារផលប្រយោជន៍ជាតិ។» ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA រាយការណ៍បែបនេះ។ 
 
ប្រភពដដែលបន្ថែមថា មេដឹកនាំកូរ៉េខាងជើងក៏បានដាក់ចេញគោលដៅសំខាន់ៗថ្មី ដើម្បីពង្រឹងសមត្ថភាពការពារខ្លួនដែលចាំបាច់ត្រូវធ្វើឱ្យខ្លាំងនៅឆ្នាំ២០២៣ តែមិនបញ្ជាក់ព័ត៌មានលម្អិតពីគោលដៅនោះឡើយ។ បើតាមការលើកឡើងកន្លងមករបស់មេដឹកនាំប្រទេសនេះ ទីក្រុងព្យុងយ៉ាងទំនងនៅតែបន្តពន្លឿនការអភិវឌ្ឍកម្លាំងយោធារបស់ខ្លួនបន្ថែមទៀត។
 
កូរ៉េខាងជើងក្នុងឆ្នាំ ២០២២ បានបាញ់មីស៊ីលជាច្រើនគ្រាប់មិនធ្លាប់មានពីមុន និងបានបាញ់មីស៊ីលអន្តរទ្វីប (ICBM) ដែលធ្វើឱ្យអាម៉េរិក ជប៉ុន និងកូរ៉េខាងត្បូងដាក់ទណ្ឌកម្មជាបន្តបន្ទាប់។ បញ្ហាសេដ្ឋកិច្ចក៏ស្ថិតក្នុងរបៀបវារៈសំខាន់មួយក្នុងចំណោមរបៀបវារៈសំខាន់ទាំង៥ ដែលត្រូវបានអនុម័តជាឯកច្ឆន្ទក្នុងកិច្ចប្រជុំ។ សេដ្ឋកិច្ចកូរ៉េខាងជើង បានជួបវិបត្តិធ្ងន់ធ្ងរដោយសារការដាក់ទណ្ឌកម្មអន្តរជាតិ ការបិទខ្ទប់ប្រទេសទប់ស្កាត់រាលដាលជំងឺកូវីដ-១៩ និងគ្រោះមហន្តរាយធម្មជាតិ។ 
 
ទោះវិបត្តិសេដ្ឋកិច្ចរបស់កូរ៉េខាងជើង កើតឡើងដោយការដាក់ទណ្ឌកម្មឆ្លើយតបការបាញ់មីស៊ីលនានា ប្រទេសឯកោមួយនេះនៅតែមិនញញើតក្នុងការបង្កើនសមត្ថភាពយោធានាពេលអនាគត និងនៅតែបន្តសកម្មភាពគំរាមកំហែងសន្តិសុខពិភពលោក។ ក្នុងថ្ងៃបើកកិច្ចប្រជុំ កូរ៉េខាងជើងបានបញ្ជូនដ្រូនឆ្លងចូលទៅកូរ៉េខាងត្បូង ធ្វើឱ្យទីក្រុងសេអ៊ូលបើកប្រតិបត្តិការយន្តហោះចម្បាំង និងឧទ្ធម្ភាគចក្រតាមបាញ់ទម្លាក់ដ្រូននោះ។ 
 
អំឡុងកិច្ចប្រជុំពេញអង្គ មេដឹកនាំកូរ៉េខាងជើងក៏បានចង្អុលបង្ហាញពីការខ្វះខាតធ្ងន់ធ្ងរជាបន្តបន្ទាប់ក្នុងវិស័យជាច្រើនដូចជាវិទ្យាសាស្ត្រ ការអប់រំ និងសុខាភិបាលនៅក្នុងឆ្នាំ២០២២ ដែលនឹងត្រូវស្នើឱ្យខិតខំប្រឹងប្រែងបន្ថែមដើម្បីយកឈ្នះបញ្ហាទាំងនោះនៅឆ្នាំ ២០២៣៕ 
 

Tag:
 កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com