ភ្នំពេញ៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី “ធនាគារអេស៊ីលីដា” ជាធនាគារពាណិជ្ជទីមួយ ដែលបានបោះផ្សាយមូលបត្រកម្មសិទ្ធិជាសាធារណៈនៅកម្ពុជា បានប្រកាសជាផ្លូវការនៅថ្ងៃនេះថា ធនាគារអេស៊ីលីដា ចូលរួមក្នុងកម្មវិធីដាក់ឱ្យប្រើប្រាស់អត្តសញ្ញាណបណ្ណមន្ត្រីរាជការស៊ីវិល ដែលបានចាត់ចែងរៀបចំដោយក្រសួងមុខងារសាធារណៈ និងសហការចូលរួមដោយ ធនាគារដៃគូ ចំនួន៣ រួមមាន ធនាគារ អេស៊ីលីដា ធនាគារ កាណាឌីយ៉ា និងធនាគារ វីង។
ព្រឹត្តិការណ៍ថ្ងៃនេះ បានសបញ្ជាក់ពីវឌ្ឍនភាពនៃកំណែទម្រង់រដ្ឋបាលសាធារណៈ ក្នុងការចូលរួមអនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថល រួមចំណែកដល់ការអភិវឌ្ឍរីកចម្រើនឥតឈប់ឈររបស់សង្គមជាតិ។ ក្រសួងមុខងារសាធារណៈ បានអនុញ្ញាតឱ្យធនាគារ អេស៊ីលីដា បោះពុម្ព និងផ្តល់អត្តសញ្ញាណបណ្ណមន្ត្រីរាជការស៊ីវិលប្រភេទថ្មីនេះ ជូនដល់មន្ត្រីរាជការ សម្រាប់ប្រើប្រាស់ជាបណ្ណ សម្គាល់ខ្លួនផ្លូវការផង និងជាបណ្ណអេធីអឹម (ATM) សម្រាប់បើកប្រាក់បៀវត្សពីធនាគារ និងអាចប្រើប្រាស់សម្រាប់មុខងារផ្សេងទៀត ទៅតាមការវិវឌ្ឍនៃបច្ចេកវិទ្យាព័ត៌មាន ទៀតផងដែរ។
លោក ស្រី សូផន ណារី អនុប្រធាននាយកប្រតិបត្តិជាន់ខ្ពស់ និងជាគណៈប្រធាននាយិកាប្រតិបត្តិប្រតិបត្តិការ ធនាគារ អេស៊ីលីដា បានមានប្រសាសន៍ថា ធនាគារ អេស៊ីលីដា បានបោះពុម្ពអត្តសញ្ញាណបណ្ណមន្រ្តីរាជការស៊ីវិលទម្រង់ថ្មីនេះ គឺផ្អែកលើការវិវត្តជឿនលឿន នៃបច្ចេកវិទ្យា ស្របតាមប្រក្រតីភាពថ្មីនៃបរិបទកូវីដ-១៩ ដោយបានរៀបចំបោះពុម្ពជាប្រភេទស្មាតកាត (Smart Card) ដែលអនុញ្ញាតឱ្យមន្ត្រីរាជការស៊ីវិល អាចប្រើប្រាស់សេវាប្រតិបត្តិការហិរញ្ញវត្ថុ បានយ៉ាងងាយស្រួល នៅគ្រប់ពេលវេលា ប្រកបដោយសុវត្ថិភាពខ្ពស់ ជាពិសេសមន្រ្តីរាជការស៊ីវិលទូទាំងប្រទេស នឹងទទួលបានបណ្ណនេះដោយឥតគិតថ្លៃ។
លោកស្រីបានបន្ថែមទៀតថា ដើម្បីបំពេញតម្រូវការជូនមន្ត្រីរាជការស៊ីវិល អតិថិជន និងសាធារណជន ស្របតាមយុទ្ធសាស្រ្តឌីជីថល ព្រមទាំងពង្រីកវិសាលភាព និងគាំទ្រការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាសេវាហិរញ្ញវត្ថុឱ្យកាន់តែទូលំទូលាយ និងងាយស្រួល ធនាគារអេស៊ីលីដា បាននិងកំពុងពង្រីកបណ្តាញប្រតិបត្តិការចំនួន ២៦៤សាខា និងសេវាកម្មធនាគារស្វ័យប្រវត្តិចំនួន ១២០ទីតាំង ដោយបំពាក់ម៉ាស៊ីនអេធីអឹម សរុប ១.១២៤ គ្រឿង ម៉ាស៊ីនឆូតកាត សរុប ៤.១៤៦ គ្រឿង និងអេស៊ីលីដាម៉ូបាល ដែលមានអ្នកប្រើប្រាស់ជាង ២,៦៤លាននាក់ ព្រមទាំងដៃគូអាជីវកម្ម សរុបជាង ១៩០.០០០ នៅពាសពេញផ្ទៃប្រទេស គិតត្រឹមដំណាច់ខែវិច្ឆិកា ឆ្នាំ២០២២។
លោកស្រីបានថ្លែងថា អត្តសញ្ញាណបណ្ណមន្រ្តីរាជការស៊ីវិលទម្រង់ថ្មីនេះ មានភ្ជាប់និមិត្តសញ្ញា CSS (Cambodian Shared Switch) ដែលជាបណ្ណអេធីអឹម សម្រាប់បម្រើមន្រ្តីរាជការស៊ីវិល ក្នុងការទូទាត់ទំនិញ-សេវាកម្ម តាមម៉ាស៊ីនឆូតកាត និងតាមអនឡាញ ជាមួយដៃគូអាជីវកម្ម ដែលប្រើប្រាស់ប្រព័ន្ធទូទាត់ជាមួយធនាគារ អេស៊ីលីដា។ ម៉្យាងវិញទៀត អាចដាក់ប្រាក់ បញ្ចូលទឹកប្រាក់ក្នុងទូរស័ព្ទដៃ និងអាចបង្កើតបណ្ណនិមិត្ត តាមអេធីអឹមធនាគារ អេស៊ីលីដា ព្រមទាំងអាចដកប្រាក់ និងផ្ទេរប្រាក់ តាមម៉ាស៊ីនអេធីអឹម នៅគ្រប់ធនាគារ ឬស្ថាប័នហិរញ្ញវត្ថុនានា បានគ្រប់ពេលវេលា (២៤ម៉ោងក្នុងមួយថ្ងៃ និង៧ថ្ងៃ ក្នុងមួយសប្តាហ៍)យ៉ាងងាយស្រួលប្រកបដោយសុវត្ថិភាពខ្ពស់បំផុត តាមតម្រូវការប្រើប្រាស់ប្រចាំថ្ងៃ។
លោកស្រី បានបន្ថែមទៀតថា៖ «ការដាក់ឱ្យប្រើប្រាស់ អត្តសញ្ញាណបណ្ណមន្ត្រីរាជការស៊ីវិលថ្មីនេះ សញ្ជាក់ឱ្យឃើញថា វិស័យសារធារណៈ និងវិស័យឯកជន មានទំនាក់ទំនងគ្នាយ៉ាងស្អិតល្មួត គាំទ្រគ្នាទៅវិញទៅមក មិនអាចកាត់ផ្តាច់ពីគ្នាបានឡើយ។ ជាងនេះទៅទៀត ជាលទ្ធផលបង្ហាញឱ្យឃើញថា វិស័យសាធារណៈ និងវិស័យឯកជន ជាពិសេសប្រទេសកម្ពុជាទាំងមូល មានការរីកចម្រើន ជឿនលឿន ដោយប្រើប្រាស់បច្ចេកវិទ្យាទាន់សម័យ ដូចប្រទេសជឿនលឿនមួយចំនួន នៅក្នុងតំបន់ និងក្នុងពិភពលោក»។
លើសពីនេះទៀត លោកស្រី ក៏បានគោរពថ្លៃងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ជាពិសេសលោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងសហការីទាំងអស់ ដែលជានិច្ចកាល តែងតែយកចិត្តទុកដាក់ គាំទ្រដល់ធនាគារ អេស៊ីលីដា និងផ្តល់ឱកាសដល់ធនាគារ អេស៊ីលីដា ដែលជាធនាគារខ្មែរ ក្នុងការសហការគាំទ្រ និងបម្រើសេវាកម្មធនាគារ និងហិរញ្ញវត្ថុ ដល់មន្ត្រីរាជការ ជាពិសេសមន្ត្រីរាជការស៊ីវិល៕
(អត្ថបទពាណិជ្ជកម្ម)