ជាតិ
សង្គមជាតិ
ក្រោយចប់បេសកកម្ម អគារតុលាការខ្មែរក្រហម ត្រូវប្រគល់ឲ្យកងទ័ពវិញ
30, Dec 2022 , 1:59 pm        
រូបភាព
រូបពីទំព័រហ្វេសប៊ុករបស់សាលាក្តីខ្មែរក្រហម
រូបពីទំព័រហ្វេសប៊ុករបស់សាលាក្តីខ្មែរក្រហម
អគារនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (សាលាក្ដីខ្មែរក្រហម) ត្រូវបានប្រគល់ទៅឲ្យបញ្ជាការដ្ឋានកងទ័ពជើងគោកវិញហើយ ក្រោយបេសកកម្មកាត់ទោសមេដឹកនាំខ្មែរក្រហមកំពូលៗ បានចប់សព្វគ្រប់។ ពិធីប្រគល់និងទទួលអគារនេះ ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ ដោយមានវត្តមានលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក។


សាលាក្តីខ្មែរក្រហម សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួនថា អគារសាលាក្ដីខ្មែរក្រហម គឺជាទីតាំង១ផ្នែកនៃបញ្ជាការដ្ឋានកងទ័ពជើងគោក ហើយត្រូវរដ្ឋាភិបាល ប្រគល់ឲ្យសាលាក្តីខ្មែរក្រហម ចាប់តាំងពីឆ្នាំ២០០៦ ដើម្បីដំណើរការកាត់ទោសមេដឹកនាំខ្មែរក្រហម។ សាលាក្តីខ្មែរក្រហម ជូនដំណឹងថា ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ តទៅ សាលាក្តីខ្មែរក្រហម នឹងអនុវត្តការងារដែលនៅសេសសល់ នៅទីតាំងថ្មី ដែលស្ថិតនៅតាមមហាវិថីសហព័ន្ធរុស្ស៊ី រាជធានីភ្នំពេញ។ 
 
សាលាក្តីខ្មែរក្រហម ស្រង់ប្រសាសន៍របស់លោក ហ៊ុន ម៉ាណែត ទៅសរសេរថា ពិធីទទួលអគារនេះវិញ គឺជាសក្ខីភាពនៃការបិទបញ្ចប់ទាំងស្រុងនៃដំណើរការរបស់សាលាក្តីខ្មែរក្រហម។ លោក បន្តថា អគារនេះ នឹងត្រូវប្រែក្លាយពីទីកន្លែងផ្តល់យុត្តិធម៌ ទៅជាទីកន្លែងសម្រាប់បន្តការងារការពារជាតិដូចពីមុនវិញ។ 
 
សូមរម្លឹកខ្លីថា តុលាការខ្មែរក្រហម ប្រើពេលជាង១៦ឆ្នាំ គឺចាប់តាំងឆ្នាំ២០០៦មក ក្នុងការកាត់ទោសមេដឹកនាំខ្មែរក្រហម។ រយៈពេលជាង១៦ឆ្នាំ តុលាការខ្មែរក្រហម ចំណាយប្រាក់ជាង៣៣៧លានដុល្លារ ដោយក្នុងនោះមានទាំងប្រាក់ពីរដ្ឋាភិបាលកម្ពុជា និងប្រាក់ ដែលផ្តល់ដោយបរទេស៕  
 

Tag:
 សាលាក្តីខ្មែរក្រហម
© រក្សាសិទ្ធិដោយ thmeythmey.com