ជាតិ
រោងចក្រផលិតសម្បករថយន្តមួយ អាចផលិតសម្បកប្រមាណ ១៧០០០គ្រឿងក្នុងមួយថ្ងៃនៅខេត្តព្រះសីហនុ
31, Dec 2022 , 8:59 pm        
រូបភាព
រោងចក្រផលិតសម្បកកង់រថយន្ត ដែលកំពុងសាងសង់លើផ្ទៃដី ២៨ហិកតា បាន៦០ភាគរយ និងតំឡើងម៉ាស៊ីនបាន ៥ភាគរយ បំពាក់ម៉ាស៊ីន ៥ជួរ។ ក្នុងនោះ ៣ជួរ ជាម៉ាស៊ីនស្វ័យប្រវត្តិមិនចាំបាច់ប្រើមនុស្ស និង ២ជួរផ្សេងទៀត ប្រើប្រាស់កម្លាំងពលកម្ម។ រោងចក្រនេះ ស្ថិតនៅក្នុងបរិវេណតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នៅឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
 
រោងចក្រផលិតសម្បកកង់នេះវិនិយោគដោយ ក្រុមហ៊ុន General Science Technology ដែលជាក្រុមហ៊ុនផលិតសម្បកកង់រថយន្តរបស់ប្រទេសចិន។ រោងចក្រនេះ អាចផ្ដល់ការងារចំនួន ១ ៥០០នាក់។ ដំណាក់កាលដំបូង រោងចក្រនេះ អាចផលិតសម្បករថយន្តប្រភេទឡានតូច ១៥ ០០០គ្រឿង ក្នុងមួយថ្ងៃ ដោយសម្បកមួយអាចប្រើពេល ៣៨វិនាទី។ ដោយឡែក សម្បកកង់ឡាណធំ អាចផលិតបាន ២៥០០ក្នុងមួយថ្ងៃ ដោយសម្បកមួយអាចប្រើពេល ៦០វិនាទី ។ រោងចក្រនេះ នឹងប្រើប្រាស់កៅស៊ូ ៣០០តោន។ បច្ចុប្បន្ន រោងចក្រនេះ ក៏មានសាខានៅប្រទេសចិន និងប្រទេសថៃ ហើយសម្បកកង់ដែលផលិតរួចនាំទៅកាន់សហរដ្ឋអាម៉េរិក។ 
 
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងថា យុវជនខ្មែរ ត្រូវខិតខំរៀនសូត្រសម្រាប់បំពេញការងារនៅក្នុងខេត្តព្រះសីហនុ ដែលមានរោងចក្រ សហគ្រាសដែលប្រើប្រាស់កម្មករជំនាញបច្ចេកទេស។ លោក គួច ចំរើន មិនចង់ឱ្យមានការនាំចូលវត្ថុធាតុដើមពីក្រៅប្រទេស ព្រោះកម្ពុជាជាប្រទេសកសិកម្ម។
 
ក្រៅពីរោងចក្រផលិតកង់ឡាន ខេត្តព្រះសីហនុ ក៏មានរោងចក្រថ្មីៗបន្ថែមដូចជា រោងចក្រផលិតផលសូឡា ដោយប្រើគ្រឿងយន្ត។  រោងចក្រ ផលិតគ្រឿងសង្ហារឹម និងរោងចក្រ ផលិតបន្ទះសូឡា៕ 



Tag:
 រោងចក្រ
© រក្សាសិទ្ធិដោយ thmeythmey.com