ជាតិ
សង្គមជាតិ
សម្តេច ហ៊ុន សែន ប្រកាសជួយយឹតយោងក្មេងស្រីនៅអង្គការអាហ្វេស៊ីប ឲ្យរៀនដល់មហាវិទ្យាល័យទាំងអស់គ្នា
01, Jan 2023 , 12:59 pm        
រូបភាព
យុវតីម្នាក់ ក្រាបសំពះអ្នកស្រី ម៉ម សុម៉ាលី ប្រធានអង្គការអាហ្វេស៊ីប ក្រោយប្រឡងជាប់បាក់ឌុបក្នុងឆ្នាំ២០២២ ហើយនិយាយបណ្តើរយំបណ្តើរថា អរគុណម៉ាក់។ រូបពីទំព័រហ្វេសប៊ុក៖ Afesip Cambodia
យុវតីម្នាក់ ក្រាបសំពះអ្នកស្រី ម៉ម សុម៉ាលី ប្រធានអង្គការអាហ្វេស៊ីប ក្រោយប្រឡងជាប់បាក់ឌុបក្នុងឆ្នាំ២០២២ ហើយនិយាយបណ្តើរយំបណ្តើរថា អរគុណម៉ាក់។ រូបពីទំព័រហ្វេសប៊ុក៖ Afesip Cambodia
ដោយ: ថ្មីៗ
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ចេញមុខធានាជួយក្មេងស្រី ដែលរងគ្រោះពីរំលោភបំពានតាមទម្រង់ផ្សេងៗ ហើយត្រូវបានអង្គការអាហ្វេស៊ីប (AFESIP) ទទួលយកទៅចិញ្ចឹមបីបាច់ ឲ្យបានរៀនសូត្រទាបបំផុតត្រឹមបរិញ្ញាបត្រ។ ការប្រកាសរបស់សម្តេច ធ្វើឡើងក្នុងឱកាសដែលសម្តេច និងសម្តេច ប៊ុន រ៉ានី ជាភរិយា ចុះទៅសួរសុខទុក្ខកុមារី និងយុវតី នៅអង្គការអាហ្វេស៊ីប នាព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០២៣។

 
ប្រមុខរដ្ឋាភិបាល មានប្រសាសន៍ដូច្នេះថា៖«ខ្ញុំ ដាក់ចេញគោលដៅ១ថា កុមារដែលមកស្នាក់នៅទីនេះ ត្រូវតែមានឧត្តមសិក្សាជាចំបាច់ ហោចណាស់ ក៏ត្រូវមានបរិញ្ញាបត្រ ហើយបើគេមានលទ្ធភាពបន្ត គេអាចបន្តទៅបរិញ្ញាបត្រជាន់ខ្ពស់ និងទៅថ្នាក់បណ្ឌិត ព្រោះយើងអត់មានអ្វីផ្សេងក្រៅពីការផ្តល់ឲ្យចំណេះវិជ្ជាទេ។ ថ្ងៃនេះ យើង ផ្តល់ចំណីអាហារ ប៉ុន្តែអ្វីដែលយើង ចង់ផ្តល់ឲ្យរយៈពេលវែងនោះ គឺការសិក្សានេះឯង»។  

សម្តេច ហ៊ុន សែន និងសម្តេច ប៊ុន រ៉ានី ស្ថិតក្នុងពិធីសំណេះសំណាលជាមួយកុមារី និងយុវតីនៃអង្គការអាហ្វេស៊ីប នៅព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០២៣។

សម្តេចនាយករដ្ឋមន្រ្តី បន្តថា មានសាកលវិទ្យាល័យជាច្រើន បានផ្តល់អាហារូបករណ៍ប្រហែល៣ពាន់កន្លែងដល់សម្តេច ក្នុង១ឆ្នាំៗ ដូច្នេះ ការជួយយុវតីនៅអង្គការអាហ្វេស៊ីប ដែលប្រឡងជាប់បាក់ឌុប ឲ្យបានចូលរៀននៅមហាវិទ្យាល័យ មិនមែនជាការលំបាកសោះឡើយ។ ជាមួយគ្នានេះ សម្តេច ណែនាំទៅកូនប្រុសច្បង គឺលោក ហ៊ុន ម៉ាណែត ដែលគ្រប់គ្រងអាហារូបករណ៍របស់សម្តេច ឲ្យផ្តល់អាទិភាពក្នុងការផ្តល់អាហារូបករណ៍នេះ ដល់អង្គការអាហ្វេស៊ីប។  
 
អ្នកស្រី ម៉ម សុម៉ាលី ប្រធានមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារី (អង្គការអាហ្វេស៊ីប) ជម្រាបសម្តេច ហ៊ុន សែន និងសម្តេច ប៊ុន រ៉ានី ថា អង្គការអាហ្វេស៊ីប បានជួយក្មេងៗជាង៧នាក់មកហើយ ហើយបច្ចុប្បន្ន អង្គការនេះ មានក្មេង១៤៨នាក់ ដែលកំពុងស្ថិតក្នុងការព្យាបាលផ្លូវចិត្ត ផ្លូវកាយ និងទទួលការអប់រំ។ បើតាមអ្នកស្រី ក្មេងស្រីនៅអង្គការអាហ្វេស៊ីប បានរៀនចប់ថ្នាក់មហាវិទ្យាល័យជាបន្តបន្ទាប់ និងទទួលបានការងារផងដែរ។ អ្នកស្រី ហៅក្មេងៗទាំងនោះថាកូន ហើយអ្នកស្រី ត្រូវក្មេងៗ ហៅវិញថាម៉ាក់។
 
សម្តេច ហ៊ុន សែន បានណែនាំក្មេងស្រី និងយុវតីនៃអង្គការអាហ្វេស៊ីប ឲ្យព្យាយាមលុបបំបាត់សេចក្តីភ័យខ្លាច ដែលពួកគេទទួលពីការរំលោភបំពាន ចេញពីអារម្មណ៍បន្តិចម្តងៗ។ ទន្ទឹមនេះ សម្តេច អំពាវនាវឲ្យរួមគ្នាប្រយុទ្ធប្រឆាំងការរំលោភបំពានលើក្មេងស្រី៕   

Tag:
 សម្តេចហ៊ុន សែន
  កុមារ
  អាហ្វេស៊ីប
© រក្សាសិទ្ធិដោយ thmeythmey.com