ជាតិ
យុវជនសកម្ម សេវាល្អ
ពោធិ៍សាត់៖ មណ្ឌលសុខភាពអូរសណ្តាន់ យកចិត្តទុកដាក់ខ្ពស់លើពលរដ្ឋមានពិការភាព
01, Jan 2023 , 9:59 pm        
រូបភាព
ដោយ៖ ផាន សុខជា (យុវជនឃុំអន្លង់ត្នោត)
 
ស្រុកក្រគរ, ពោធិ៍សាត់៖ មណ្ឌលសុខភាពអូរសណ្ដាន់ តែងតែយកចិត្តទុកដាក់ខ្ពស់ ទៅលើអ្នកដែលមានពិការភាពនៅពេលដែលទៅទទួលសេវា ដោយផ្ដល់អាទិភាពជាងពលរដ្ឋទូទៅ។ ក្រុមគ្រូពេទ្យនៅមណ្ឌលសុខភាព បានជួយលើកអ្នកមានពិការភាព និងមិនយកថ្លៃសេវាព្យាបាលនោះទេ។
 
អ្នកស្រី វុទ្ធី ស្រីល័ក្ខណ៍ ប្រធានមណ្ឌលសុខភាពឃុំអូរសណ្ដាន់ បានលើកឡើងថា ក្នុងមួយថ្ងៃ មានពលរដ្ឋដែលពិការភាព មកទទួលសេវាចន្លោះពីម្នាក់ទៅ ២នាក់ ដោយពួកគេភាគច្រើនមកពិនិត្យជំងឺទូទៅ និងពិគ្រោះជំងឺទូទៅ។ អ្នកស្រីបានបញ្ជាក់ថា នៅមណ្ឌលសុខភាពអូរសណ្ដាន់ មានជម្រាលសម្រាប់ជនពិការចំនួន១ តែជម្រាលនៅបន្ទប់ទឹកពុំទាន់មាននោះទេ ព្រោះខ្វះខាតថវិកា។ ប្រធានមណ្ឌលសុខភាព បាននិងកំពុងស្វែងរកជំនួយ ដើម្បីសាងសង់នៅឆ្នាំក្រោយ។ 

អ្នកស្រី វុទ្ធី ស្រីល័ក្ខណ៍ ប្រធានមណ្ឌលសុខភាពឃុំអូរសណ្ដាន់
 
ជម្រាលសម្រាប់អ្នកពិការ ពិតជាមានសារសំខាន់ ដោយទី១ ងាយស្រួលដល់អ្នកពិការឡើងទៅទទួលសេវានៅមណ្ឌលសុខភាព ហើយយើងមិនចាំបាច់ទៅលើកពួកគាត់ ក៏ពួកគាត់អាចឡើងមកបាន។ នេះបើតាមអ្នកគ្រូពេទ្យ ស្រីល័ក្ខណ៍ រួចបន្តថា៖ «ខ្ញុំមានការយកចិត្តទុកខ្ពស់ដល់ជនពិការ ព្រោះជនពិការត្រូវការយើងយកចិត្តទុកដាក់ឱ្យបានច្រើនជាងប្រជាពលរដ្ឋទូទៅ។ ឪពុកខ្ញុំផ្ទាល់ ក៏ជាអ្នកពិការ អ៊ឹចឹងខ្ញុំដឹងថាតម្រូវការពួកគាត់ច្រើន»។
 
អ្នកគ្រូពេទ្យបានបន្ថែមថា អ្នកមានពិការភាពកុំគិតថា ខ្លួនឯងពិការហើយគ្មានអ្នកយកចិត្តទុកដាក់ សូមមកទទួលសេវានៅមណ្ឌលសុខភាពដូចប្រជាពលរដ្ឋទូទៅ និងគ្មានអ្នករើសអើងនោះទេ។ ម្យ៉ាងទៀត ចំពោះការផ្ដល់សេវា ក៏មណ្ឌលសុខភាពមិនគិតថ្លៃនោះដែរ។ អ្នកគ្រូពេទ្យបន្តថា រយៈពេល ៣ខែដែលបានដំណើរការមណ្ឌលសុខភាពនេះ គឺមានអ្នកមានពិការភាពទៅទទួលសេវាច្រើនគួរសម ដែលភាគច្រើនមានអ្នកពិការជើង។ អ្នកគ្រូពេទ្យ វុទ្ធី ស្រីល័ក្ខណ៍ រៀបរាប់យ៉ាងដូច្នេះ៕


 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ 
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 

 

Tag:
 ជម្រាលជនពិការ
  មណ្ឌលសុខភាពអូរសណ្ដាន់
© រក្សាសិទ្ធិដោយ thmeythmey.com