ជាតិ
យុវជនសកម្ម សេវាល្អ
ពោធិ៍សាត់៖ មេប៉ុស្ដិ៍អូរសណ្ដាន់ ថាគ្មានការលេងល្បែងស៊ីសងក្នុងឃុំទេ ព្រោះពលរដ្ឋមានការយល់ដឹងច្រើន
01, Jan 2023 , 10:59 pm        
រូបភាព
ដោយ៖ បុត្រ លក្ខិណា(យុវជនឃុំអន្លង់ត្នោត)
 
ពោធិ៍សាត់៖ លោក ឈីន ម៉ូ មេប៉ុស្ដិ៍ឃុំអូរសណ្ដាន់ បានលើកឡើងថា នៅក្នុងឃុំអូរសណ្ដាន់ គ្មានសកម្មភាពលេងល្បែងស៊ីសងនោះទេ ដោយសារអាជ្ញាធរ បានចុះណែនាំ និងអប់រំ ដល់ប្រជាពលរដ្ឋជាប្រចាំ។ ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏មានការយល់ដឹងច្រើន ពីផលប៉ះពាល់នៃការលេងល្បែងស៊ីសងដែរ។

 
លោកមេប៉ុស្ដិ៍រូបនេះបន្តថា ក្នុងឆ្នាំ២០២២នេះ ការលេងល្បែងស៊ីសងមានបន្តិចបន្តួចនោះទេ ពោលគឺ ប្រជាពលរដ្ឋលេងបៀនៅផ្ទះពេលបុណ្យទានជួបជុំបងប្អូន និងកោសឆ្នោត។ តែបើលេងល្បែងបែបទ្រង់ទ្រាយធំ នៅក្នុងឃុំអូរសណ្ដាន់មិនមាននោះទេ។ លោក ឈីន ម៉ូ បានបញ្ជាក់ថា ៖« ក្នុងមូលដ្ឋាន មានតែអ្នកលេងឆ្នោតតិចតួចទេ ហើយខ្ញុំបានបិទទាំងស្រុង មិនឱ្យមានទៀតនោះទេ។ អ្នកលេងបៀ ជុលមាន់ ក៏អត់មានដែរ តែបើពួកគាត់ទៅលេងកន្ លែងផ្សេង ទុកឱ្យខាងគេបង្រ្កាបទៅ។ បើនៅក្នុងឃុំនេះគឺអត់បានតែម្ដង»។

លោក ឈីន ម៉ូ មេប៉ុស្ដិ៍ឃុំអូរសណ្ដាន់។ រូបភាព៖ យុវជនអន្លង់ត្នោត
 
ប្រសិនបើមានប្រជាពលរដ្ឋនៅតែបន្តលេងល្បែងស៊ីសង លោកមេប៉ុស្ដិ៍ នៅតែបន្តអប់រំ ហាមឃាត់ និងចុះណែនាំជារៀងរាល់ខែ។ លោក ឈីន ម៉ូ បានលើកឡើងបែបនេះ ហើយបន្តថា ល្បែងស៊ីសងនេះ មិនត្រឹមតែនាំឱ្យពួកគេអន្តរាយដល់ទ្រព្យសម្បត្តិនោះទេ តែលេងច្រើននាំឱ្យប៉ះពាល់ដល់គ្រួសារហើយឈានដល់កើតមានហិង្សាទៀតផង។ លោកថា ៖«ការណែនាំរបស់អាជ្ញាធរទៅពលរដ្ឋ ទម្រាំពួកគាត់គោរព និងស្ដាប់តាម មានការលំបាកមែនទែន អ្នកខ្លះ ៣លើក អ្នកខ្លះ ៥លើក ទម្រាំគាត់ឈប់»។ លោក ឈីន ម៉ូ បានអះអាងយ៉ាងដូច្នេះ
ក្នុងនាមជាមេប៉ុស្ដិ៍នៅក្នុងឃុំអូរសណ្ដាន់ នឹងចុះបង្ក្រាបឱ្យអស់ ប្រសិនបើមានការលេងល្បែង ស៊ីងសងនៅក្នុងមូលដ្ឋានរបស់លោក ព្រោះល្បែងស៊ីសងនេះ ធ្វើឱ្យខាតបង់ចំណូល ថវិកា កិត្តិយស កេរ្តិ៍ឈ្មោះរបស់ប្រជាពលរដ្ឋ និងអាចឈានដល់ការលួច ឆក់ ប្លន់ និងមានអំពើចោរកម្មផ្សេងៗទៀតផងដែរ៕
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ 
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 

Tag:
 ល្បែងស៊ីសង
© រក្សាសិទ្ធិដោយ thmeythmey.com