ជាតិ
លោក ហុង ស៊ុនហួត អតីតទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី២រដ្ឋសភា ទទួលមរណភាពក្នុងអាយុ៧៦ឆ្នាំ
10, Jan 2023 , 11:16 am        
រូបភាព
លោក ហុង ស៊ុនហួត អតីតមន្ត្រីជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិច បានទទួលមរណភាពដោយរោគាពាធក្នុងអាយុ៧៦ឆ្នាំ កាលពីព្រឹកថ្ងៃទី៦ ខែមករា នៅមន្ទីរពេទ្យមួយនាក្រុងនីស ប្រទេសបារាំង។ នេះបើតាមសេចក្តីជូនដំណឹងរបស់លោកស្រី កែវ សញ្ញាម៉ូ ដែលជាភរិយា នៅថ្ងៃទី៩ ខែមករា។
 
វេជ្ជបណ្ឌិត ហុង ស៊ុនហួត អតីតមន្ត្រីជាន់ខ្ពស់មួយរបស់គណបក្សហ៊្វុនស៊ិនប៉ិច ចាប់តាំងពីអណត្តិទី១ ដោយលោកជាអតីតំណាងរាស្ត្រខេត្តកណ្តាល ហើយក្រោយមក បានកាន់តំណែងជាបន្តបន្ទាប់ក្នុងជួររដ្ឋាភិបាល ជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ទេសរដ្ឋមន្ត្រី-រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានអាជ្ញាជាតិប្រយុទ្ធ និងជំងឺអេដស៍។
 
ក្រៅពីនេះ លោកក៏ធ្លាប់កាន់តំណែងជាអគ្គលេខាធិការកាកបាទក្រហមកម្ពុជា ប្រធានអង្គការសុខភាពពិភពលោកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក និងជាអនុប្រធានទី២នៃរដ្ឋសភា ជំនួសលោក យូ ហុកគ្រី កាលពីនីតិកាលទី៣ ផងដែរ។
 
តាមសេចក្តីជូនដំណឹងដដែល សពលោក ហុង ស៊ុនហួត នឹងត្រូវធ្វើពិធីបូជានាថ្ងៃទី១៣ ខែមករា នៅប្រទេសបារាំង មុននឹងក្រុមគ្រួសារនៅយកធាតុធ្វើបុណ្យតាមប្រពៃណី ព្រះពុទ្ធសាសនា នៅកម្ពុជា៕
 

© រក្សាសិទ្ធិដោយ thmeythmey.com