កីឡាអន្តរជាតិ
អន្តរជាតិ
AFF Cup៖ Madam Pang ផ្តល់រង្វាន់១៥ម៉ឺនដុល្លារ ដល់ក្រុមថៃ ដែលបានកៅអីវគ្គផ្តាច់ព្រ័ត្រ
11, Jan 2023 , 10:09 am        
រូបភាព
ម្ចាស់ការពារតំណែងជើងឯកថៃ បានយកឈ្នះឥណ្ឌូណេស៊ី ៣-០ នៅជំនួបជើងទី២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ AFF Championship ដើម្បីឡើងទៅជួបវៀតណាមនៅវគ្គផ្តាច់ព្រ័ត្រ។​​ ទម្លាក់ឥណ្ឌូណេស៊ីដោយលទ្ធផលទាំង២ជើង ៣-១ អ្នកចាត់ការទូទៅថៃ Madam Pang បានផ្តល់ប្រាក់រង្វាន់៥លានបាត (១៥ម៉ឺនដុល្លារអាម៉េរិក) ដល់គ្រូបង្វឹក និងសមាជិកក្រុមទាំងអស់។

នាជំនួបជើងទី២ នៅ​កីឡដ្ឋាន Thammasat ​ថ្ងៃ​ទី១០ ខែមករា ក្រុមម្ចាស់ផ្ទះថៃ នៅតែបង្ហាញរបៀបលេងដ៏ល្អ ដោយការវាយសម្រុកទៅកាន់ក្រុមភ្ញៀវម៉ាឡេស៊ីតាំងពីដើមវគ្គទី១ រហូតសម្រេចគ្រាប់បាល់នាំមុខដោយខ្សែប្រយុទ្ធ Teerasil Dangda នៅនាទី១៩។ 
 
ចូលដល់វគ្គទី២ ក្រោយការប្រកួតដំណើរការបាន១០នាទី Bordin Phala បន្ថែមគ្រាប់ទី២ឱ្យក្រុមរហស្សនាមដំរីចម្បាំង មុន Adisak Kraisorn ដែលប្តូរជំនួស Dangda សម្រេចគ្រាប់ទី៣នៅនាទី៧១។ បញ្ចប់ការប្រកួតថៃឈ្នះ ម៉ាឡេស៊ី ៣-០។ ដោយជើងទី១ ម៉ាឡេស៊ីឈ្នះថៃ ១-០ ដូច្នេះសរុបទាំងពីរជើងថៃឈ្នះ ៣-១។
 
តាមរយៈលទ្ធផល ថៃទទួលបានកៅអីឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ AFF Cup ដោយត្រូវជួបវៀតណាមដើម្បីការពារតំណែងជើងឯករបស់ខ្លួន។
 
នៅមុនការប្រកួតជើងទី២នេះ Madame Pang ដែលជាអ្នកចាត់ការទូទៅក្រុមថៃ សន្យាផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តបន្ថែមដល់គ្រូបង្វឹកលោក Mano Polking និងកីឡាករ ប្រសិនថៃឈានដល់វគ្គផ្តាច់ព្រ័ត្រ AFF Cup ឆ្នាំ២០២២។
 
បើតាមការចុះផ្សាយរបស់កាសែតវៀតណាម Postsen ស្ត្រីមហាសេដ្ឋីថៃ វ័យ៥៦ឆ្នាំរូបនេះ អះអាងថាជំនួបជើងទី២ទល់ម៉ាឡេស៊ី ជាការប្រកួតសំខាន់ដ្បិតជើងទី១ ថៃបានចាញ់ ១-០ ដូច្នេះ ដើម្បីជាការលើកទឹកចិត្តគ្រូ និងកីឡាករ អ្នកស្រី Pang នឹងផ្តល់ប្រាក់រង្វាន់ចំនួន១៥ម៉ឺនដុល្លារបន្ថែមទៀត។
 
ថៃ នឹងត្រូវការពារតំណែងជើងឯក AFF Cup ឆ្នាំ២០២២ ទល់វៀតណាមនៅថ្ងៃទី១៣ ខែមករា សម្រាប់ជើងទី១នៅដីវៀតណាម និងជើងទី២នៅថៃ ថ្ងៃទី១៦ ខែមករា៕
 

Tag:
 Madam Pang
  AFF Cup
© រក្សាសិទ្ធិដោយ thmeythmey.com