កីឡាអន្តរជាតិ
អន្តរជាតិ
លោក Park Hang Seo៖ បេសកកម្មចុងក្រោយជាមួយវៀតណាម ដាច់ខាតត្រូវឈ្នះថៃ លើកពាន AFF Cup
13, Jan 2023 , 1:59 pm        
រូបភាព
លោក Park Hang Seo គ្រូជម្រើសជាតិវៀតណាម រូបពី AFF Mitsubishi Electric Cup 2022
លោក Park Hang Seo គ្រូជម្រើសជាតិវៀតណាម រូបពី AFF Mitsubishi Electric Cup 2022
វៀតណាម ត្រូវទទួលក្រុមម្ចាស់ការពារជើងឯកថៃ ក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រជើងទី១ ព្រឹត្តិការណ៍  AFF Mitsubishi Electric Cup 2022 នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ នៅកីឡដ្ឋាន My Dinh វេលាម៉ោង ៧:៣០នាទី។ លោក Park Hang Seo គ្រូជម្រើសជាតិវៀតណាម ប្ដេជ្ញាជួយក្រុមយកជ័យជម្នះឲ្យបានដាច់ខាត ព្រោះជាបេសកកម្មចុងក្រោយ ដ្បិតកិច្ចសន្យាក្នុងនាមគ្រូវៀតណាមដល់ទីបញ្ចប់នៅថ្ងៃទី៣១ ខែមករានេះ។


លោក Park Hang Seo ថាមិនឲ្យបទពិសោធន៍ចាញ់ថៃកាលឆ្នាំ២០២១ នៅប្រទេសសិង្ហបុរី ក្នុងលទ្ធផល ២-០ នៅវគ្គពាក់កណ្ដាល់ផ្ដាច់ព្រ័ត្រ ត្រឡ​ប់មកលងបន្លាចក្រុមវៀតណាមទៀតឡើយ ក្រោយលោកចាកចេញ។
 

លោក Alexandre Mano Polking គ្រូជម្រើសជាតិថៃ រូបពី AFF Mitsubishi Electric Cup 2022

ក្នុងការធ្វើជាម្ចាស់ផ្ទះជំនួបនេះ គ្រូបង្វឹកសញ្ជាតិកូរ៉េខាងត្បូង តាំងចិត្តយ៉ាងមុតមាំ ថាបេសកកម្មចុងក្រោយ គឺជាការឈ្នះពាន AFF Championship។ ម្យ៉ាងវិញទៀត ការយកជ័យជម្នះលើកក្រុមថៃ ដែលជាក្រុមមានកម្រិតខ្ពស់ក្នុងតំបន់ មានន័យថា ក្រុមជម្រើសជាតិវៀតណាម កើនកម្រិតមួយខ្ពស់ជាងគេក្នុងតំបន់អាស៊ាននៅឆ្នាំ២០២៣នេះ។
 
«អំឡុងពេល៥ឆ្នាំ ក្នុងតំណែងដឹកនាំក្រុមឈុតធំ និង ក្រុម U-23, ខ្ញុំធ្លាប់ចាញ់ថៃ ១ប្រកួត នោះគឺឆ្នាំ២០២០ (AFF Suzuki Cup 2020) នៅប្រទេសសិង្ហបុរី ក្នុងលទ្ធផល ២-០។ AFF Cup 2022 នេះ ជាបេសកម្មចុងក្រោយរបស់ខ្ញុំសម្រាប់ជម្រើសជាតិវៀតណាម។ ដូច្នេះ ខ្ញុំ ត្រូវតែឈ្នះ ពានរង្វាន់នេះឱ្យបាន ជាការអរគុណដល់អ្នកគាំទ្រ អំឡុងពេលខ្ញុំដឹកនាំ ផងដែរ។»។ គ្រូជម្រើសជាតិវៀតណាម បាននិយាយក្នុងសន្និសីទសារព័ត៌មានដូច្នេះ។
 
លោក Park Hang Seo ដូចជាមិនខ្វល់អំពីយុទ្ធសាស្ដ្រប្រកួត របស់ថៃ ឬសមត្ថភាពកីឡាករគូប្រជែងឡើយ។ គ្រូសញ្ជាតិកូរ៉េខាងត្បូងរូបនេះ បាននិយាយថា ថៃត្រូវតែសងបំណុល កាលពីប្រកួត AFF Suzuki Cup 2020  ដែលទម្លាក់ក្រុមលោកត្រឹមវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ 
  

កីឡាករ  Chanathip ពាក់លេខ១៨ អបអរគ្រាប់បាល់ ស៊ុតគ្រាប់ទី១ បញ្ចូលទី វៀតណាម ក្នុងព្រឹត្តិការណ៍ AFF Suzuki Cup 2020 រូបពី Chanathip Songkrasin
 
«យើង មានរឿង២ត្រូវធ្វើ។ រឿងទី១ គឺត្រូវលេងឲ្យបានល្អនៅជើងទី១ និងយកជ័យជម្នះលើអ្វីដែលក្រុមថៃបានជំពាក់យើង។ រឿងទី២ គឺនាំយកពានរង្វាន់មកទឹកដីវៀតណាម ដើម្បីជាការដូដល់អ្នកគាំទ្រ។»។ គ្រូជម្រើសជាតិរូបនេះ​ បានបញ្ជាក់ដូច្នេះ។
 
កាលជំនួប AFF Championship 2020 វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កីឡាករ Chanathip Songkrasin របស់ថៃ បានទម្លាយសំណាញ់ទីវៀតណាម នៅនាទី១៤ និង២៣ ដែលនាំឲ្យក្រុមថៃទៅវគ្គផ្ដាច់ព្រ័ត្រ។ ដោយឡែកព្រឹត្តិការណ៍ឆ្នាំនេះ Chanathip និងSupachok Sarachart ដែលបានជួយជម្រើសជាតិថៃ លើកពានរង្វាន់ AFF Championship 2020 មិនបានចូលរួមដោយសារមានបញ្ហារបួសក្នុងការប្រកួតបើករដូវនៅលីគកំពូលជប៉ុន J-League។
 
លោក Alexandre Mano Polking គ្រូបង្វឹកក្រុមជម្រើសជាតិថៃ បាននិយាយក្នុងសន្និសីទសារព័ត៌មានមុនប្រកួតថា នេះ គឺជារឿងគួរឲ្យសោកស្ដាយ បើទោះជា ក្រុមជម្រើសជាតិ មានគុណភាពកីឡាករច្រើនក៏ដោយ ប៉ុន្ដែក៏មានកីឡាករល្អៗ (Key Players) មួយចំនួនមិនអាចចូលរួមបាន។ 
 
លោក Mano Polking និយាយនៅមុនជំនួបជើងទី១ថា៖«ពួកគេ (វៀតណាម) រាងកម្រោលក្នុងការប្រជែងយកបាល់។ ហើយ ពួកគេការពារក៏ល្អ ម្យ៉ាងវិញទៀតពួកគេលេងក្នុងទឹកដីខ្លួន ដែលមានអ្នកគាំទ្រចាំជួយជាកម្លាំងចិត្ត។ ពួកគេមានឱកាសច្រើនជាងព្រោះ មិនចាំបាច់ហោះហើរ គ្រាន់តែហ្វឹកហាត់ចាំប្រកួត។»។
 
ប្រសិនជាក្រុមជម្រើសជាតិថៃ ឈ្នះប្រកួតនេះ នោះវៀតណាម នឹងមានសម្ពាធកាន់តែខ្លាំង ដោយត្រូវត្រៀមប្រកួតក្រៅដីនៅថ្ងៃទី១៦ ខែមករា នៅកីឡដ្ឋាន Thammasat សម្រាប់ជើងទី២។ ម្យ៉ាងវិញទៀត ថៃ គឺជាក្រុមក្នុងតំបន់មួយ ដែលឈ្នះពានរង្វាន់នេះ ច្រើនជាងគេ ដល់ទៅ៦លើក រីឯវៀតណាម ទើបតែ២លើកប៉ុណ្ណោះ។ 
តើលោក Park Hang Seo អាចយកពាន​ AFF Cup ឲ្យវៀតណាមបានទេ ក្នុងបេសកកម្មចុងក្រោយនេះ?៕
 

Tag:
 បាល់ទាត់
  AFF Mitsubishi Electric cup
© រក្សាសិទ្ធិដោយ thmeythmey.com