ជាតិ
សង្គមជាតិ
ប៉ូលិសចរាចរណ៍១០នាក់ រងចំណាត់ការពីថ្នាក់លើ ដោយសារពិន័យ២០០ដុល្លារពីអ្នកបើកបរ តែមិនចេញបង្កាន់ដៃ
18, Jan 2023 , 12:59 pm        
រូបភាព
ក្រុមប៉ូលិសចរាចរណ៍ខេត្តកំពង់ស្ពឺ ត្រូវថ្នាក់លើហៅទៅសួរនាំ ក្រោយពិន័យប្រាក់២០០ដុល្លារពីអ្នកបើកបរល្មើសច្បាប់ ដោយមិនបានចេញបង្កាន់ដៃ។ រូបពីហ្វេសប៊ុករបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ
ក្រុមប៉ូលិសចរាចរណ៍ខេត្តកំពង់ស្ពឺ ត្រូវថ្នាក់លើហៅទៅសួរនាំ ក្រោយពិន័យប្រាក់២០០ដុល្លារពីអ្នកបើកបរល្មើសច្បាប់ ដោយមិនបានចេញបង្កាន់ដៃ។ រូបពីហ្វេសប៊ុករបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ
ប៉ូលិស បានប្រគល់ប្រាក់នោះ ទៅម្ចាស់រថយន្តវិញហើយ។


នគរបាលចរាចរណ៍១០នាក់ នៅខេត្តកំពង់ស្ពឺ ត្រូវថ្នាក់លើហៅទៅសួរនាំ ក្រោយចាប់អ្នកបើករថយន្តដឹកនាំទំនិញ១គ្រឿង ដែលល្មើសច្បាប់ ហើយពិន័យប្រាក់២០០ដុល្លារពីអ្នកបើកបរនោះ ដោយមិនបានចេញវិក្កយបត្រ ឬបង្កាន់ដៃបង់ប្រាក់។ នគរបាលចរាចរណ៍ តម្រូវឲ្យអ្នកបើកបរនោះ បាញ់ប្រាក់តាមអេប៊ីអេ (ABA)។ ក្នុងរឿងនេះ កំហុសរបស់ម្ចាស់រថយន្ត គឺដឹកទំនិញសំពីងសំពោង និងគ្មានបណ្ណបើកបរ ឯកំហុសរបស់នគរបាល គឺមិនបានចេញបង្កាន់ដៃបង់ប្រាក់។ 
 
លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ មានប្រសាសន៍ជាមួយសារព័ត៌មានថ្មីៗ នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣នេះ ដូច្នេះថា៖«[គេ] បាញ់ [ប្រាក់ចូល] អេប៊ីអេហើយ ចេញវិក្កយបត្រឲ្យគេទៅ វាមានខុសអី ដោយសារអត់ចេញហ្នឹង បានខុស»។ 
 
ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានហៅម្ចាស់រថយន្តដឹកទំនិញទៅជួប និងបានប្រគល់ប្រាក់២០០ដុល្លារនោះ ទៅឲ្យគាត់វិញហើយ។ តាមរយៈសារដែលបង្ហោះលើគណនីហ្វេសប៊ុករបស់ខ្លួន ដែលមានឈ្មោះថា «គង្គា លំអរ មង្គល» ម្ចាស់រថយន្ត បានទទួលស្គាល់កំហុសខ្លួន និងទទួលយកការណែនាំរបស់សមត្ថកិច្ច។ ជាមួយគ្នានេះ គាត់ បានអរគុណលោកស្នងការ ដែលប្រគល់ប្រាក់ទៅឲ្យគាត់វិញ ហើយគាត់ អះអាងថា គាត់ មិនទុកប្រាក់នោះទេ ដោយបានយកទៅបរិច្ចាគដល់មន្ទីរពេទ្យគន្ធបុប្ផា។
 
ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺង ប្រាប់សាធារណជនលើទំព័រហ្វេសប៊ុក នៅថ្ងៃទី១៦ ខែមករា ថា បច្ចុប្បន្ន ​នគរបាលចរាចរណ៍ទាំង១០នាក់ ត្រូវបានយកទៅទុកនៅការិ​យាល័យ​បុគ្គលិជាកបណ្ដោះអាស​ន្ន​ ដើម្បីអនុវត្ត​តាមវិន័យគ​របាល។ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ អះអាងថា នឹង​ស្រាវជ្រាវ ដើម្បីឈានទៅចាត់វិធាន​ការតាម​នីតិវិធីលើពួកគេបន្តទៀត។

ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា កាល​ពី​ថ្ងៃទី​១៤​ ខែមករា កម្លាំងនគរបាល​ចរាចរណ៍​ បានចុះ​​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​លើ​ផ្លូវជាតិលេ​ខ​៤​ ហើយបានឃាត់​រថយន្ដ​ខាងលើ ដែលដឹកទំនិញ​សំពីងសំពោង​ ហើយអ្នកបើកបរ ថែមទាំងគ្មានបណ្ណបើកបរថែមទៀត។ ​​ ​
 
នគរបាលចរាចរណ៍ លើកយកច្បាប់ទៅប្រាប់អ្នកបើកបរថា ​ការបើកបរដោយគ្មានបណ្ណបើកបរ ត្រូវពិន័យ១,២លានរៀល ហើយត្រូវពិន័យ១៥ម៉ឺនរៀលបន្ថែមពីលើទៀត ដោយសារដឹកទំនិញសំពីងសំពោង។​ ពេលនោះ​ អ្នករួ​ម​ដំ​ណើរ​តាមរថយន្តដឹកទំនិញនោះ ជួយ​សម្របសម្រួល ដោយសុំបង់ប្រាក់ប្រាក់​២០០ដុល្លារ (​៨០ម៉ឺនរៀល) តាមគណនីអេប៊ីអេរបស់នគរបាលចរាចរណ៍ម្នាក់។
 
ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ​ ចាប់ផ្តើមស្រាវជ្រាវ បន្ទាប់ពីឃើញម្ចាស់រថយន្តដឹកទំនិញ បង្ហោះលើបណ្តាញសង្គមពីករណីដែលរូបគេ ត្រូវនគរបាលចរាចរណ៍ពិន័យប្រាក់២០០ដុល្លារ ហើយមិនបានចេញបង្កាន់ដៃឲ្យ។ គេ ថែមទាំងសរសេរទៀតថា នគរបាលចរាចរណ៍ បានយកទូរស័ព្ទរបស់គេ ដើម្បីលុបរូប ដែលគេថតនៅកន្លែងកើតហេតុនោះ។
 
តាមរយៈទំព័រហ្វេសប៊ុកដដែល ស្នងការដ្ឋានគរបាលខេត្តកំពង់ស្ពឺ ស្នើឲ្យសាធារណជន បន្តផ្ដល់ព័ត៌មាននានា ពាក់ព័ន្ធ​នឹងមន្រ្ដីនគរបាល ដែលមានកំហុសឆ្គងក្នុងការបំបេញវិជ្ជាជីវៈ ដើម្បីរួមចំណែកកែលម្អចំណុចខ្វះខាត៕ 
 

Tag:
 ចរាចរណ៍
  មិនចេញបង្កាន់ដៃបង់ប្រាក់
© រក្សាសិទ្ធិដោយ thmeythmey.com