ជាតិ
យុវជនសកម្ម សេវាល្អ
កោះកុង៖ យុវតីនៅឃុំជីខលើបារម្ភ​ពីសុវត្ថិភាពពេលធ្វើដំណើរយប់ ខណៈតាមផ្លូវគ្មានភ្លើងបំភ្លឺផ្លូវ ​
18, Jan 2023 , 6:29 pm        
រូបភាព
យុវតីក្នុងឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង ចង់ឱ្យអាជ្ញាធរបំពាក់ភ្លើងបំភ្លឺតាមផ្លូវ។
យុវតីក្នុងឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង ចង់ឱ្យអាជ្ញាធរបំពាក់ភ្លើងបំភ្លឺតាមផ្លូវ។
ដោយ៖ សួង ប៉ិ 

ស្រុកស្រែអំបិល,កោះកុង៖ យុវតីរស់នៅក្នុងភូមិជីខ​ ឃុំជីខលើ បង្ហាញពីការព្រួយបារម្ភរបស់ពួកគេ ពេលធ្វើដំណើរចេញពីសាលានាពេលយប់ ដោយសារគ្មានភ្លើងបំភ្លឺផ្លូវ ប្រជាការពារ និងឡានធំៗបើកបរ។ ពួកគេព្រួយបារម្ភពីសុវត្ថិភាព ដោយខ្លាចចោរកម្ម និង គ្រោះថ្នាក់ចរាចរណ៍។​ តបនឹងបញ្ហានេះ លោកមេឃុំជីខលើលើកឡើងថា បញ្ហាខាងលើនេះមិនទាន់ចោទជាបញ្ហាធ្ងន់ធ្ងរនោះទេ ប៉ុន្តែឃុំនៅតែយកចិត្តទុកដាក់លើបញ្ហានេះ។ ប៉ុន្តែលោកបារម្ភជាងគេនៅក្នុងឃុំជីខលើនោះ គឺបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដោយសារផ្លូវមានឡានធំៗបើកបរ។ ម្យ៉ាងទៀត នៅឃុំនេះក៏ខ្វះកម្លាំងសមត្តកិច្ចផងដែរ ពោលគឺមានប៉ុស្តិ៍នគរបានឃុំតែ៤នាក់ប៉ុណ្ណោះ។
 
វេលាម៉ោង៧យប់ ជាពេលវេលាដែលសិស្សានុសិស្សមួយចំនួន នៅវិទ្យាល័យ ហ៊ុន សែន ជីខលើ ក្នុងឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង បញ្ចប់ម៉ោងរៀនគួរ និងចេញពីសាលា។ ក្នុងចំណោមពួកគេក៏មានយុវតីដែរ ដែលត្រូវធ្វើដំណើរចេញពីសាលានាពេលយប់នោះ។ 
 
យុវតី ជួន ជីន និង យុវតី ទឹត្យ យ៉ុន ជាសិស្សវិទ្យាល័យ និងជាអ្នកភូមិ ដែលមានលំនៅដ្ឋានជិតខាងគ្នា។ យុវតីទាំង២ តែងចេញពីសាលាមកផ្ទះ នៅវេលាម៉ោងប្រមាណ៧យប់។ នៅតាមផ្លូវពីសាលាមកផ្ទះ ដែលមានចម្ងាយប្រមាណ៤ ទៅ៥គីឡូម៉ែត្រ ពួកគេត្រូវធ្វើដំណើរតាមផ្លូវជាតិ ដោយគ្មានឡើយភ្លើងបំភ្លឺផ្លូវ រួមនឹងឡានដឹកជញ្ជូនធំៗធ្វើចរាចរណ៍។ ការណ៍នេះ បានក្លាយជាក្ដីកង្វល់ សម្រាប់សិស្សស្រីទាំងពីររូបនេះ។ 
 
កញ្ញា ជួន ជីង មានអាយុ១៥ឆ្នាំ កំពុងសិក្សាថ្នាក់ទី១០ រស់នៅក្នុងឃុំជីខលើ។ កញ្ញារៀបរាប់ពីស្ថានការណ៍ផ្លូវដែលខ្លួនជួបដូច្នេះ៖ «ពេលធ្វើដំណើរម្ដងៗខ្ញុំជួបផលលំបាកដូចជា ខ្វះមធ្យោបាយធ្វើដំណើរ ខ្វះប្រជាការពារយាមល្បាតនៅពេលយប់ និងមិនមានភ្លើងបំភ្លឺផ្លូវនាពេលយប់»។ 
 
គ្មានភ្លើងបំភ្លឺផ្លូវ តាមដងផ្លូវនៅក្នុងឃុំជីខលើនេះ បានក្លាយជាកង្វល់សម្រាប់យុវតី ជួន ជីង​។ កញ្ញាយល់ឃើញថា គ្មានភ្លើងបំភ្លឺផ្លូវ ធ្វើឱ្យកញ្ញាពិបាកមើលផ្លូវនាពេលយប់ ជាពិសេសផ្លូវបត់កែង បញ្ហាជនពាលដែលអាចបង្កជាករណីរំលោភ ឬចោរកម្ម ជាដើម។ ឯការបើកបររបស់ឡានធំៗនៅលើផ្លូវទៀតសោត ក៏ជា​កង្វល់របស់កញ្ញាផងដែរ។ កញ្ញារៀបរាប់ពីអារម្មណ៍ភ័យខ្លាច​របស់ខ្លួនដូច្នេះ៖ «ខ្ញុំមានអារម្មណ៍ភ័យខ្លាចនៅពេលយប់! ដោយសារមិនសូវមានប្រជាពលរដ្ឋធ្វើដំណើរទេ គឺមានតែឡើងធំរត់(បើកបរ)ច្រើននៅលើផ្លូវ។ ដោយសារអត់មានភ្លើងតាមផ្លូវ ធ្វើឱ្យខ្ញុំខ្លាចជនពាលស្ទាក់នៅផ្លូវ ហើយក៏ខ្លាចធ្លាក់ជង្ហុក»។ 
 
មិនសុខពីយុវតី ជួន ជីង ប៉ុន្មានឡើយ យុវតី ទឹត្យ យ៉ុន ក៏បារម្ភពីសុវត្ថិភាពខ្លួន ពេលធ្វើដំណើរនៅពេលយប់ ចេញពីសាលាមកផ្ទះដែរ ដោយបណ្ដាលមកពីគ្មានភ្លើងបំភ្លឺផ្លូវនេះ។ យុវតីវ័យ១៥ឆ្នាំរូបនេះ រៀបរាប់ពីម្នេញខ្លួនដូច្នេះ៖ « ខ្ញុំភ័យខ្លាចពេលធ្វើដំណើរនៅពេលយប់ ខ្លាចគេស្ទាក់ផ្លូវ តាមផ្លូវមានភាពងងឹត ហើយឡានបរលឿនៗ ខ្លាចគ្រោះថ្នាក់ចរាចរណ៍ គ្មានភ្លើងបំភ្លឺផ្លូវ ហើយនៅតាមផ្លូវពេលចេញពីសាលាមានពលរដ្ឋ ២ ឬ៣នាក់ប៉ុណ្ណោះ ដែលធ្វើដំណើរ»។ សម្រាប់យុវតីអ្នកភូមិជីខរូបនេះ ការដែលមិនមានបំបាក់នូវភ្លើងបំភ្លឺផ្លូវនាពេលយប់ដូច្នេះ ក៏អាចបណ្ដាលឱ្យគ្រោះថ្នាក់លើដងផ្លូវផងដែរ។ តួយ៉ាងធ្លាក់ជង្ហុក ដោយសារផ្លូវបច្ចុប្បន្នមានសភាពខូចខាត និង គ្រោះថ្នាក់ចរាចរណ៍ដែលកើតមាន នៅចំណុចបត់បែននៃស្ថានភាពផ្លូវ ក្នុងភូមិសាស្ត្រឃុំជីខលើនេះ។ 
 
ដោយសារតែខ្លាចពេលធ្វើដំណើរនាពេលយប់ ពីបញ្ហាដែលអាចកើតមានផ្សេងៗពេលធ្វើដំណើរនោះ យុវតី ទឹត្យ យ៉ុន ចង់ឱ្យអាជ្ញាធរបំពាក់ភ្លើងបំភ្លឺតាមផ្លូវ។ ប្រសិនបើអាជ្ញាធរមិនទាន់មានលទ្ធភាព ក្នុងការបំពាក់គ្រប់កន្លែងក្នុងភូមិ យុវតីរូបនេះថា អាជ្ញាធរអាចបំពាក់នៅតាមចំណុចមួយចំនួនដូចជា ផ្លូវបត់បែន ឬមានសភាពស្ងាត់ជាដើម។ កញ្ញា ទឹត្យ យ៉ុន បន្ថែមដូច្នេះ៖ «ខ្ញុំពិតជាចង់បានសុវត្ថិភាព ពេលធ្វើដំណើរនៅពេលយប់ណាស់។ ខ្ញុំមានសំណូមពរទៅកាន់អាជ្ញាធរភូមិ-ឃុំ ឱ្យដាក់បំភ្លឺផ្លូវនៅពេលយប់ និង មានដាក់អ្នកយាមល្បាតនៅពេលយប់ផងដែរ។ ប្រសិនបើមានភ្លើងបំភ្លឺ និងអ្នកយាមល្បាតនៅពេលយប់ ខ្ញុំសប្បាយចិត្តណាស់ ព្រោះមិនមានភាពភ័យខ្លាចក្នុងការធ្វើដំណើរ»។ 
 
តបនឹងបញ្ហាគ្មានភ្លើងបំភ្លឺផ្លូវនេះ លោក ស៊ុន ឃៀម មេឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង លើកឡើងថា អាជ្ញាធរបានមើលឃើញពីបញ្ហាកង្វះខាតភ្លើងបំភ្លឺផ្លូវ សម្រាប់ពលរដ្ឋធ្វើដំណើរនាពេលយប់នេះ។ ប៉ុន្តែខាងឃុំមិនមានលទ្ធភាពក្នុងការបំពាក់ភ្លើងបំភ្លឺផ្លូវនៅឡើយនោះទេ។ លោកអះអាងបន្ថែមដូច្នេះ៖ «តាមពិតទៅយើងគិតថា ការបំភ្លឺផ្លូវសម្រាប់សិស្សានុសិស្សនោះ យើងគិតថាវាចំបាច់ ប៉ុន្តែវាអាចនៅដំណើរការបាននៅឡើយ ហើយចំពោះសន្តិសុខនៅក្នុងមូលដ្ឋានក៏មិនមានបញ្ហាអ្វីកើតឡើងនោះទេ។ គោលបំណងរបស់យើងពិតជាចង់បានភ្លើងបំភ្លឺផ្លូវ បើមានជំនួយយើងអាចដាក់កន្លែងដែលចំបាច់ តែយើងកៀរគររកអត់បាន»។ 
 
បញ្ហាចោទមួយទៀត សម្រាប់ឃុំជីខលើនេះ គឺឃុំខ្វះកម្លាំងសមត្ថកិច្ច។ ពោលគឺក្នុងឃុំមានតែ៤នាក់ប៉ុណ្ណោះនាពេលបច្ចុប្បន្ន។ លោកពន្យល់បន្ថែមទៀតថា៖ «បញ្ហាសន្តិសុខនៅទីនេះ គឺមានកង្វះខាតច្រើន! បច្ចុប្បន្នយើងប្រើតែកម្លាំងប៉ុស្តិ៍ទេ ហើយកម្លាំងប៉ុស្តិ៍នេះទៀតពីមុនមាន៦(នាក់) ឥឡូវសល់តែ៤ទេ»។
 
លោកបន្ថែមទៀតថា បញ្ហាដែលចោទខ្លាំងបំផុត​ ជាងបញ្ហាភ្លើងបំភ្លឺផ្លូវនោះ ជាបញ្ហាគ្រោះថ្នាក់ចរាចរណ៍។ ដោយសារទាំងសាលាបឋមសិក្សា ក៏ដូចជាវិទ្យាល័យ​ គឺជាប់នឹងថ្នល់ជាតិ ដែលផ្លូវនេះមានភាពមមាញឹកក្នុងការធ្វើចរាចរណ៍របស់រថយន្តតូចធំ និង បើកបរល្បឿនលឿនផងដែរ។ 
 
ជុំវិញបញ្ហាចរាចរណ៍នេះ មេឃុំជីខលើ បញ្ជាក់ថា ខាងអាជ្ញាធរឃុំ មានផែនការក្នុងការធ្វើរនាំងសម្រាប់ឱ្យសិស្សឆ្លងកាត់ពេលចេញពីសាលា។ ផែនការដាក់រនាំងតាមសាលារៀននេះ លោក ស៊ុន ឃៀម បន្ថែមថា​ បច្ចុប្បន្នបានដំណើរការដាក់មួយសាលារួចហើយ និងបន្តដាក់សាលាចំនួន៣ទៀត ដែលមានក្នុងឃុំ ទៅតាមលទ្ធភាពដែរឃុំ និងសប្បុរសជនជួយ។
 
ពាក់ព័ន្ធ​នឹងដំណោះស្រាយបញ្ហាចរាចរណ៍នេះ មេឃុំជីខលើរូបនេះ អះអាងថា កន្លងមកខាងឃុំ បានជួបពិភាក្សាជាមួយតាមបណ្ដាសាលាឃុំ ដើម្បីផ្សព្វផ្សាយពីបញ្ហា ដើម្បីបង្កាគ្រោះថ្នាក់ចរាចរណ៍ផងដែរ។ លោកក៏មានសំណូមពរ​ ចង់ឱ្យផ្លាកចរាចរណ៍ បញ្ជាក់ពីទីតាំងដែលមានសាលានៅតាមដងផ្លូវផងដែរ ខណៈបច្ចុប្បន្នមិនទាន់មាននៅឡើយនោះ៕
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ
 
(វីដេអូ និងអត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុ របស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារ នៅក្នុងអត្ថបទ និងវីដេអូនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំង អំពីទស្សនៈ របស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ​)
 
 
 

Tag:
 ឃុំជីខលើ
  ភ្លើងបំភ្លឺផ្លូវ
  សុវត្ថិភាព
  ស្រែអំបិល
  កោះកុង
© រក្សាសិទ្ធិដោយ thmeythmey.com