ជាតិ
រកឃើញពងអណ្ដើកហ្លួង ៥៤គ្រាប់ នៅលើឆ្នេរខ្សាច់សិប្បនិម្មិតក្នុងខេត្តកោះកុង 21, Jan 2023 , 10:00 pm
ពងអណ្ដើកហ្លួង។ រូបភាពពីអង្គការ WCS
×
ភ្នំពេញ៖ ក្រុមអ្នកអភិរក្សសត្វអណ្ដើកនៃអង្គការ WCS និងរដ្ឋបាលជលផល បានរកឃើញពងអណ្ដើកហ្លួងចំនួន ៤សម្បុក ស្មើនឹង៥៤គ្រាប់ នៅលើឆ្នេរខ្សាច់សិប្បនិម្មិត ក្បែរស្រះបង្កាត់ពូជ ក្នុងមជ្ឈមណ្ឌលអភិរក្សសត្វល្មូនខេត្តកោះកុង។ បើតាម WCS នេះជាឆ្នាំទី៣ហើយ ដែលអណ្តើកហ្លួងចិញ្ចឹមបានពង នៅក្នុងមជ្ឈមណ្ឌល។
ពងអណ្ដើកហ្លួងទាំង៤សម្បុក ត្រូវបានរកឃើញនៅថ្ងៃទី១៦ មករា និងថ្ងៃទី១៩ មករា។ យោងតាមរូបភាB ម៉ាស៊ីនថតស្វ័យប្រវត្តិ ដែលក្រុមការងារ WCS ដាក់ចាំថតនៅលើឆ្នេរខ្សាច់ មានអណ្តើកមេជាច្រើនក្បាល ឡើងពីស្រះបង្កាត់ពូជ មកកាយខ្សាច់ទម្លាក់ពងនៅចន្លោះម៉ោង ៩យប់ ដល់ពាក់កណ្តលយប់កាលពីថ្ងៃទី១៦ និង១៨ ខែមករា។
រូបភាពពីអង្គការ WCS
តាមរយៈការរកឃើញនេះ ក្រុមការងារ WCS រំពឹងថា នឹងរកឃើញពងអណ្តើកហ្លួង នៅក្នុងមជ្ឈមណ្ឌលនេះបន្ថែមទៀត ក្នុងរដូវពងកូនឆ្នាំ២០២៣ (ពីខែមករា រហូតដល់ខែមិនា)។ កាលពីឆ្នាំ២០២២ ក្រុមអ្នកអភិរក្ស បានរកឃើញពងអណ្តើកហ្លួងនៅលើឆ្នេរខ្សាច់ដដែលនេះ ចំនួន៩សម្បុក មានពងសរុបចំនួន៨១គ្រាប់ និងញាស់បាន៣៣កូន។ បើតាម WCS ការបង្កាត់ពូជអណ្តើកហ្លួងនៅក្នុងមជ្ឈមណ្ឌលនេះ ជាគោលដៅអភិរក្សរបស់អង្គការ និងរដ្ឋបាលជលផល សំដៅស្តារចំនួនប្រភេទអណ្តើកហ្លួងឱ្យមានច្រើនក្នុងធម្មជាតិឡើងវិញ។
បច្ចុប្បន្ននេះ មជ្ឈមណ្ឌលអភិរក្សសត្វល្មូនខេត្តកោះកុង មានអណ្តើកហ្លួងចំនួន ១៨៤ក្បាល។ ចាប់តាំងពីឆ្នាំ២០១៥មក ក្រុមការងារ WCS បានលែងអណ្តើកហ្លួងជំទង់ចំនួន ១៤៧ក្បាលចូលក្នុងទីជម្រកធម្មជាតិវិញ។ អណ្តើកជំទង់ និងស្ទើរជំទង់ក្នុងមជ្ឈមណ្ឌល ត្រូវបានចិញ្ចឹមថែទាំនៅក្នុងស្រះបង្កាត់ពូជចំនួន ៤ និងកូនអណ្តើកតូចៗត្រូវបានដាក់ចិញ្ចឹមក្នុងធុងប្លាស្ទិក មុននឹងផ្ទេរចូលក្នុងស្រះបង្កាត់ពូជ។
សូមបញ្ជាក់ថា អណ្តើកហ្លួង មានឈ្មោះជាភាសាអង់គ្លេស ថា Southern River Terrapin និងឈ្មោះវិទ្យាសាស្ត្រថា Batagur affinis។ អណ្តើកប្រភេទនេះ ត្រូវបានកត់ត្រានៅក្នុងបញ្ជីក្រហមរបស់អង្គការ IUC ថាជាប្រភេទជិតផុតពូជបំផុត។ នៅឆ្នាំ២០០៥ រាជរដ្ឋាភិបាលកម្ពុជាបានចេញព្រះរាជក្រឹត្យចាត់ចំណាត់ថ្នាក់ប្រភេទនេះជា សត្វល្មូនជាតិតំណាងឱ្យកម្ពុជា៕
រូបភាពពីអង្គការ WCS
Tag:
កសិកម្ម
ត្រីប្រា
វារីវប្បកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com