ភាសាជាប្រព័ន្ធទំនាក់ទំនង រួមបញ្ចូលទាំងការនិយាយ និងការសរសេរដែលត្រូវបានប្រើប្រាស់ដើម្បីប្រាស្រ័យទាក់ទងរវាងប្រជាជននៃប្រទេសឬតំបន់ណាមួយ។ ជាទូទៅ ប្រទេសនិងតំបន់ផ្សេងៗគ្នាលើពិភពលោកតែងបានប្រើប្រាស់ភាសាខុសៗគ្នាក្នុងការប្រាស្រ័យទាក់ទង។ ខណៈភាសាអាចប្រែប្រួលទៅតាមតំបន់ ប្រទេសខ្លះមានភាសាប្រើប្រាស់ជាច្រើនប្រភេទរួមទាំងប្រទេសចិនផង។
ខណៈមានប្រជាជនប្រមាណ១,៤ពាន់លាននាក់ ចិនមានភាសាប្រមាណ៣០២ប្រភេទដែលកំពុងប្រើប្រាស់ក្នុងប្រទេស។ អ្នកភាសាវិទ្យាបានបែងចែកភាសាប្រើប្រាស់នៅចិនជាក្រុមភាសាសំខាន់ៗចំនួនពី ៨ទៅ១០ដោយក្រុមនីមួយៗមានភាសារងជាច្រើនប្រភេទទៀត។
បើទោះបីជាមានភាសាច្រើនប្រភេទ ភាសាដែលត្រូវបានប្រើប្រាស់ច្រើនបំផុតគឺភាសាចិនស្ដង់ដា (Standard Chinese) ដែលផ្អែកលើភាសាកុកងឺ (Mandarin)។ ប្រមាណ៩២ភាគរយនៃចំនួនប្រជាជនសរុប អាចប្រើប្រាស់ភាសាចិនស្ដង់ដានេះ។
ក្រៅពីចិនកុកងឺ ប្រជាជនចិនក៏ប្រើប្រាស់ភាសាកាតាំង, ព័រទុយហ្គាល់ (នៅម៉ាកាវ), ភាសាអង់គ្លេស, ភាសាម៉ុងហ្គោលី, ភាសា Haix, ភាសា Bayingolin, ភាសា Bortala, ភាសាកូរ៉េទីបេ, ភាសាវីហ្គ័រ, ភាសា Zhuang, ភាសាកាហ្សាក់ស្ថាន, និងភាសាយី។
ភាសាចិនប្រមាណ ៣០២ ប្រភេទនេះត្រូវបានចែងចែកចេញជាក្រុមផ្សេងៗ ដូចជា កុកងឺ, វូ(WU), មីន(MIN), ស៊ាង(XIANG), ហ្កាន(GAN), ហាក់កា(HAKKA) និង YUE ខណៈភាសាមួយចំនួនទៀតនៅមិនទាន់បែងចែកបានក្តី។
ក្រុមភាសាដែលបានបែងចែកនៅចិនមាន៖
១. ភាសាចិនកុកងឺ - ភាសាដែលនិយាយច្រើនជាងគេ ត្រូវបានគេស្គាល់ថាជាភាសាចិននៅតំបន់ភាគខាងជើង។
២. ភាសា Wu ត្រូវបានគេប្រើប្រាស់ភាគច្រើននៅសៀងហៃ។
៣. ភាសា Yue ឬចិនកាតាំង ជាភាសាតំបន់ប្រើប្រាស់ភាគច្រើននៅតំបន់ភាគខាងត្បូងប្រទេសដូចជានៅហុងកុងជាដើម។
៤. ភាសា Xiang៖ ត្រូវបានគេប្រើប្រាស់ភាគច្រើននៅខេត្ត Huan ភាគខាងត្បូងប្រទេសចិន។
៥. ក្រុមភាសា Min៖ ជាភាសានិយាយភាគច្រើននៅក្នុងខេត្ត Fujian ក៏ដូចជាតៃវ៉ាន់ផងដែរ។
៦. ក្រុមភាសា Gan៖ ត្រូវបានប្រើប្រាស់ភាគច្រើននៅក្នុងខេត្តជាច្រើន រួមទាំង Jiangxi និង Fujian ។ វាត្រូវបានគេស្គាល់ផងដែរថាជា ភាសាKan ។
៧. ក្រុមភាសា Hakka៖ ត្រូវបានគេនិយាយជាភាគច្រើននៅក្នុងតំបន់ដាច់ស្រយាល ហើយមានគ្រាមភាសាចំនួន ១៣ ផ្សេងគ្នាក្នុងក្រុមតែមួយនេះ៕