អន្តរជាតិ
អាល្លឺម៉ង់ នឹងមិនរារាំងប៉ូឡូញក្នុងការបញ្ជូនរថក្រោះទៅអ៊ុយក្រែនឡើយ 23, Jan 2023 , 10:31 am

រូបភាព AFP
×![]()
រដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់ នៅថ្ងៃទី២២ ខែមករា បានបញ្ជាក់ថា រដ្ឋាភិបាលក្រុងបែរឡាំង នឹងមិនរារាំងផ្លូវឡើយ ប្រសិនបើរដ្ឋាភិបាលប៉ូឡូញចង់បញ្ជូនរថក្រោះ Leopard 2 ទៅអ៊ុយក្រែន។ ស្របគ្នានេះ រដ្ឋមន្រ្តីការពារជាតិអាល្លឺម៉ង់ បានអះអាងថា ការសម្រេចចិត្តលើការបញ្ជូនរថក្រោះទៅអ៊ុយក្រែន នឹងធ្វើឡើងឆាប់ៗ។
កន្លងមក អ៊ុយក្រែន បានស្នើសុំជាញឹកញាប់រថក្រោះទំនើបៗដែលផលិតដោយអាល្លឺម៉ង់ ដើម្បីទប់នឹងការឈ្លានពានរុស្ស៊ី ក៏ដូចជាដណ្តើមយកដែនដីស្ថិតក្រោមរុស្ស៊ីត្រលប់មកវិញ។ យ៉ាងណាមិញ ការស្នើសុំនេះ ត្រូវបានអាល្លឺម៉ង់ ស្ទាក់ស្ទើរដោយសារបារម្ភពីសកម្មភាពបង្ករឿងចំពោះរុស្ស៊ី។
បើទោះមិនទាន់មានសេចក្តីសម្រេចលើការបញ្ជូនរថក្រោះ Leopard 2 ទៅអ៊ុយក្រែនក៏ដោយ ប៉ុន្តែអាល្លឺម៉ង់បានបញ្ជាក់យ៉ាងច្បាស់ថា ខ្លួននឹងមិនរារាំងប៉ូឡូញ ក្នុងការបញ្ជូនរថក្រោះរបស់ខ្លួនទៅអ៊ុយក្រែនឡើយ។
«មកទល់ពេលនេះ សំណួរមួយនេះ មិនត្រូវបានសួរឡើយ ប៉ុន្តែបើយើងត្រូវបានសួរ យើងនឹងមិនរារាំងផ្លូវឡើយ»។ រដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់ លោកស្រី Annalena Baerbock បានឆ្លើយបែបនេះ ទៅកាន់ទូរទស្សន៍ LCI TV។ កន្លងមក អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ ស្ហូល បានត្រឹមបញ្ជាក់ថា រាល់ការសម្រេចចិត្តលើការបញ្ជូនអាវុធទៅអ៊ុយក្រែន នឹងត្រូវបានធ្វើឡើងដោយមានការសម្របសម្រួលជាមួយសម្ព័ន្ធមិត្ត រួមទាំងអាម៉េរិកប៉ុណ្ណោះ។
ចំណែករដ្ឋមន្រ្តីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius នៅក្នុងថ្ងៃដដែល បានអះអាងថា លោករំពឹងថា ការសម្រេចលើរថក្រោះទៅអ៊ុយក្រែននឹងធ្វើឡើងឆាប់ៗ។ បើតាមប្រមុខការពារជាតិរូបនេះ រដ្ឋាភិបាលក្រុងបែរឡាំង នឹងមិនសម្រេចចិត្តលឿនពេកឡើយលើបញ្ហានេះ ដោយសារអាល្លឺម៉ង់ ត្រូវពិចារណាលើកត្តាជាច្រើន រួមទាំងបញ្ហាសន្តិសុខផង។
ក្នុងជំនួបជាមួយអតីតនាយករដ្ឋមន្រ្តីអង់គ្លេស លោក បូរីស ចនសុន នៅថ្ងៃទី២២ ខែមករា លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានស្នើអាវុធជាថ្មីដូចជា រថក្រោះ យន្តហោះចម្បាំង មីស៊ីលចម្ងាយឆ្ងាយ ដើម្បីវាយជាមួយរុស្ស៊ី។
សូមបញ្ជាក់ថា សង្រ្គាមនៅអ៊ុយក្រែន បានអូសបន្លាយជិតមួយឆ្នាំហើយ ដោយរុស្ស៊ីបន្តវាយប្រហារលើអ៊ុយក្រែន ក្រោមស្លាកប្រតិបត្តិការយោធាពិសេស។ យ៉ាងណាមិញ មកទល់ពេលនេះ ភាគីទាំងពីរ មិនទាន់អាចស្វែងរកច្រកចរចាសម្រាប់សន្តិភាពបានឡើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com