អន្តរជាតិ
លោក ហ្សេលេនស្គី សន្យាដោះស្រាយបញ្ហាអំពើពុករលួយនៅអ៊ុយក្រែនឱ្យបានឆាប់រហ័ស
23, Jan 2023 , 2:29 pm        
រូបភាព
ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃទី២២ ខែមករា បានលើកឡើងពីការកើនឡើងអំពើពុករលួយដែលជាបញ្ហារ៉ាំរ៉ៃក្នុងប្រទេសស្រាប់ដោយសង្រ្គាមនាពេលថ្មីៗនេះ ហើយនឹងមិនត្រូវមើលរំលងឡើយ។


សង្គ្រាមរុស្ស៊ីអូសបន្លាយពេលជិតមួយឆ្នាំមកហើយ ហើយក៏ធ្វើឱ្យអ៊ុយក្រែនខាតបង់មិនតិចឡើយលើគ្រប់វិស័យពិសេសវិស័យហេដ្ឋារចនាសម្ព័ន្ធជាតិ។ ជាមួយគ្នានេះ បញ្ហាផ្ទៃក្នុងប្រទេសដូចជាអំពើពុករលួយក៏ត្រូវបានកើតមានធ្ងន់ធ្ងរផងដែរ ដែលក្លាយជាក្ដីបារម្ភរបស់ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី ។
 
មេដឹកនាំអ៊ុយក្រែនរូបនេះ នៅថ្ងៃទី២២ ខែមករា បានប្ដេជ្ញាចិត្តមិនមើលរំលងចំពោះបញ្ហាពុករលួយក្នុងប្រទេសឡើយ ព្រមទាំងត្រៀមប្រកាសសេចក្ដីសម្រេចចិត្តសំខាន់មួយដើម្បីដកឫសគល់បញ្ហាពុករលួយនេះ។ 
 
បើតាមទីភ្នាក់ងារព័ត៌មាន Reuters ការសន្យារបស់លោក ហ្សេលេនស្គី បានកើតឡើងចំពេលមានការចោទប្រកាន់ពីការប្រព្រឹត្តអំពើពុករលួយកម្រិតខ្ពស់ រួមទាំងមានរបាយការណ៍គួរ​ឱ្យសង្ស័យក្នុងផ្នែកលទ្ធកម្មយោធា ដែលជាស្ថាប័នជួរមុខក្នុងការទប់ទល់ការឈ្លានពានរបស់រុស្ស៊ីក៏ដោយ។
 
«ខ្ញុំចង់ឱ្យវាច្បាស់លាស់ថា វានឹងមិនវិលត្រឡប់ទៅកាន់អ្វីដែលធ្លាប់មានកាលពីអតីតកាលទេ»។ លោក ហ្សេលេនស្គី ថ្លែងបែបនេះក្នុងវីដេអូមួយសំដៅដល់អតីតកាលរបស់អ៊ុយក្រែនដែលតែងមានអំពើពុករលួយដ៏ច្រើនសន្ធឹកសន្ធាប់ក្នុងប្រទេស។ នៅឆ្នាំ ២០២១ អង្គការតម្លាភាពអន្តរជាតិផ្ដល់ចំណាត់លំដាប់ទី១២២ក្នុងចំណោម១៨០ប្រទេស។ 
 
ក្នុងវីដេអូដដែល ប្រធានាធិបតីអ៊ុយក្រែនមិនបានបង្ហាញឈ្មោះមន្ត្រីណាមួយដែលពាក់ព័ន្ធនឹងរឿងពុករលួយនោះទេ តែលោកបានរៀបរាប់ថា រដ្ឋាភិបាលបានបានទទួលយកការសុំលាលែងពីតំណែងរបស់អនុរដ្ឋមន្ត្រីមួយរូបបន្ទាប់ពីបានរកឃើញថា មន្ត្រីនោះបានទទួលសំណូក។ ស្របគ្នានោះសារព័ត៌មានក្នុងស្រុកមួយចំនួនបានរាយការណ៍ថា រដ្ឋមន្ត្រីស្តីទីទទួលបន្ទុកការអភិវឌ្ឍក្នុងតំបន់របស់អ៊ុយក្រែន លោក Vasyl Lozinskiy ត្រូវបានឃុំខ្លួនក្រោមការចោទប្រកាន់ពីបទទទួលសំណូក។ 
 
គម្រោងបោសសម្អាតអំពើពុករលួយរបស់លោក ហ្សេលេនស្គី ក៏ទំនងផ្តោតលើរដ្ឋមន្ត្រីការពារជាតិ លោក Oleksiy Reznikov ផងដែរ បន្ទាប់ពីកាសែតក្នុងស្រុកបានរាយការណ៍ថា ក្រសួងការពារជាតិបង្ខាំងស្បៀងអាហារមិនឱ្យកងទ័ពក្នុងពេលមានអតិផរណាឡើងខ្ពស់។ ក្រសួងការពារជាតិអ៊ុយក្រែន បានបដិសេធការចោទប្រកាន់ ហើយបានស្នើសុំឱ្យគណៈកម្មាធិការរដ្ឋសភា ស៊ើបអង្កេតបន្ថែមជុំវិញរឿងនេះឱ្យបានត្រឹមត្រូវ។
 
គួរបញ្ជាក់ថា លោក ហ្សេលេនស្គី តែងចាត់ទុកខ្លួនជាមេដឹកនាំស្អាតស្អំ និងប្ដេជ្ញាប្រឆាំងដាច់ខាតចំពោះបញ្ហាអំពើពុករលួយក្នុងជួររដ្ឋាភិបាលចាប់តាំងពីលោកឡើងកាន់តំណែងឆ្នាំ២០១៩៕  
 

Tag:
 អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com