ជាតិ
អ្នក​កាប់​ដើមផ្កាអង្គាសីលតាម​​ភ្នំ បោះបង់អាជីពនេះ ខណៈ​ដើម​ផ្កា​កាន់​តែ​ខ្សត់​
23, Jan 2023 , 7:59 pm        
រូបភាព
ភ្នំពេញ​៖ ខណៈ​ពេល​ដែល​ដើម​ផ្កា​អង្គាសីល​ កាន់​តែ​ខ្សត់​​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ អ្នក​ប្រកប​របរ​​កាប់​ផ្កា​ប្រភេទ​នេះ នៅ​​​តាម​ព្រៃ​​និង​តាម​ភ្នំ​ បាន​បោះ​បង់ចោល​ជា​បណ្ដើរ​ៗ​។ ការ​បោះ​បង់​​នោះ​ ​ពុំ​មែន​មក​ពី​ការ​ខ្សត់​ដើម​ផ្កា​តែ​មួយ​មុខ​ឡើយ​ ប៉ុន្តែ​មក​ពី​ផល​លំបាក​នៃ​ការ​ចូល​ទៅក្នុង​ព្រៃ​​ រួម​ទាំង​​ការ​ថែ​ទាំ ដើម្បី​ឱ្យពួក​វា​ចេញ​ផ្កា​បាន​ល្អ​នោះ​ឯង​។ ​


បើ​តាម​អ្ន​កចូល​ទៅ​កាប់​ដើម​ផ្កា​នៅ​ក្នុង​ព្រៃ​​ ការ​ខ្សត់​ដើម​ផ្កា​អង្គា​សីល​ ព្រោះ​ដី​ព្រៃ​ដែល​មាន​ម្ចាស់​ ត្រូវ​បានគេ​ឈូសឆាយ​​​ដើម្បី​យកដី​​ទៅ​​ពុះ​ឡូត៍​។ ចំណែក​នៅ​តាម​ព្រៃ​ភ្នំវិញ​​ ដើម​ផ្កាប្រភេទ​​នេះ ​ដុះ​ពុំ​ទាន់​អ្នក​កាប់​ឡើយ​​​។  
 
ឈរ​លក់​ដើមផ្កា​អង្គាសីល​ នៅ​ជាប់របង​វត្ត​សន្សំ​កុសល​ភាគ​ខាង​កើត​ លោក ឈុំ ភារម្យ​ មក​ពី​ខេត្ត​​កំពង់​ឆ្នាំង មាន​មុខរបរ​ធ្វើ​ស្រែ​​។ ក្នុង​មួយ​ឆ្នាំ ​លោក​​ឆ្លៀត​ពេល​មក​លក់​ផ្កា​អង្គាសីលម្ដង​​ នៅរាជធានី​​ភ្នំពេញ ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន​។
 
តាម​ពិតទៅ​ដំបូង​ឡើយ​ បុរស​រាង​ស្គម​ខ្ពស់​រូប​នេះ ចូល​ទៅ​ក្នុង​ព្រៃ​ដើម្បី​កាប់​ផ្កា​អង្គាសីល ​ដោយ​ខ្លួន​ឯង​ អស់​រយៈ​ពេល ​ប្រមាណ​៥​ឆ្នាំ​មក​ហើយ​។ ទើ​បតែ​ឆ្នាំ​នេះ​ទេ ដែល​គាត់​ឈប់​ចូល​ព្រៃ បែរ​មក​ទិញ​ផ្កា​ពី​គេ​ យក​ទៅ​លក់​បន្ត​។ ហើយ​មូល​ហេតុ​ដែល​នាំ​ឱ្យ​លោក ភារម្យ​ ឈប់​ចូល​ព្រៃ ដោយសារ​តែ​ផល​លំបាក​មួយ​ចំនួន​ ដូច​ជា​គ្រោះ​ថ្នាក់​ជា​យថា​ហេតុ ​ពេល​ឡើង​តាម​ជម្រាល​ភ្នំ​​កាប់​ផ្កាជា​ដើម​​។ 
  

 លោក ឈុំ ភារម្យ
 
លោក​បន្ថែម​ដូច្នេះ​៖«​ទៅ​កាប់​ខ្លួន​ឯង​ចំណេញ​ជាង​ តែ​ក៏​ហានិភ័យ​ច្រើន​ដែរ​។ ពេល​ខ្លះ​យើង​​វង្វេង​ក្នុង​ព្រៃ រក​ផ្លូវ​ចេញ​មក​កន្លែង​គោយន្ត​មិន​ឃើញ​ក៏​មាន​។ ព្រោះ​មិន​មាន​សេវា​ទូរសព្ទ​ ពេល​ខ្លះ​វង្វេង​១​យប់​ ឬ​២ទៅ​៣​យប់ អត់​មាន​បាយ​ហូប​​ក៏​​មាន​។ ពេល​ខ្លះ​យើង​បាន​ជួប​អ្នក​ស្រុក​លើ យើង​សួរគេ ទើប​រក​ផ្លូវ​ឃើញ​។ ហើយ​ពេល​ខ្លះ​បើ​យើង​មិន​ជួប​អ្នក​ស្រុក​ ដែ​ល​ចូល​ទៅ​កាប់​ឈើទេ ​យើង​ត្រូវ​ដើរ​រក​ភូមិ​គេ ដើម្បី​សួរ​រក​តំបន់​ដែល​យើង​ទុក​គោរយន្ត»។ 
 
ផល​លំបាក​មាន​ជា​ហូរហែ ក្រោយ​ពីចូល​ព្រៃ​យ៉ាង​ហោច​មួយ​សប្ដាហ៍ ពេល​​បាន​ផ្កា​ហើយ​ ការ​ថែទាំង​ដើម​ផ្កា​ក៏​ជា​រឿង​ដ៏​លំបាក​ដែរ​។ ប្រសិន​បើ​សំណាង​ ដើម​ផ្កា​ដែល​កាប់​បាន​នឹង​ចេញ​ផ្កា​បាន​ល្អ​ ក្រោម​ការថែទាំ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​។ ក៏​ប៉ុន្តែ​ប្រសិន​បើ​ពុំ​ដូច​នោះ​ទេ នឹង​អសារបង់​កម្លាំង​ចោល​ទទេ​ៗ​ហើយ​។ 
 
លោក​ភារម្យ​បន្ត​៖«ពេល​ខ្លះ​ត្រូវ​ពស់​ចឹក ត្រូវ​ថ្ម​ភ្នំ​បាក់​ធ្លាក់​លើ​ក៏​មាន​។ មិន​មាន​ផ្លូវ​ទេ ចេះ​តែ​ត្បុរ ហើយ​កាប់​ឆ្ការរក​​ទៅ​។​ ធ្លាប់​មាន​បង​ប្អូន​​ត្រូវ​របួស​ក្បាល​ ដេរ​អស់​ប្រាំ ​ប្រាំមួយ​​ថ្នេរ​​។ ទៅ​ម្ដង​ៗ ដាក់​អង្ករ​១ការុង ឬច្រើន​​ជាង​នោះ​ ពេល​ខ្លះ​ហូប​អត់​គ្រប់​ផង​។ ដើរ​ព្រៃ​ទាល់​តែទៅ​ជា​មួយ​អ្នក​​ស្និទ្ធ​ស្នាល​ បើ​ទៅ​ជា​មួយ​អ្នក​មិន​ស្និទ្ធ​ ពេល​មាន​បញ្ហា​​គេ​​ទៅ​ចោល​យើង»​។ 
 
ចំណែក​លោក​ ពុំ ស៊ីនិល វ័យ​៤២​ឆ្នាំ ក៏​ជា​អតីត​អ្នក​ចូល​ព្រៃ​កាប់​ដើម​ផ្កា​អង្គាសីល​ដែរ​។ ព្រៃ​ដែល​លោកចូល​កាប់​ គឺ​ព្រៃ​ភ្នំ​តាម៉ៅ​។ ដៃ​បេះ​ត្រួយ​លាស់​ថ្មី​បណ្ដើរ​ ហើយ​មាត់​ចេះ​តែ​ឆ្លើយ​ឆ្លងបណ្ដើរ​​ បុរស​មាឌ​មាំ​រូប​នេះនិយាយ​​ថា​ ប៉ុន្មាន​ឆ្នាំ​មុន​ដើម​ផ្កា​អង្គាសីល​សម្បូរ​ហើយ​ធំៗ។​ ប៉ុន្តែ​ពេល​នេះ​មាន​តែ​ដើម​តូច​ៗ​ ដែល​ពិបាក​នឹង​កាប់​ យក​មក​ថែ​ឱ្យ​ចេញ​ផ្កា​តាម​តម្រូវ​ការណាស់​​។ បន្ថែម​ពី​នោះ​ ដើម​ផ្កា​ប្រភេទ​នេះ​ ពុំ​អាច​ធំ​ទាន់​ ដើម្បី​កាប់​បាន​រាល់​ឆ្នាំ​ឡើយ។ មាន​ន័យ​ថា បើ​កាល​ណា​ដើម​ផ្កា​នោះ​ ធ្លាប់​បាន​កាប់​ម្ដង​ហើយ​ នោះ​​ច្រើន​ឆ្នាំ​ទៅ​មុខ​ទៀត​ ទើប​អាច​កាប់​បាន​ម្ដង​ទៀត​។ 
  

 លោក ពុំ ស៊ីនិល

បន្ថែម​លើ​ផល​លំបាកទាំង​ឡាយ​ខាង​លើ​ ​ការ​ហាម​ប្រាម​ពី​មេព្រៃ មិន​ឱ្យគាត់​​ចូលទៅ​​កាប់ដើម​ផ្កា​​ក្នុង​ព្រៃ​ ក៏​ធ្វើ​ឱ្យ​ លោក និល​ ​សម្រេច​ចិត្ត​បោះ​បង់​របរ​នេះ ដោយ​បែរ​ទៅ​ទិញ​ពី​គេ​ យក​មក​លក់​បន្ត​វិញ​។ ហើយ​នេះ​គឺ​ជា​ការ​បញ្ជាក់ ​របស់​បុរស​ពាក់​អាវ​យឺត​ស ស៊ីនិល​​៖«កាប់​​មិន​សូវ​បាន​ទេ ហើយ​ត្រូវ​បង់​ប្រាក់​ឱ្យ​មេព្រៃ​ទៀត​​។ ពេល​បាន​ផ្កា​ហើយ​ ពិបាក​ថែ​ដើម​ឱ្យចេញ​ផ្កា​​ ព្រោះនៅ​ស្រុក​ខ្ញុំ​​ខ្វះ​ទឹក​។ ដូច្នេះ​ទិញ​ពី​គេ​ស្រួល​ជាង»​។
 
ដូច​គ្នា​ដែរ​លោក អៀម ឆេន អាយុ​២១​ឆ្នាំ​ក៏​ធ្លាប់​ចូល​ព្រៃភ្នំ​កាប់​​ដើម​ផ្កាដែរ​។ ដំបូង​ឡើយ​លោក​ចូល​ព្រៃ​ ក្នុង​ខេត្ត​​កំពង់​ឆ្នាំង ដែល​នៅ​ជិត​ផ្ទះ​​។ ប៉ុន្តែ​យូរ​ទៅ​ព្រៃ​នោះ​រក​ដើម​ផ្កា​មិន​បាន​ទៀត​ឡើយ​ ហើយ​លោក​ត្រូវ​ធ្វើ​ដំណើរ​ចូល​ព្រៃ​ភ្នំ​ឆ្ងាយ​ៗ ដើម្បី​រក​ពួក​វា​។ មិន​យូរ​ប៉ុន្មាន​ លោក​ក៏​បោះ​បង់​មុខ​រ​បរ​នេះ ព្រោះ​តែ​ផ្លូវ​កាន់​តែ​ឆ្ងាយ​ ហើយ​ផ្កា​កាន់​តែ​ខ្សត់​​។ 
 
បញ្ហា​ផ្សេង​ៗ​ក៏​មិន​ខុស​ពី​ អ្នក​ធ្លាប់​មាន​ពិសោធ​ទាំង​ពី​រ​ខាង​លើ​ដែរ គឺ​ការ​ថែ​ទាំង​ដើម​ផ្កា​។ សម្រាប់​លោក​ ឆេន​ វា​ពិត​ជា​រឿង​ពិបាក​ណាស់​ ក្នុង​ការ​ធ្វើ​ឱ្យ​ដើម​ចេញ​ផ្កាបាន​ល្អ​​។ មួយ​ថ្ងៃ​អាច​រក​ដើម​ផ្កា​​បាន​តែ​២ ទៅ​៣​បាច់​តូច​ៗ​ប៉ុណ្ណោះ​ ហើយ​នៅ​ពេល​ដែល ​លោក​ថែ​ផ្កា​មិន​បាន​ល្អ​ទៀត​ ធ្វើ​ឱ្យ​ផ្កា​ទាំង​នោះ​ត្រូវ​បោះ​ចោល​ទាំង​អស់​។
 
លោក អៀម ឆេន ពន្យល់​៖«ដំបូង​ខ្ញុំ​ចេះ​តែ​ទៅ​រក​តាម​គេ​​។ ប៉ុន្តែ​នៅ​ពេល​ដែល​​ថែផ្កា​មិន​បាន​ល្អ​ វា​មិន​ចេញ​ ខ្ញុំ​ក៏​ឈប់​ទៅ​កាប់​ ហើយ​មក​ទិញ​គេ​ស្រាប់​វិញ​។ ទិញ​ពី​គេ​ចំណេញ​បន្តិច​បន្តួច​ តែ​យ៉ាង​ហោច​ណាស់​ យើង​បាន​ចំណូល​ខ្លះ​ដែរ​។ ធម្មតា​ខ្ញុំ​ទៅ​ជា​មួយ​បង​ប្អូន​ បើ​ទៅ​ជា​មួយ​អ្នក​ដទៃ ខ្ញុំ​ខ្លាច​កាប់​មិន​ទាន់​គេ​។ ភាគ​ច្រើន​ខ្ញុំ​ជិះ​ម៉ូតូ​ទៅវិល​ល្ងាយ​ ព្រោះ​ព្រៃ​នៅ​ជិត​ផ្ទះ។​ ប៉ុន្តែ​អ្នក​ខ្លះ​គេចង់​បាន​ច្រើន​ គេ​​ជិះ​គោយន្ត​ទៅ​ព្រៃ​ភ្នំជ្រៅ​ៗ ហើយ​គេ​ទៅ​ច្រើន​ថ្ងៃ​»។
  

  លោក ពុំ ស៊ីនិល

វិល​មក​ការ​លក់​ដើម​ផ្កា​អង្គា​សីល ​នៅ​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ចិន​នេះ​វិញ។ បុរសពាក់​មួក​និង​អាវ​ប៉ារ៉ា​ដៃ​វែង ឈុំ   ភារម្យ​ ត្រូវ​​​ចេញ​ដំណើរ​ពី​ខេត្ត​កំពង់​ឆ្នាំង​ អំឡុង​​ម៉ោង​១​ទៀប​ភ្លឺ ដើម្បី​ដឹក​ដើម​ផ្កា​អង្គាសីល​ យក​មក​លក់​នៅ​រាជ​ធានី​ភ្នំពេញ​ ឱ្យ​ទាន់​ម៉ោង​៦​ព្រឹក​ស្រាង​ៗ​។
 
ត្រូវ​ចំណាយ​ពេល​ប្រមាណ​មួយ​ថ្ងៃពេញ​​ ទម្រាំ​លក់​ផ្កា​អស់​ គាត់ត្រូវ​​​ប្រញាប់​​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត​វិញនៅ​ម៉ោង​ប្រហែល​៧​យប់​​ ដើម្បី​ទៅ​យក​ផ្កា​មក​លក់​សម្រាប់​ថ្ងៃ​ស្អែក​ទៀត​។ លក់​ផ្កា​មុន​ថ្ងៃ​ចូល​ឆ្នាំ​ចិន​ រយៈ​ពេល​៣​ថ្ងៃ គ្រួសារ​របស់​លោក​ ភារម្យ ដែល​មាន​សមាជិក​ចំនួន​៤​នាក់​ រួម​ជា​មួយ​ប្អូន​ៗ​ និង​ប្រពន្ធ​ ពួក​គាត់​តែង​តែ​ធ្វើ​បែប​នេះ​។ លោក​ថា​ក្នុង​រដូវ​លក់​ផ្កាអង្គាសីល​​ គាត់​មិន​សូវ​បាន​សម្រាន្ត​ឡើយ​។ ឆ្លើយ​ឆ្លង​ជា​មួយ​ខ្ញុំ​​បណ្ដើរ​បុរស​កសិករ​រូប​នេះ ឆ្លៀត​ត្អូញ​ត្អែរ​ថា ខ្លួន​ងងុយក្នុង​ពេល​កំពុង​លក់​ ប៉ុន្តែ​មិន​អាច​បិទ​ភ្នែក​បាន​ឡើយ​។​ 
 
ភ្នែក​ចេះ​តែ​គន់​មើល​អ្នក​ដំណើរ​ ដែល​ជិះឡាន​ម៉ូតូ ឬ​ដើរ​​តាម​ផ្លូវ​ មិន​ហ៊ាន​ប្រហែស ព្រោះ​ផ្កា​នៅ​សល់​ច្រើន​គួរសម​​ បុរស​វ័យ​ប្រមាណ​៤០ឆ្នាំ​រូប​នេះ ទិញ​ដើម​ផ្កា​ពីខេត្ត​ពោធិ៍សាត់ ពី​​អ្នក​ដែល​ចុះ​ទៅ​កាប់​ផ្ទាល់​​។ ឆ្នាំ​នេះ​លោក​យក​មក​លក់​ប្រមាណ​​​៥០​ដុំ​ ដោយ​ចំណាយ​លើ​​ថ្លៃ​ដើម​ប្រហែល​១​លាន​រៀល​។ ទោះ​ជា​យ៉ាង​ណា នៅ​ឆ្នាំ​ក្រោយ​លោក ភារម្យ ចង់​ប្អូរ​ពី​ការ​ទិញ​ផ្កា​ពី​គេ បែរ​មក​រៀន​បច្ចេក​ទេស​ផ្សាំ​ដើម​ផ្កា​វិញ ដែល​លោក​ថា​ វា​អាច​នឹង​ធូរ​កម្លាំង​ និង​ចំណេញ​ច្រើន​ជាង​។
  

 
ឯលោក​ ស៊ីនិល ដែល​មក​ពី​ស្រុក​បាទី​ ត្រូវ​ជួល​ឡាន​ទៅ​ទិញ​ផ្កា​អង្គាសីល ​ពី​ខេត្ត​ពោធិ៍សាត់​។ ឆ្នាំ​នេះ​​លោក​ចាយ​ទុន​អស់​ប្រមាណ​៥​០០​ដុល្លារ​។ ដ្បិត​ទៅ​ទិញ​ដើម​ពី​គេ​ក៏​ពិត​មែន តែ​បុរស​មាឌ​មាំ​រូប​នេះ ត្រូវ​ការ​ពេល​ថែទាំ​ដើម​ឱ្យ​ចេញ​ផ្កាបាន​ល្អ ​​ប្រមាណ​២០​ថ្ងៃ​ទៅ​កន្លះ​ខែ​ ទម្រាំ​ដល់​​ថ្ងៃ​ដែល​ត្រូវ​លក់​​។ បើ​មាន​សំណាង​ដើម​ទាំង​នោះ​ចេញ​ផ្កា​ល្អ ចំពេល​តម្រូវ​ការ​ទី​ផ្សារ​។ ប៉ុន្តែ​បើ​រាសី​ដាក់​វិញ​ ដើម​ខ្លះ​មិន​ចេញ​ផ្កា​ ឬ​ដើម​ខ្លះ​ត្រូវ​ចេញ​ផ្កា​មុន​កាល​កំណត់​។
 
ឈរ​នៅ​លើ​គម្រប​​ប្រឡាយ​លូ​ ជិត​ផ្សា​រ​បឹង​ត្របែក​ ជា​ទី​តាំ​ង​លក់​ផ្កា​របស់​ខ្លួន លោក ស៊ីនិល បន្ថែម​៖«ផ្កា​នេះ​ពិបាក​ធ្វើ​ ព្រោះ​វា​អាស្រ័យ​លើ​អ្នក​ធ្វើ​ បើ​មាន​រាសីខ្ពស់​​ ផ្កា​ក៏​​ចេញ​​ល្អ​ដែរ។​ អ្នក​ទិញ​ដូច​គ្នា​ បើ​មាន​រាសី​ល្អ ផ្កា​ក៏​ចេញ​និង​រីក​ល្អ​។ ពេល​ទិញ​ពី​គេ​ ត្រូវ​តែ​មើល​ដើម​ណា​ ដែល​មាន​​គ្រាប់​ផ្កា​​ច្រើន​។ មួយ​គ្រាប់​វា​បំបែក​ចេ​ញ​មក​ អាច​មាន​ដល់​១២​គ្រាប់​ក៏​មាន​។ កន្លះ​ខែ​នេះ​ខ្ញុំ​មិន​សូវ​បាន​ដេក​ទេ នៅ​ខំ​ថែ​ទឹក​វា​។ បើ​ក្ដៅ​ខ្លាំង​ ត្រូវ​បាញ់​ទឹក​ច្រើន​ដង​ ប៉ុន្តែ​បើ​ផ្កា​វា​ធំៗ​ហើយ​ យើង​បន្ថយ​ទឹក​វិញ ​កុំ​ឱ្យវា​​រីកមុន​កាល​កំណត់​​។ ពេល​ខ្លះ​​វា​ចេញ​លឿន រីក​អស់​មិន​បាន​លក់​ក៏​មាន​»៕ 
 

Tag:
 សង្គម​
  ផ្កា​
  ផ្កាអង្គាសីល​
  មុខរបរ
© រក្សាសិទ្ធិដោយ thmeythmey.com