អន្តរជាតិ
ប្រេស៊ីល ប្រកាសអាសន្នផ្នែកសុខាភិបាលក្រោយកុមារជនជាតិ Yanomami ស្លាប់ដោយសារកង្វះអាហារូបត្ថម្ភ​
23, Jan 2023 , 5:29 pm        
រូបភាព
ជនជាតិដើមភាគតិច Yanomami ។ រូបថត AFP
ជនជាតិដើមភាគតិច Yanomami ។ រូបថត AFP
ក្រសួងសុខាភិបាលប្រេស៊ីល ថ្មីៗនេះ បានប្រកាសអាសន្នផ្នែកសុខាភិបាលនៅតំបន់របស់ប្រជាជនជនជាតិភាគតិច Yanomam​i ដែលជាតំបន់អភិរក្សជនជាតិដើមភាគតិចដ៏ធំបំផុតរបស់ប្រទេសជាប់ព្រំដែនជាមួយវេណេស៊ុយអេឡា។ ការប្រកាសនេះធ្វើឡើងបន្ទាប់ពីមានរបាយការណ៍ពីការស្លាប់របស់កុមារជាច្រើនដោយសារកង្វះអាហារូបត្ថម្ភ និងជំងឺផ្សេងទៀតបណ្តាលមកពីការជីកយករ៉ែមាសខុសច្បាប់ក្នុងប្រទេស។


បើតាមក្រឹត្យមួយដែលបានចេញផ្សាយនៅទី២០​ ខែមករា ដោយរដ្ឋាភិបាលថ្មីរបស់ប្រធានាធិបតី Luiz Inacio Lula da Silva ការប្រកាសអាសន្នផ្នែកសុខាភិបាលថ្មីនេះមានគោលបំណងស្តារសេវាសុខភាពដល់ប្រជាជន Yanomami ដែលត្រូវបានប៉ះពាល់ដោយសកម្មភាពរដ្ឋាភិបាលមុន។
 
ក្នុងរយៈពេល ៤ ឆ្នាំឆ្នាំនៃការកាន់តំណែងជាប្រធានាធិបតីរបស់លោក Jair Bolsonaro កុមារប្រមាណ៥៧០នាក់បានស្លាប់ដោយសារជំងឺដែលអាចព្យាបាលបានដូចជា ការកង្វះអាហារូបត្ថម្ភ គ្រុនចាញ់ រាគ និងភាពមិនប្រក្រតីដែលបណ្តាលមកជាតិបារតដែលប្រើប្រាស់ដោយអ្នកជីករ៉ែមាស។ នេះបើតាមវេទិកាសារព័ត៌មាន Amazon Sumauma ដែលដកស្រង់ទិន្នន័យពីច្បាប់ស្តីពីសេរីភាពព័ត៌មាន (FOIA)។ 
 
កាលពីថ្ងៃទី២១ ខែមករា លោកប្រធានាធិបតី Luiz Inacio Lula da Silva​ បានទៅពិនិត្យមើលមណ្ឌលសុខភាពក្នុងរដ្ឋ Roraima បន្ទាប់ពីការផ្សព្វផ្សាយរូបភាពរបស់កុមារ បុរសវ័យចំណាស់ និងស្ត្រីដែលឃើញតែស្បែកដណ្ដប់ឆ្អឹងរបស់ពួកគេ។ 
 
«ធ្ងន់ធ្ងរជាងវិបត្តិមនុស្សធម៌ អ្វីដែលខ្ញុំបានឃើញនៅ Roraima គឺអំពើប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មគិតទុកជាមុនប្រឆាំងនឹងជនជាតិ Yanomami ដែលប្រព្រឹត្តដោយរដ្ឋាភិបាលគ្មានការការយល់ដឹងពីភាពឈឺចាប់»។ លោក Lula បានសរសេរលើបណ្តាញសង្គម Twitter របស់លោកបែបនេះ។ 
 
ក្រោយការប្រកាសអាសន្ននេះ រដ្ឋាភិបាលប្រេស៊ីលបានប្រកាសពីការផ្គត់ផ្គង់កញ្ចប់អាហារដល់ប្រជាជន Yanomami ប្រមាណ២៦,០០០នាក់ដែលកំពុងរស់នៅក្នុងតំបន់អភិរក្សព្រៃទឹកភ្លៀង និងតំបន់ត្រូពិច savanna មានទំហំប៉ុនព័រទុយហ្គាល់។
 
គួរបញ្ជាក់ថា​ តំបន់អភិរក្សនេះ ត្រូវបានលុកលុយដោយអ្នករុករករ៉ែមាសខុសច្បាប់អស់ជាច្រើនទសវត្សរ៍មកហើយ។ ការលុកលុយនេះបានកើនឡើងចាប់តាំងឆ្នាំ ២០១៨ មកក្រោយលោក Bolsonaro បានឈ្នះឆ្នោតនិងសន្យាថា នឹងអនុញ្ញាតឱ្យមានការជីកយករ៉ែធម្មជាតិនៅលើដីអភិរក្សដោយស្របច្បាប់។ 
 
យ៉ាងណាមិញ បើតាមលោក Estevao Senra អ្នកស្រាវជ្រាវនៅវិទ្យាស្ថាន Socioambiental ដែលជាអង្គការក្រៅរដ្ឋាភិបាលការពារសិទ្ធិជនជាតិដើមភាគតិច​ អ្នកជីករ៉ែមាសមួយចំនួនបានចាប់ផ្តើមចាកចេញពីតំបន់អភិរក្សដ្បិតភ័យខ្លាចពីប្រតិបត្តិការបង្ក្រាបរបស់រដ្ឋាភិបាលលោក Lula។ 
 
លើសពីនេះ លោក Lulaបានសន្យាថា រដ្ឋាភិបាលថ្មីនឹងបញ្ចប់ការជីកយករ៉ែមាសដោយខុសច្បាប់ ហើយខ្លួនកំពុងចាត់វិធានការបង្ក្រាបការកាប់បំផ្លាញព្រៃឈើខុសច្បាប់នៅតំបន់ Amazon ដែលបានកើនឡើងដល់កម្រិតខ្ពស់ក្នុងរយៈពេល១៥ឆ្នាំនេះក្រោមការដឹកនាំរបស់លោក Bolsonaro៕
 

Tag:
 ប្រេស៊ីល
© រក្សាសិទ្ធិដោយ thmeythmey.com