អន្តរជាតិ
សង្រ្គាមចូលខែទី១១ អ៊ុយក្រែនអំពាវនាវរកជំនួយយោធាបន្ថែម
24, Jan 2023 , 6:19 pm        
រូបភាព
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី។ រូបភាពយកពី UKRAINIAN WORLD CONGRESS
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី។ រូបភាពយកពី UKRAINIAN WORLD CONGRESS
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃទី២៣ ខែមករា បានអំពាវនាវឱ្យមានការបង្រួបបង្រួមនៅក្នុងប្រទេស និងស្នើសុំជំនួយយោធាបន្ថែមទៀតពីសំណាក់លោកខាងលិចដើម្បីទប់រុស្ស៊ី ក៏ដូចជាដណ្តើមដែនដីដែលបាត់បង់ត្រលប់មកវិញ។
 
មកទល់ពេលនេះ រុស្ស៊ី នៅតែបន្តវាយប្រហារលើអ៊ុយក្រែន ខណៈសន្តិភាព នៅតែមិនទាន់មានពន្លឺនៅឡើយ។ ស្របពេលសង្រ្គាមឈានចូលខែទី១១ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអំពាវនាវឱ្យប្រជាជនក្នុងប្រទេសរួបរួមគ្នា និងស្នើអាវុធបន្ថែម។​
 
«ថ្ងៃទី២៤ ខែមករា ជាខែទី១១ នៃសង្រ្គាម ដែលជំរុញឱ្យមានការបង្រួបបង្រួមសម្រាប់កងកម្លាំងទាំងអស់ ដើម្បីជាប្រយោជន៍របស់ប្រទេស»។ ប្រធានាធិបតីអ៊ុយក្រែន បានសង្កត់ធ្ងន់បែបនេះ នៅក្នុងវីដេអូចេញនៅថ្ងៃទី២៣ ខែមករា ដោយបន្តថា កិច្ចការការទូតដ៏ពិបាក បានផ្តល់លទ្ធផលក្នុងការពង្រឹងសមត្ថភាពការពារជាតិអ៊ុយក្រែន។ 
 
កន្លងមក លោក ហ្សេលេនស្គី បានស្នើសុំរថក្រោះ ដែលផលិតដោយអាល្លឺម៉ង់ និងអាវុធផ្សេងទៀតពីលោកខាងលិច ដើម្បីទប់ជាមួយកងកម្លាំងរុស្ស៊ី។ អាល្លឺម៉ង់ ស្ទាក់ស្ទើរក្នុងការផ្តល់រថក្រោះ Leopard 2 ដោយសារបារម្ភពីបញ្ហាសន្តិសុខ។ យ៉ាងណាមិញ អាល្លឺម៉ង់ មិនបានជំទាស់ឡើយ ប្រសិនបើប៉ូឡូញផ្តល់រថក្រោះប្រភេទនេះដល់អ៊ុយក្រែន។ 
 
ក្នុងវីដេអូដដែល លោកហ្សេលេនស្គី បានប្តេជ្ញា មិនបង្ហាញពីភាពទន់ខ្សោយរបស់ខ្លួន នៅចំពោះមុខរុស្ស៊ី​ឡើយ។ ទន្ទឹមនេះ មេដឹកនាំអ៊ុយក្រែន ក៏បានអរគុណដល់កងកម្លាំងជួរមុខរបស់ខ្លួនផង។ 
 
សូមបញ្ជាក់ថា រុស្ស៊ី នៅតែបន្តវាយប្រហារនៅតំបន់ដូណេត្ស ដែលស្ថិតនៅភាគខាងកើតអ៊ុយក្រែន និងក្រុង Zaporizhzhia ដែលស្ថិតនៅភាគខាងត្បូង។​ មិនតែប៉ុណ្ណោះ រុស្ស៊ី បានធ្វើសមយុទ្ធរួមជាមួយបេឡារុសថែមទៀត ដើម្បីបន្តដាក់សម្ពាធយោធាលើអ៊ុយក្រែន។
 
ទាក់ទងរឿងនេះដែរ អ្នកនាំពាក្យវិមានក្រេមឡាំង លោក Dmitry Peskov បានព្រមានពីភាពរងគ្រោះរបស់ប្រជាជនអ៊ុយក្រែន។
 
«ពិតប្រាកដណាស់ ប្រទេសទាំងអស់ ដែលបញ្ជូនអាវុធដោយផ្ទាល់ ឬមិនផ្ទាល់ទៅអ៊ុយក្រែន រួមទាំងបង្កើនកម្រិតបច្ចេកវិទ្យា ត្រូវទទួលខុសត្រូវចំពោះការបន្តនៃជម្លោះ»។ លោក Peskov បានសង្កត់ធ្ងន់បែបនេះ ដោយបន្តថា បញ្ហាដែលសំខាន់ គឺប្រជាជនអ៊ុយក្រែន នឹងត្រូវរងគ្រោះ ចំពោះការគាំទ្រដោយឥតអៀនខ្មាស៕
 
 

Tag:
 អ៊ុយក្រែន
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com